ការលួចឬប្លន់ទ្រព្យសម្បត្តិ អ្នកដទៃជាទម្រង់នៃបទល្មើសផ្ទុយនឹងច្បាប់ដែលអ្នកប្រព្រឹត្តត្រូវមានទោស។ ប៉ុន្តែចំពោះអ្នកទទួលទិញទំនិញពីចោរ តើត្រូវជាប់ទោសកម្រិតណា? ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយ លោក មេធាវី ផែន ណាក់ មានការិយាល័យនៅជាន់ទី១ នៃ អគារលេខ ៧ B កែងផ្លូវលេខ ១០៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) បានលួចទ្រព្យសម្បត្តិអ្នកដទៃយកទៅលក់ឲ្យលោក (ខ) ក្រោយមកសមត្ថកិច្ចចាប់ខ្លួនលោក (ក) បាន ហើយលោក (ក) ឆ្លើយប្រាប់ថាទ្រព្យនោះគាត់យកទៅលក់ឲ្យលោក (ខ) នាំឲ្យសមត្ថកិច្ចឈានទៅចាប់លោក (ខ) ទៀត។ តាមច្បាប់តើរវាងលោក (ក) និងលោក (ខ) មួយណាទោសធ្ងន់ជាង ហេតុអ្វី?
ពាក់ព័ន្ធនឹងចំណុចទី១ ជាគោលការណ៍ច្បាប់បទល្មើសលួចនៅក្នុងមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសទទួលផលចោរកម្មនៅមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ គឺបានចែងយ៉ាងច្បាស់អំពីទោសដែលទោសនោះ គឺសំដៅទៅលើទោសធម្មតានៅពេលដែលមិនទាន់មានអ្វីកើតឡើងក្រៅអំពីបទលួច និងបទទទួលផលចោរកម្ម។ នៅក្នុងករណីនេះបទលួចមាត្រា ៣៥៣ ចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិ។បើតាមមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ គឺអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល។
ទោសទទួលផលចោរកម្មដែលមានចែងនៅមាត្រា ៣៩៩ នៃក្រមព្រហ្មទណ្ឌដែរនោះ ចែងថា អំពើទទួលផលចោរកម្ម គឺជាអំពើលាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវចាត់ទុកជាអំពើទទួលផលចោរកម្មផងដែរៈ ១-អំពើធ្វើជាអន្តរចារី ដើម្បីបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថា របស់នោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។ ទី២-អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយបានដឹងហេតុការណ៍ច្បាស់។
ចំពោះទោសទទួលផលចោរកម្មវិញ គឺទោសដែលមានចែងនៅក្នុងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ ដែលចែងដែរថា អំពើទទួលផលចោរកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀល។ ពាក់ព័ន្ធនឹងអំពើទទួលផលចោរកម្មនេះដែរ នៅត្រង់មាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌក៏បានចែងដែរថា អំពើទទួលផលចោរកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ កាលបើបទល្មើសនេះបានប្រព្រឹត្តឡើង៖ ទី១-ជាទម្លាប់,ទី២-ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។ ទី៣-ជាក្រុមមានការចាត់តាំង។
ចំពោះមាត្រា ៤០២ អតិបរមា នៃទោសពិន័យអាចស្មើ នឹងតម្លៃវត្ថុនៃអំពើទទួលផលចោរកម្ម។ចំពោះសំណួរសួរថា ហេតុអ្វីបានជាច្បាប់តម្រូវឲ្យអ្នកទទួលផលចោរកម្មមានទោសធ្ងន់ជាងអ្នកលួចនោះ?នៅក្នុងអត្ថន័យហ្នឹងគឺជាគោលការណ៍ច្បាប់ដោយឡែក និងដោយស្ថានភាពគេក្រឡេកឃើញថា វាពាក់ព័ន្ធជាមួយនឹងចរិតនៃបទល្មើសនិងចរិតគ្រោះថ្នាក់ និងក្រុមដែលមានការចាត់តាំងឬក៏ក្នុងករណី សកម្មភាពខាងភាគីអ្នកដែលបញ្ជាឬក៏អ្នកដែលទទួលលទ្ធភាពនៃការទិញទំនិញដែលជាកម្មវត្ថុដែលបានមកពីអំពើលួចនេះ។គេសង្កេតឃើញថា ពួកគាត់លោក (ក) និងលោក (ខ) ពេលខ្លះគាត់ដឹងថាអំពើលួចនោះជាកម្មវត្ថុនៃបទល្មើស ប៉ុន្តែពួកគាត់នៅតែធ្វើទៀត ឬនៅតែទិញទៀតហើយពេលខ្លះ គាត់ធ្វើជាទម្លាប់ម្តងហើយម្តងទៀតរហូតដល់ពេលខ្លះគាត់មានក្រុមចាត់តាំងសម្រាប់ខ្លួនគាត់ (អ្នកទទួលទិញ) និងខាងភាគីអ្នកលួចដែលមានជាសេណារីយោមួយច្បាស់លាស់។ អីចឹងវាទៅជាអំពើមួយដែលមិនអាចឲ្យគាត់ជាប់ពន្ធនាគារតិចជាងអ្នកលួចនោះទេ។ ទន្ទឹមនឹងនេះ ដោយយល់ឃើញស្ថានភាពថា គាត់ជាអ្នកអុជអាលចាំទិញរបស់ដែលបានពីការលួចនោះហើយបានជាមានអ្នកលួចនេះ។ ដូចសុភាសិតខ្មែរមួយឃ្លាចែងថា «បើតម្ពក់មិនទៅព្នៅក៏មិនមកដែរ»។
ហេតុអ្វីបានជាច្បាប់កំណត់ឲ្យអ្នកទទួលទិញទ្រព្យសម្បត្តិពីចោរត្រូវមានទោសធ្ងន់ជាងអ្នកលួច បើគាត់គ្រាន់តែទទួលទិញទំនិញពីគេនោះ?
ចំពោះសំណួរទី២ វិញគឺខ្ញុំបានឆ្លើយនៅសំណួរទី១ ហើយ ដែលសួរថា ហេតុអ្វីបានជាអ្នកទិញហ្នឹងមានទោសធ្ងន់ជាងអ្នកលួច។ ប៉ុន្តែ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកអាចយល់ច្បាស់ហើយដែលថា ព្រោះគាត់គ្រាន់តែជាអ្នកទិញទេ។ ខ្ញុំសូមបកស្រាយបន្ថែមថា បើមានអ្នកធានាទិញអ៊ីចឹងអ្នកលួចហ្នឹង គឺប្រាកដជាបានដៃហើយ។ អ៊ីចឹងក្នុងកាលៈទេសៈឧទាហរណ៍ម៉ូតូ ឬឡាន នៅពេលដែលត្រូវចោរលួចបាត់ គឺមានតែយកទៅឲ្យអ្នកទិញឬ ជាងជួសជុលឡាន ឬជាងម៉ូតូ។
ព្រោះជាការពិត ចោរវាគ្មានវិជ្ជាជីវៈច្បាស់លាស់នៅក្នុងការជួសជុល ឡាន ធ្វើម៉ូតូទេ គឺពេលលួចហើយចោរមិនដឹងថា យកឡាន ឬ ម៉ូតូនោះទៅទុកនៅកន្លែងណាទេ មានតែយកទៅលក់ឲ្យជាងជួសជុលឡាន ឬ យកទៅលក់ឲ្យ អ្នកលក់ឡានម៉ូតូ។ អ៊ីចឹងក្នុងទម្រង់ស្ថានភាពហ្នឹងគឺលោក (ក) គិតថា វាងាយស្រួលក្នុងការយកទៅលក់ឲ្យអ្នកប្រើប្រាស់ ឬអ្នកដែលជាជាងឡាន ជាងម៉ូតូស្រាប់។ អ៊ីចឹងក្នុងទំហំហ្នឹងគឺគាត់លក់បានថ្លៃ ឬថោក សំខាន់ ឬមិនសំខាន់ឲ្យតែគាត់បានលុយ ដោយសារតែគាត់អត់។ ករណីនេះ យើងមិនមែនថា យើងកាន់ជើងចោរទេប៉ុន្តែដោយសារស្ថានភាព ហើយ យើងក៏ត្រូវមើលអំពីស្ថានភាពរបស់អ្នកទិញដែរ។អ្នកទិញគាត់មានលុយ ហើយគាត់ដឹងថាកម្មវត្ថុ (ទ្រព្យ ឬវត្ថុ) ហ្នឹងជារបស់ចោរទៀត ប៉ុន្តែ គាត់នៅតែប្រព្រឹត្តបទល្មើសគាត់នៅតែទិញទំនិញពីចោរ ដែលជាកម្មវត្ថុនៃការលួចនេះ។
លោក (ខ) គាត់បានប្រព្រឹត្តបទល្មើសដែលគាត់ជាប់ចោទពីបទទទួលផលចោរកម្មហើយប៉ុន្តែក្នុងកាលៈទេសៈគាត់មិនបានទៅរួមដៃទៅសមគំនិត ឬជាសហចារី ប៉ុន្តែប្រសិនបើគេដឹងថា គាត់ជាអ្នករួមគំនិត ជាអ្នក សមគំនិត ដើម្បីរៀបចំអំពើហ្នឹងគឺគាត់ត្រូវតែទទួលខុសត្រូវព្រហ្មទណ្ឌដូចដែលលោក (ក) គាត់បានប្រព្រឹត្តដែរ។
ប៉ុន្តែនៅក្នុងកាលៈទេសៈហ្នឹង ការប្រព្រឹត្តបទល្មើសដែលលោក (ក) គាត់ប្រព្រឹត្តហ្នឹងបើថាគាត់ប្រព្រឹត្តតែឯង គឺគាត់ទទួលខុសត្រូវតែឯង។ ប៉ុន្តែបើលោក (ខ) គាត់ចូលរួមប្រព្រឹត្តដែរគឺគាត់ក្នុងឋានៈជាសហចារី ឬជាអ្នកផ្តើមគំនិត អ្នកសមគំនិត គឺគាត់នឹងជាប់ទោសដូចលោក (ក) នៅក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស។ នៅក្នុងហ្នឹងលោក (ខ) អាចជាប់ទោសពីបទ ២ គឺទី១ គឺបទទទួលផលចោរកម្ម និងទី២ គឺបទសមគំនិតនៅក្នុងអំពើលួចមានស្ថានទម្ងន់ទោស។ ប៉ុន្តែបើលោក (ក) ជាអ្នកលួចតែឯង គឺគាត់ត្រូវមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌខ្លួនឯង ដែលបើយោងតាមមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌគោលការណ៍ឯកត្តកម្មនៃទោសអ្នកដែលប្រព្រឹត្តគឺគាត់ត្រូវតែទទួលទោសខ្លួនឯង។
ក្នុងករណីលោក (ក) ត្រូវបានជាប់ឃុំក្នុងពន្ធនាគារ ៣ លើករួចមកហើយ ដោយសារការប្រព្រឹត្តលួចដដែល។ ក្រោយពីលោក (ក) ចេញពីពន្ធនាគារ គាត់ក៏លួចគេម្តងទៀត និងយកទ្រព្យនោះទៅលក់ឲ្យលោក (ខ)។ ក្រោយមកលោក (ក) ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយត្រូវតុលាការផ្តន្ទាទោស ពីបទមិនរាងចាល។ សួរថា តើលោក (ខ) នឹងត្រូវតុលាការចោទពីបទមិនរាងចាល ដូចលោក (ក) ដែរទេ?
ក្នុងករណីសំណួរទី៤ គឺលោក (ក) ត្រូវបានជាប់ឃុំ ក្នុងពន្ធនាគារ ៣ លើករួចមកហើយ ដោយសារតែគាត់ប្រព្រឹត្តអំពើលួចហើយលើកទី៤ លោក (ក) ត្រូវបានតុលាការចោទប្រកាន់ពីបទមិនរាងចាល។
ក្នុងករណីដែលលោក (ក) គាត់លួចដល់ទៅ ៤ លើក ដែលលើកទី១ ទី២ ទី៣ សមត្ថកិច្ចចាប់បានហើយ ដល់លើកទី៤ សមត្ថកិច្ចចាប់បានគឺគេអាចចោទពីបទមិនរាងចាលហើយ។ នៅក្នុងបទល្មើសហ្នឹងគឺលោក (ក) បានលួចម្តងហើយម្តងទៀត គឺគាត់ត្រូវទទួលការចោទប្រកាន់ពីបទមិនរាងចាល និងត្រូវមានទោសទ្វេដងហើយ។
ចំពោះលោក (ខ) វិញសួរថា ការលួចទាំង ៤ លើក របស់លោក (ក) ហើយលើកទី៤ គាត់បានយកវត្ថុតាងលួចនោះទៅលក់ឲ្យលោក (ខ) សួរថាតើលោក (ខ) គាត់នឹងទទួលទោសពីបទមិនរាងចាលដូចលោក (ក) ដែរទេ? ក្នុងករណីនេះ ប្រហែលជាលោក (ខ) មិនបានទទួលទោសដូចលោក (ក) ទេ បានសេចក្តីថា លោក (ខ) ជាប់ទោសចោទប្រកាន់តែលើកចុងក្រោយទេ (ទិញរបស់ចោរលើកទី៤) ហើយលោក (ខ) ក៏មិនត្រូវបានតុលាការចោទប្រកាន់ពីបទមិនរាងចាលដូចលោក (ក) ទេ។ ដោយសារតែគាត់មិនបានជាប់ពន្ធនាគារ ដូចលោក (ក) រហូតដល់ ៣ លើក៕