ជាទូទៅ គេសង្កេតឃើញថានៅកម្ពុជាមានពលរដ្ឋភាគច្រើននៅពេលរៀបអាពាហ៍ពិពាហ៍គឺពុំសូវចុះកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធនោះទេ។ ក៏ប៉ុន្តែប្រសិនបើសហព័ទ្ធសម្រេចចិត្តលែងលះគ្នាគឺត្រូវអនុវត្តតាមប្រព័ន្ធទ្រព្យសម្បត្តិកំណត់ដោយច្បាប់។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី សួន វីរបញ្ញា ប្រធានការិយាល័យមេធាវី ជី.ជី អន្តរជាតិដែលមានការិយាល័យនៅអគារលេខ ២៣០ ដេ (D) ផ្លូវលេខ ២១ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញដូចខាងក្រោម៖
តើទ្រព្យសម្បត្តិណាខ្លះចាត់ទុកជាទ្រព្យដោយឡែក ហើយទ្រព្យណាខ្លះ ចាត់ទុកជារបស់រួមប្ដីប្រពន្ធ?
ជាវិធានកំណត់ទ្រព្យសម្បត្តិនៅពេលប្តីប្រពន្ធមិនមានឆន្ទៈក្នុងការកំណត់ទ្រព្យសម្បត្តិដោយការព្រមព្រៀងជាមុនហើយមានការវិវាទគ្នានោះ គឺត្រូវដោះស្រាយដោយអនុវត្តតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៧ ដែលបានចែងអំពីវិធានផ្លូវច្បាប់ដែលត្រូវយកមកអនុវត្តក្នុងការដោះស្រាយវិវាទទ្រព្យសម្បត្តិក្នុងចំណងអាពាហ៍ពិពាហ៍។
១-ទ្រព្យសម្បត្តិ ដោយឡែកគឺជា ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់សហព័ទ្ធណាម្ខាង (មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី)។ ទ្រព្យសម្បត្តិដោយឡែកមានដូចជា៖
ក. ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍។ ឧទាហរណ៍ លោក ដេវីដ បានទិញឡានតម្លៃ ៥ ម៉ឺនដុល្លារក្នុងឆ្នាំ ២០១៩។ នៅក្នុងឆ្នាំ ២០២០ គាត់បានរៀបការជាមួយកញ្ញា អេលីហ្សា។
ក្នុងករណីនេះយើងឃើញថា ឡានខាងលើត្រូវបានទិញ ហើយក្លាយជាទ្រព្យសម្បត្តិរបស់លោក ដេវីដ តាំងពីឆ្នាំ ២០១៩ (មុនពេលរៀបអាពាហ៍ពិពាហ៍) ដូចនេះ ទោះបីជាគាត់ទាំង ២ នាក់បានរៀបការនឹងគ្នាហើយក៏ដោយ ក៏ឡានខាងលើត្រូវបានចាត់ទុកថា ជាទ្រព្យសម្បត្តិដោយឡែករបស់លោក ដេវីដ។
ខ. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាននៅក្នុងអំឡុងពេលរៀបអាពាហ៍ពិពាហ៍មានន័យថា បើម្ចាស់ទ្រព្យសម្បត្តិនោះធ្វើអំណោយឲ្យទៅប្តី ឬប្រពន្ធទ្រព្យត្រូវចាត់ទុកថាជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះ ទោះបីទ្រព្យសម្បត្តិនោះបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬ ក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយក៏ដោយលើកលែងតែម្ចាស់អំណោយបញ្ជាក់ថា ឲ្យទាំងប្តី និងប្រពន្ធ ទើបទ្រព្យនោះចាត់ទុកថាជាទ្រព្យរួម។ ឧទាហរណ៍លោក រចនា បានចែកដី ១ កន្លែងទំហំ ៤ ហិកតាឲ្យទៅកូនរបស់គាត់ឈ្មោះ សីហៈ ក្នុងឆ្នាំ ២០១៩ ដែលកូនរបស់គាត់បានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ ២០១៨។
ក្នុងករណីនេះដីខាងលើ គឺជាទ្រព្យសម្បត្តិដោយឡែករបស់លោក សីហៈ ដែលគាត់ទទួលបានពីឪពុករបស់គាត់ហើយក្នុងករណីលែងលះប្រពន្ធរបស់គាត់ពុំមានសិទ្ធិទាមទារដីដែលជាទ្រព្យសម្បត្តិដោយឡែកនេះទេ ទោះបីជាដីនេះបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក៏ដោយ។
គ. ទ្រព្យសម្បត្តិដែលជាតម្លៃតបដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិក្នុងចំណុច ក និង ខ ខាងលើនេះឧទាហរណ៍ លោក ដេវីដ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចបានលក់ឡាន ដែលគាត់ទិញតម្លៃ ៥ ម៉ឺនដុល្លារក្នុងតម្លៃ ៣ ម៉ឺនដុល្លារ ហើយគាត់យកលុយនោះទៅទិញខ្សែកពេជ្រ ដូចនេះ ខ្សែកពេជ្រដែលគាត់បានទិញនេះ ក៏ត្រូវចាត់ទុកជាទ្រព្យសម្បត្តិដោយឡែក ព្រោះវាជាតម្លៃតបនៃឡានដែលជាទ្រព្យដោយឡែក។
២. ទ្រព្យសម្បត្តិរួម
បើយោងតាមមាត្រា ៩៧៣ នៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ទ្រព្យសម្បត្តិរួមគឺជាទ្រព្យសម្បត្តិទាំងឡាយណាដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបានក្នុងអំឡុងពេលរៀបការលើកលែងតែទ្រព្យសម្បត្តិដោយឡែកចេញ។ មានន័យថា គឺជាទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធដែលទទួលបានចំណូលពីការងារ ឬពីអត្ថប្រយោជន៍ដែលកើតពីវត្ថុណាមួយ មានដូចជា៖ ប្រាក់ខែ ប្រាក់ចំណូលដែលបានពីការប្រកបរបរអាជីវកម្ម ឬអាស្រ័យផលពី ផ្ទះ ដីឡានទ្រព្យសម្បត្តិដែលទិញក្នុងអំឡុងពេលរៀបការ។
ឧទាហរណ៍ លោក ដេវីដ ទៅបំពេញការងារ ហើយទទួលបានប្រាក់បៀវត្សរ៍ចំនួន ១ ០០០ ដុល្លារក្នុង ១ ខែ ប្រាក់នេះត្រូវចាត់ទុកថាជាទ្រព្យសម្បត្តិរួមក៏ដូចគ្នាដែរប្រសិនបើសហព័ទ្ធរបស់គាត់ទៅបំពេញការងារ ឬធ្វើអាជីវកម្មលក់ដូរបានចំណូល នោះប្រាក់ចំណូលត្រូវចាត់ទុកថា ជាទ្រព្យរួម។
(សូមរង់ចាំអានវគ្គបន្តនៅសប្ដាហ៍ក្រោយ)