បុគ្គល​ណា​មួយ​នៅពេល​មិន​ទាន់​ប្រព្រឹត្ត​បទល្មើស​ ឬ​មាន​កំហុស​ផ្នែក​ព្រហ្មទណ្ឌ​គឺ​បុគ្គល​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ប្រកប​ការងារ​របស់​ខ្លួន​ ឬ​ការនិយាយ​ស្តី​។ នេះ​បើ​ផ្អែក​តាម​ផ្លូវ​ច្បាប់​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​បុគ្គល​ណា​មួយ​ប្រព្រឹត្ត​បទល្មើស​ខុស​នឹង​ច្បាប់​គឺ​បុគ្គល​នោះ​ត្រូវ​មាន​ទោស ហើយ​ក៏​ត្រូវ​បាត់បង់​សិទ្ធិ​មួយ​ផ្នែក​ខ្លះ​ដែរ​។

ដើម្បី​បាន​ជ្រាប​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

ឧបមា​ថា​ជន​ម្នាក់​គាត់​បាន​បង្ក​បទល្មើស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​។ តើ​អាច​ចាត់​ទុក​ថា​គាត់​ត្រូវ​បាត់បង់​សិទ្ធិ​តាំងពី​ពេល​នោះ​មក​ ឬ​គាត់​បាត់​សិទ្ធិ​នៅ​ដំណាក់កាល​ណា​ខ្លះ បន្ទាប់ពី​ការឃាត់​ខ្លួន​នោះ ?

ដូច​សំណួរ​ដែល​លោក​បាន​សួរ​ថា ជន​ម្នាក់​ត្រូវ​បាន​បង្ក​បទល្មើស​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​។ ​និយាយ​ពី​ផ្លូវ​ច្បាប់​សួរថា តើ​ជន​នោះ​អាច​ចាត់ទុក​ថា​គាត់​ត្រូវ​បាត់បង់​សិទ្ធិ​តាំងពី​ពេល​នោះ​មក​ដែរ​ឬ​យ៉ាង​ណា​?

ជុំវិញ​ករណី​នេះ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​គឺ​ជន​នោះ​ត្រូវ​បាន​បាត់បង់​សិទ្ធិ​មួយ​ផ្នែក​ហើយ ពោល​គឺ​បើ​សមត្ថកិច្ច​ឃាត់​ខ្លួន​គាត់​ហើយ​នោះ​បាន​ន័យ​ថា​ជន​នោះ​បាត់បង់​សិទ្ធិ​ក្នុង​ការ​ដើរហើរ​ហើយ​។ ជន​នោះ​បាន​បាត់បង់​សិទ្ធិ​ចាប់​តាំងពី​ពេល​ដែល​​សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ល៉េះ​។

ជន​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ ហេតុអ្វី​ជន​នោះ​ត្រូវ​បាន​ដកហូត​សិទ្ធិ​មួយ​ផ្នែក​ខ្លះ​?

ក្រោយពី​ជន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ និង​ត្រូវ​បាត់បង់​សិទ្ធិ​ដើរហើរ​មែន ប៉ុន្តែ​សិទ្ធិ​អ្វីៗ​ផ្សេង​ទៀត​ជន​នោះ​នៅ​មាន​ដដែល​ដូចជា សិទ្ធិ​បញ្ចេញមតិ​ជាដើម​។ ​ជន​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​មែន តែ​គាត់​មាន​សិទ្ធិ​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​ឲ្យ​គ្រួសារ​បាន​ដឹង​ថា គាត់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​គាត់​។ ​ម្យ៉ាង​ការ​ផ្តល់​ព័ត៌មាន​របស់​គាត់​ក៏​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​គាត់​រក​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​ឲ្យ​គាត់​អ៊ីចឹង​ទៅ​។ ​ឥឡូវ​នេះ​គាត់​ក្លាយ​ជា​ជន​គម្ហាត់​ទេ ក៏ប៉ុន្តែ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ ឬ​សិទ្ធិ​អី​ផ្សេងៗ​ទៀត​គឺ​គាត់​នៅ​មាន​ទាំងអស់​ហ្នឹង​។

នៅ​ពេល​ជនជាប់ចោទ​ត្រូវ​បាត់បង់​សិទ្ធិ​មួយ​ផ្នែក​ខ្លះ ចុះ​ពេល​ជំនុំ​ជម្រះក្តី តើ​ជន​នោះ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​អ្វី​ខ្លះ​ដល់​គាត់​នៅពេល​សវនាការ​? ​ផ្អែក​លើ​មាត្រា​ណា​ខ្លះ ?

ការដែល​ត្រូវ​បាន​ដកសិទ្ធិ​ពី​ជន​នោះ​មួយ​ផ្នែក​ខ្លះ​គឺ​ដោយសារ​តែ​គាត់​ជា​ជន​គម្ហាត់​ (​ការ​​ឃាត់​ខ្លួន​) ​ផ្នែក​ព្រហ្មទណ្ឌ​ហើយ​​អ៊ីចឹង​គាត់​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ព្រហ្មទណ្ឌ​។ អ៊ីចឹង​គាត់​ត្រូវ​បាន​ទទួល​ទណ្ឌកម្ម​ផ្នែក​វិន័យ​។ ដូចជា ច្បាប់​ដាក់​ទោស​គាត់ បង្ខំ​ដាក់​ទណ្ឌកម្ម​រយៈពេល​ ១ ​ខែ​ ឬ​ ៦ ​ខែ​ ១ ​ឆ្នាំ​ ឬ​ ២ ​ឆ្នាំ​អ៊ីចឹង​ទៅ បើ​គាត់​នៅ​ក្នុង​គុក តើ​គាត់​មាន​សិទ្ធិ​ឯណា​ក្នុង​ការ​ដើរហើរ​នោះ​។

ឥឡូវ​ជន​នោះ​ត្រូវ​ជាប់​ទោស​ហើយ​ត្រូវ​ឃុំ​ក្នុង​ពន្ធនាគារ ចុះ​​នៅពេល​តុលាការ​កោះហៅ​ជន​នោះ​ឲ្យ​ឡើង​ជំនុំជម្រះ​តើ​តុលាការ​បាន​ផ្តល់​សិទ្ធិ​ផ្នែក​ណា​ខ្លះ​ដល់​គាត់​ក្នុង​ពេល​ជំនុំជម្រះ​?

នៅក្នុង​ពេល​ជំនុំជម្រះ​តុលាការ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​គាត់​ដែល​​ទី​ ១ ​គាត់​មាន​សិទ្ធិ​ពឹងពាក់​មេធាវី​ដោយ​ខ្លួនឯង​។ ​ទី​ ២ ​គាត់​មាន​សិទ្ធិ​ក្នុង​ការនិយាយ​បើ​គាត់​ចង់​និយាយ​ជាមួយ​តុលាការ​គឺ​គាត់​និយាយ​ទៅ ហើយ​បើ​គាត់​ចង់​ឆ្លើយ​ ឬ​មិន​ចង់​ឆ្លើយ​ក៏​ស្រេច​តែ​គាត់​ទៅ និង​ទី​ ៣ ​សិទ្ធិ​ចុងក្រោយ​របស់​គាត់​គឺ​គាត់​ចង់​សំណូមពរ​ទៅ​តុលាការ​។

បើ​គាត់​ទទួល​ស្គាល់​ថា គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​មែន​គឺ​គាត់​ស្នើសុំ​ឲ្យ​តុលាការ​ធ្វើ​យ៉ាង​ណា​ជួយ​បន្ធូរ​បន្ថយ​ទោស​ឲ្យ​គាត់​អ៊ីចឹង​ទៅ​។ ​នេះ​ជា​សិទ្ធិ​របស់​គាត់​ពោល​គឺ​ផ្នែក​ផ្លូវច្បាប់ គាត់​តែងតែ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​រហូត គ្រាន់​តែ​គាត់​គ្មាន​សិទ្ធិ​ក្នុង​ការ​ដើរហើរ​ប៉ុណ្ណឹង តែ​សិទ្ធិ​បញ្ចេញ​មតិ​អី​​គឺ​គាត់​នៅ​មាន​រហូត​។

ចុះ​តើ​ហេតុអ្វី​ទៅ​បាន​ជា​ច្បាប់​ដកហូត​សិទ្ធិ​មួយ​ផ្នែក​ខ្លះ​ពី​ជន​ជាប់ចោទ​?

បាន​ជា​ច្បាប់​កំណត់​ដកហូត​សិទ្ធិ​មួយ​ផ្នែក​ខ្លះ​ពី​ជន​ជាប់ចោទ​ដោយសារ​ថា គាត់​ជា​ជន​គម្ហាត់​ (​ការឃាត់ខ្លួន​) ​ផ្នែក​ព្រហ្មទណ្ឌ​ហើយ​អ៊ីចឹង​គាត់​ត្រូវ​បាន​ដកសិទ្ធិ​ខ្លះ​ដូចជា​សិទ្ធិ​ដើរហើរ​អីហ្នឹង​៕