ជាទូទៅ ប្រសិនបើភាគីណាមួយមានទំនាស់ ឬវិវាទគ្នាក្នុងរឿងអ្វីមួយនោះ ភាគីនោះតែងតែប្តឹងភាគីម្ខាងទៀតដើម្បីឲ្យច្បាប់រកខុសត្រូវជូនខ្លួន។ ជុំវិញការធ្វើពាក្យបណ្តឹង ឬក៏ការប្តឹងអាចធ្វើទៅបាននោះជានីតិវិធីតើអ្នកមានជម្លោះគួរធ្វើដោយវិធីណាខ្លះ?
ដើម្បីបានជ្រាបពីចំណុចនេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក កែវ វ៉ាន្នី ជាមេធាវីនៅការិយាល័យមេធាវីយុត្តិធម៌អាស៊ីដែលមានអាសយដ្ឋានផ្ទះលេខ ២៥០ ផ្លូវលេខ ៣១BT ភូមិសន្សំកុសល ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ឧទាហរណ៍ថាពលរដ្ឋម្នាក់នៅក្នុងភូមិមួយគាត់មានទំនាស់ជាមួយភាគីម្ខាងទៀតហើយគាត់ចង់ប្តឹង។ ពេលនោះគាត់ត្រូវប្តឹងនៅកន្លែងណា? ហើយពាក្យបណ្តឹងគួរសរសេរខ្លួនគាត់ ឬទៅកន្លែងទទួលបណ្តឹងនោះ? តើពាក្យបណ្តឹងតម្រូវឲ្យគាត់សរសេរដៃ ឬវាយកុំព្យូទ័រ?
នៅក្នុងករណីនេះយើងខ្ញុំសន្មត និងកំណត់ថាវាជារឿងក្តីរដ្ឋប្បវេណីមិនមែនជារឿងក្តីព្រហ្មទណ្ឌទេ។ នៅក្នុងរឿងក្តីរដ្ឋប្បវេណីគេអាចដោះស្រាយជាមួយគ្នានៅក្រៅប្រព័ន្ធតុលាការបានដោយមិនចាំបាច់តែក្នុងប្រព័ន្ធតុលាការទេ។
ដូច្នេះដើមចោទអាចប្តឹងទៅអាជ្ញាធរមូលដ្ឋានដូចជា ភូមិ និងឃុំ-សង្កាត់ដើម្បីដោះស្រាយ និងសម្របសម្រួលមិនទៅអង្គនគរបាល ឬកងរាជអាវុធហត្ថទេ។
ចំពោះពាក្យបណ្តឹងយើងអាចសរសេរដោយខ្លួនឯងក៏បានមិនចាំបាច់តែទៅយកគំរូពីកន្លែងទទួលប្តឹងនោះទេ សំខាន់គឺយើងអាចដឹងរបៀបសរសេរខ្លះ ហើយរៀបរាប់រឿងហេតុឲ្យអស់សេចក្តី ប៉ុន្តែប្រសិនបើកន្លែងទទួលប្តឹងនោះមានគំរូស្រាប់ជាការងាយស្រួលសម្រាប់យើង។ ពាក្យបណ្តឹងអាចសរសេរដោយដៃក៏បាន ឬវាយកុំព្យូទ័រក៏បាន។
ប្រសិនបើគាត់ប្តឹងនៅប៉ុស្តិ៍នគរបាល តើនេះជាសមត្ថកិច្ចរបស់អាជ្ញាធរជួយសម្រុះសម្រួលឲ្យភាគីត្រូវគ្នាវិញ ឬក៏ត្រូវបញ្ជូនបន្ដទៅកាន់តុលាការ?
ដូចបានបញ្ជាក់ជូនខាងលើប្រសិនបើរឿងក្តីនេះជារឿងក្តីរដ្ឋប្បវេណីមិនមែនជារឿងក្តីព្រហ្មទណ្ឌទេគេអាចដោះស្រាយជាមួយគ្នានៅក្រៅប្រព័ន្ធតុលាការបានដោយមិនចាំបាច់តែក្នុងប្រព័ន្ធតុលាការទេគឺដើមចោទអាចប្តឹងទៅអាជ្ញាធរមូលដ្ឋានដូចជាភូមិឃុំសង្កាត់ដើម្បីដោះស្រាយ និងសម្របសម្រួលមិនទៅអង្គនគរបាល ឬកងរាជអាវុធហត្ថទេ។
ប៉ុន្តែបើភាគីមិនទទួលយកការសម្របសម្រួលរបស់អាជ្ញាធរភូមិឃុំសង្កាត់ទេគេអាចស្នើឲ្យបញ្ជូនរឿងក្តីនេះទៅអាជ្ញាធរស្រុកខេត្តរួចអាចបន្តទៅតុលាការទៀតបាន។
ជាគោលការណ៍តើមានបណ្តឹងណាខ្លះដែលចាត់ថាអាជ្ញាធរក្នុងមូលដ្ឋានអាចដោះស្រាយបាន និងបណ្តឹងណាខ្លះត្រូវបញ្ជូនមកតុលាការ?
ប្រសិនបើរឿងក្តីនេះជារឿងក្តីរដ្ឋប្បវេណីទោះជារឿងប្រភេទអ្វីក៏ដោយមិនមែនជារឿងក្តីព្រហ្មទណ្ឌគេអាចដោះស្រាយ និងសម្របសម្រួលរបស់អាជ្ញាធរភូមិឃុំ សង្កាត់ ស្រុក និងខេត្តបាន។ ចុងក្រោយបើភាគីមិនទទួលយកការសម្របសម្រួលរបស់អាជ្ញាធរភូមិឃុំសង្កាត់ស្រុក និងខេត្តទៀតគេអាចទៅតុលាការបាន។ ចំពោះរឿងក្តីលែងលះមានន័យថាបើប្តីប្រពន្ធមានសំបុត្រអាពាហ៍ពិពាហ៍ចាំបាច់ត្រូវទៅតុលាការដើម្បីលែងលះ។
ប្រសិនបើបណ្តឹងនោះមកដល់តុលាការតើរយៈពេលប៉ុន្មានថ្ងៃទើបខាងតុលាការចាត់ការឲ្យ ឬក៏មិនកំណត់ពេលទេ? ហើយអ្នកប្តឹងត្រូវបង់ប្រាក់ទេ?
បើពាក្យបណ្តឹងដល់តុលាការហើយភាគីអ្នកប្តឹង ឬហៅថាដើមចោទត្រូវបង់ពន្ធដាក់ពាក្យប្តឹង។ ចំពោះតម្លៃវាអាស្រ័យលើប្រភេទនៃបណ្តឹង ឬកម្មវត្ថុនៃការទាមទារ។
ជាគោលការណ៍ទូទៅតុលាការត្រូវកោះហៅភាគីទាំងសងខាងជួបតទល់គ្នាជាលើកទីមួយក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីបានដាក់ពាក្យប្តឹង។
ចំពោះអ្នកប្តឹងនៅតុលាការនេះគេហៅថាដើមបណ្តឹង ឬហៅថាយ៉ាងម៉េច? ឯភាគីម្ខាងទៀតហៅដូចម៉េចដែរ?
ចំពោះភាគីអ្នកប្តឹងគេហៅថាដើមចោទ។ ចំណែកឯអ្នកដែលត្រូវគេប្តឹងហៅថា ចុងចម្លើយ។
តើការប្តឹងមកតុលាការអាចធ្វើបានគ្រប់រឿងឬយ៉ាងណា?
ជាការពិតណាស់ជាគោលការណ៍គ្រប់រឿងក្តីទាំងអស់អាចប្តឹងមកតុលាការដោយផ្ទាល់បានទាំងអស់ដោយមិនចាំបាច់ដាក់ពាក្យប្តឹងទៅអាជ្ញាធរមូលដ្ឋានទេ លើកលែងតែរឿងក្តីខ្លះច្បាប់ ឬបទដ្ឋានគតិយុតិ្តមួយចំនួនតម្រូវឲ្យដោះស្រាយ និងសម្របសម្រួលនៅអាជ្ញាធរ ឬស្ថាប័នពិសេសណាមួយជាមុនសិនមុននឹងបញ្ជូនទៅតុលាការ៕