ទំនាស់ដីធ្លីនៅតែជាបញ្ហាដែលករណីខ្លះអ្នករស់នៅ និងអាស្រ័យផលលើដីនោះត្រូវបានអាជ្ញាធរមូលដ្ឋានដឹងឮ និងខ្លះត្រូវបានហាមឃាត់ មិនឲ្យរស់នៅលើដីនោះដោយសំអាងថា គ្មានប្លង់ត្រឹមត្រូវ។ចំណែកខ្លះទៀតត្រូវបានគេជួលឲ្យភ្ជួររាស់លើដីនោះតែត្រូវសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែអ្នកជួលមិនត្រូវបានឃាត់ខ្លួនដែរទេ។
ជុំវិញមូលហេតុនៃការឃាត់ខ្លួនអ្នកស៊ីឈ្នួលនេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក ផុន ធារិន ជាមេធាវីនៃក្រុមហ៊ុនមេធាវី លីហ្គលសៀល មានការិយាល័យផ្ទះលេខ ១០ ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដូចខាងក្រោម៖
ឧបមាថា មានពលរដ្ឋបានជួលលោក (ក) ឲ្យភ្ជួរដីដាំដំណាំ ប៉ុន្តែពេលកំពុងភ្ជួរ ស្រាប់តែនគរបាលទៅឃាត់ខ្លួនគាត់ (អ្នកស៊ីឈ្នួលភ្ជួរ) ដោយចោទថា ភ្ជួរលើដីរបស់រដ្ឋ។ ចំណែកអ្នកជួលមិនត្រូវបានឃាត់ខ្លួនទេតើហេតុអ្វី? ប៉ុន្តែមុនឃាត់ខ្លួននោះសមត្ថកិច្ចថា បានជូនដំណឹងទៅតុលាការហើយ។ រីឯមេភូមិអះអាងថា ដីនោះពលរដ្ឋធ្វើស្រែជាង ២០ ឆ្នាំមកហើយ។ សួរថា អាជ្ញាធរតំណាងឲ្យរដ្ឋ ដូច្នេះហេតុអ្វីក៏សមត្ថកិច្ចមិនជឿបែរជាជឿតុលាការទៅវិញ?
មានរឿងជាច្រើនក្នុងសង្គមបច្ចុប្បន្នដែលពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ។ ករណីខ្លះ ទំនាស់ដីធ្លីកើតចេញពីភាពមិនច្បាស់លាស់របស់អាជ្ញាធរមូលដ្ឋាន មិនបានជូនដំណឹងអំពីសេចក្តីណែនាំ អនុក្រឹត្យបទដ្ឋានគតិយុត្តនានា ឬការអន្តរាគមន៍ទប់ស្កាត់ឲ្យទាន់ពេលវេលាចំពោះការចូលកាន់កាប់ដីខុសច្បាប់របស់ពលរដ្ឋ ឬឈ្មួញជាដើម។
ម្យ៉ាងទៀត វិវាទក៏អាចកើតចេញពីការឃុបឃិតរបស់ជនឱកាសនិយមដោយទាញយកប្រយោជន៍តាមរយៈការកាប់ឆ្ការដីរបស់ពលរដ្ឋ ដែលពួកគេបានចំណាយពេលវេលា ថវិកា កម្លាំងញើសឈាម ដើម្បីសម្អាត និងដាំដុះដំណាំលើដីទាំងនោះ ហើយពួកឆ្លៀតឱកាសទាំងនោះ ក៏ប្រើវិធីគាបសង្កត់ប្រជាពលរដ្ឋឲ្យចាកចេញពីទីតាំងដីនោះក្រោមហេតុផលថា ជាដីរដ្ឋ ឬដីជម្រកព្រៃឈើ។ល។
យើងងាកមកសំណួរខាងលើនេះវិញ ចំណុចសំខាន់នៃសំណួរនេះ ថាតើការកាន់កាប់ដីរបស់ពលរដ្ឋដែលមេភូមិបានអះអាងនោះ គាត់បានកាន់កាប់ និងអាស្រ័យផលលើភោគៈនេះ តាំងពីពេលណាមក ហើយពួកគាត់មានអ្វីមកបញ្ជាក់លើការកាន់កាប់របស់ពួកគាត់។ រីឯការឃាត់ខ្លួន លោក (ក) ត្រូវបង្ហាញភ័ស្តុតាងទៅសមត្ថកិច្ច ឬតុលាការថា ខ្លួនមិនមែនជាអ្នកកាន់កាប់ដី និងអាស័្រយផលទេ ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលភ្ជួរដីប៉ុណ្ណោះ។
ក្នុងករណីលោក (ក) បង្ហាញថា ខ្លួនជាមនុស្សសុចរិត មិនពាក់ព័ន្ធជាមួយការកាន់កាប់ដីរដ្ឋនោះទេ ឬទំនាស់នេះលោក (ក) ចាំបាច់ត្រូវដោះលែងឲ្យមានសេរីភាពវិញ។ ដោយឡែកការឃាត់ខ្លួនលោក (ក) ប្រហែលកើតចេញពីបណ្តឹងរបស់សាមីអង្គភាព ឬចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ចំពោះការប្រព្រឹត្តបទល្មើសជាក់ស្តែងដែលសង្ស័យថា លោក (ក) ជាអ្នកប្រព្រឹត្ត។ ចំពោះលោក (ក) ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ បានស្នើសុំគោលការណ៍ឃាត់ខ្លួនពីព្រះរាជអាជ្ញាជាមុន ជាការអនុវត្តត្រឹមត្រូវតាមនីតិវិធីព្រហ្មទណ្ឌ។
ការចោទជាសំណួរថា៖ អាជ្ញាធរមូលដ្ឋានតំណាងឲ្យរដ្ឋ ដូច្នេះហេតុអ្វីបានជាសមត្ថកិច្ចមិនជឿបែរជាទៅជឿតុលាការដែល មិនមែនអាជ្ញាធរដែនដីទៅវិញ? យើងត្រូវដឹងអំពីភារកិច្ច និងតួនាទីរបស់មន្រ្តីនគរបាលយុត្តិធម៌ ដែលអនុវត្តទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។
ក្នុងប្រព័ន្ធយុត្តិធម៌ តុលាការវិនិច្ឆ័យផ្អែកលើភ័ស្តុតាង អង្គហេតុនិងអង្គច្បាប់។ ក្នុងករណីនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន (មេភូមិ) ត្រូវតវ៉ាចំពោះមុខតុលាការ និងស្ថាប័នពាក់ព័ន្ធ ដោយបញ្ជាក់អង្គហេតុ និងភ័ស្តុតាង ដើម្បីឲ្យតុលាការ និងស្ថាប័នពាក់ព័ន្ធទាំងនោះ សម្រេចផ្តល់សិទ្ធិកាន់កាប់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ។
(សូមរង់ចាំអានវគ្គបន្តនៅសប្ដាហ៍ក្រោយ)