ការទិញលក់របស់របរនាពេលបច្ចុប្បន្ន មានខ្លះបានធ្វើតាមវិធីបង់រំលស់។ ប៉ុន្តែក្នុងករណីអ្នកទិញមិនគោរពតាមការសន្យា តើក្រុមគ្រួសារ ឬឪពុកម្ដាយជាប់កាតព្វកិច្ចបង់ប្រាក់ជំនួសឬទេ? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ផុន ធារិន ដែលមានការិយាល័យធ្វើការនៅបុរីឌឺរ៉ូយ៉ាល់មេគង្គ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា កូនប្រុសលោក (ក) បានទិញម៉ូតូបង់រំលស់ ប៉ុន្តែបន្ទាប់ពីទិញបានគឺគេមិនព្រមបង់លុយប្រចាំខែឲ្យទៅក្រុមហ៊ុនលក់ម៉ូតូទេ។ ម្យ៉ាងកាលពីពេលទិញម៉ូតូ កូននោះគេក៏មិនបានប្រាប់ឪពុកម្តាយឲ្យដឹងដែរ ហើយខាងក្រុមហ៊ុនបានមកទារលុយពីឪពុកម្តាយតែពួកគាត់ប្រកែក ខណៈពួកគាត់មិនបានចុះហត្ថលេខា ឬផ្តិតមេដៃទទួលស្គាល់ថា កូនពួកគាត់ពិតជាបានទិញម៉ូតូនោះ។ ក្នុងករណីនេះ តើទាមទារឲ្យឪពុកម្ដាយត្រូវតែចេញសងជំនួស ឬយ៉ាងណា?
ជារឿយៗក្រុមហ៊ុនលក់យានយន្តដោយប្រើសេវាកម្មបង់រំលស់ឲ្យអតិថិជន តែងតែមានគោលការណ៍របស់ខ្លួនជាក់លាក់។ ករណីខាងលើនេះ កូនលោក (ក) បានទិញម៉ូតូពីក្រុមហ៊ុនលក់ម៉ូតូ ដោយបានបំពេញបែបបទតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។ ក្នុងន័យនេះមុននឹងក្រុមហ៊ុនលក់ម៉ូតូអនុម័តផ្តល់សេវាកម្មបង់រំលស់គឺក្រុមហ៊ុននោះបានសិក្សាមើលពីលទ្ធភាពរបស់កូនលោក (ក) រួចហើយថា តើគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ប្រាក់សងត្រឡប់មកក្រុមហ៊ុនលក់ម៉ូតូដែរឬទេ? ឬក៏មានអ្នកធានាលើកាតព្វកិច្ចសងប្រាក់ទៅក្រុមហ៊ុនដែរឬយ៉ាងណា?
ផ្អែកតាមអង្គហេតុខាងលើកូនរបស់លោក (ក) មានសមត្ថភាពគ្រប់គ្រាន់ចំពោះសិទ្ធិ និងកាតព្វកិច្ចជាមួយក្រុមហ៊ុនលក់ម៉ូតូដោយកូនលោក (ក) បានបង្កើតកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការទទួលយកសេវាកម្មទិញម៉ូតូបង់រំលស់។ រីឯលោក (ក) វិញ មិនបានចូលរួមពាក់ព័ន្ធការលក់ទិញនោះទេ។ ដូច្នេះលោក (ក) មិនបានបង្កើតសិទ្ធិ និងកាតព្វកិច្ចជាមួយក្រុមហ៊ុនលក់ម៉ូតូឡើយ។ ចំណែកឯក្រុមហ៊ុនលក់ម៉ូតូក៏មិនមានទំនាក់ទំនងសិទ្ធិលើបំណុលចំពោះលោក (ក) ដែលតម្រូវឲ្យលោក (ក) សងប្រាក់ជំនួសទៅឲ្យក្រុមហ៊ុននោះដែរ។
ចុះបើពេលទិញម៉ូតូបង់រំលស់នោះកូនប្រុសលោក (ក) បានលួចយកសៀវភៅគ្រួសាររបស់លោក (ក) ដាក់តម្កល់នៅក្រុមហ៊ុនម៉ូតូតែលោក (ក) មិនបានដឹង។ បើមានភ័ស្តុតាងបែបនេះហើយ តើលោក (ក) អាចប្រកែកបានទេ?
ដូចដែលបានបញ្ជាក់អត្ថបទកន្លងមកដែរ សៀវភៅគ្រួសារ អត្តសញ្ញាប័ណ្ណ ឬឯកសារទាំងឡាយដែលមានតម្លៃគ្រាន់តែជាឯកសារបញ្ជាក់ពីអត្តសញ្ញាណសមាជិកគ្រួសារ និងអត្តសញ្ញាណសម្គាល់ខ្លួនរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ មិនមានតម្លៃណាមួយដែលអាចចាត់ទុកជាទ្រព្យសម្រាប់ធានាលើបំណុលបានឡើយ។
ក្នុងករណីខាងលើ ទោះបីជាកូនលោក (ក) បានលួចយកសៀវភៅគ្រួសារ ឬលោក (ក) អនុញ្ញាតឲ្យយកសៀវភៅគ្រួសារមកប្រើប្រាស់ក៏ដោយ ក៏លោក (ក) នៅតែមិនមានកាតព្វកិច្ចតាមផ្លូវច្បាប់ទទួលខុសត្រូវសងប្រាក់ទៅក្រុមហ៊ុនលក់ម៉ូតូនោះឡើយ។ ក្រុមហ៊ុនលក់ម៉ូតនេះអាចធ្វើតាមគោលការណ៍ក្រុមហ៊ុន ឬនីតិវិធីច្បាប់ដើម្បីដកហូត ឬរឹបអូសយកម៉ូតូនោះវិញបាន។
ក្នុងករណីនេះបើក្រុមហ៊ុនលក់ម៉ូតូយកសៀវភៅគ្រួសារលោក (ក) នោះ តើការប្តឹងទៅតុលាការត្រឹមត្រូវតាមច្បាប់ឬទេ ខណៈគាត់ប្រកែកថា សៀវភៅគាត់ត្រូវបានកូនលួច?
ដូចដែលបានបញ្ជាក់ក្នុងសំណួរទី ២ ខាងលើ សៀវភៅគ្រួសារមានតម្លៃគ្រាន់តែជាឯកសារបញ្ជាក់ពីអត្តសញ្ញាណសមាជិកគ្រួសារប៉ុណ្ណោះ មិនមែនជាកម្មវត្ថុដែលច្បាប់កំណត់ក្នុងការធ្វើសកម្មភាពបណ្តឹងទាមទារសិទ្ធិលើបំណុលឡើយ។
ប៉ុន្តែក្រុមហ៊ុនអាចប្រើឯកសារនេះមានតម្លៃជាភ័ស្តុតាងសម្រាប់ធ្វើសកម្មភាពបណ្តឹងឲ្យកូនលោក (ក) ទទួលខុសត្រូវលើបំណុលបាន។
ចុះប្រសិនបើកូននោះមិនទាន់គ្រប់អាយុវិញ តើលោក (ក) ត្រូវតែចេញសងជំនួសកូនគាត់ដែរឬទេ?
ក្នុងករណីកូនលោក (ក) ជាអនីតិជនវិញ នោះកិច្ចសន្យាទិញម៉ូតូបង់រំលស់ ដែលបានបង្កើតជាមួយក្រុមហ៊ុនមិនមានអនុភាពតាមផ្លូវច្បាប់ឡើយ ហើយកិច្ចសន្យាបែបនេះអាចលុបចោលវិញបាន។ ប៉ុន្តែអាណាព្យាបាលត្រូវទទួលខុសត្រូវជាមួយក្រុមហ៊ុនដូចជា ត្រូវប្រគល់ម៉ូតូទៅក្រុមហ៊ុនវិញ ឬចេញសំណងខូចខាតទៅឲ្យក្រុមហ៊ុនជាដើម៕