
លោក មេធាវី សួន វីរៈបញ្ញា កាលពីពេលកន្លងមក។ រូបថត សហការី
ការរស់នៅក្នុងសង្គមមនុស្សម្នាក់ៗតែងមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនមិនថានៅប្រទេសណានោះទេ។ ក៏ប៉ុន្តែចំពោះសារៈសំខាន់នៃអត្តសញ្ញាណប័ណ្ណគឺមានមនុស្សខ្លះមិនបានដឹងច្បាស់ទេ ជាពិសេសមនុស្សវ័យក្មេងដែលទើបដល់អាយុត្រូវមាន។
ចង់ដឹងថា តើសារៈសំខាន់របស់អត្តសញ្ញាណប័ណ្ណយ៉ាងណានោះ លោកមេធាវី សួន វីរៈបញ្ញា ប្រធានការិយាល័យមេធាវីជីជីអន្តរជាតិមានអាសយដ្ឋាននៅអគារលេខ ២៣០ D ផ្លូវលេខ ២១ ស្ថិតក្នុងភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី-ភ្នំពេញបានពន្យល់តាមរយៈសំណួររបស់ភ្នំពេញប៉ុស្តិ៍ដូចខាងក្រោម៖
ក- តើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាអ្វី?
អត្តសញ្ញាណប័ណ្ណគឺជាបណ្ណដែលប្រជាពលរដ្ឋខ្មែរគ្រប់គ្នាចាំបាច់ត្រូវតែមាន។ អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ក្នុងការបង្ហាញអំពីអត្តសញ្ញាណរបស់បុគ្គលសាមីដែលកាន់កាប់បណ្ណនោះ។ នៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានបង្ហាញព័ត៌មានដូចជា ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាសយដ្ឋាន ភិនភាគរបស់បុគ្គលសាមី។
ប្រជាពលរដ្ឋខ្មែរទាំង ២ ភេទដែលមានអាយុ ១៥ ឆ្នាំឡើងទៅមានសិទ្ធិទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយប្រជាពលរដ្ឋត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ច។
ខ- តើសារៈសំខាន់របស់អត្តសញ្ញាណប័ណ្ណមានអ្វីខ្លះ?
យើងបែងចែកសារៈសំខាន់របស់អត្តសញ្ញាណប័ណ្ណជា ២ ផ្នែកគឺសារៈសំខាន់ចំពោះរដ្ឋ និងសារៈសំខាន់ចំពោះបុគ្គលសាមី។
សារៈសំខាន់ចំពោះរដ្ឋ
- ងាយស្រួលតាមដាន គ្រប់គ្រងរាល់ទិន្នន័យ បុគ្គលគ្រប់រូបដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរ (មិនថា បរទេស ឬខ្មែរ)។
- ងាយស្រួលក្នុងការធ្វើចំណាត់ការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស ដែលច្បាប់ហាមឃាត់
- ងាយស្រួលធ្វើសម្រង់ស្ថិតិ។
សារៈសំខាន់ចំពោះបុគ្គលសាមី
- មានសិទ្ធិពេញលេញដើម្បីធ្វើសកម្មភាព (ការធ្វើកិច្ចសន្យា ការធ្វើបណ្ណបើកបរ ការទទួលបានឈ្មោះជាកម្មសិទ្ធិករតាមរយៈផ្សេង...)
- មានសិទ្ធិពេញលេញក្នុងការតវ៉ាបញ្ចេញមតិ។
- មានសិទ្ធិធ្វើការបោះឆ្នោត។
គ- ក្នុងករណីដែលអ្នកបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើអ្នកត្រូវធ្វើដូចម្តេច?
យោងតាមប្រការ ៩ នៃប្រកាសស្តីពីនីតិវិធី លក្ខខណ្ឌនៃការសុំការផ្តល់ និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងករណីដែលលោកអ្នកបានដឹងអំពីការបាត់អត្តសញ្ញាណប័ណ្ណ សាមីខ្លួនត្រូវទៅកាន់ប៉ុស្តិ៍នគរបាលឃុំសង្កាត់នៃអាសយដ្ឋានរស់នៅរបស់អ្នកបច្ចុប្បន្នដើម្បីដាក់ពាក្យបណ្តឹងអំពីការបាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកមិនឲ្យលើសពី ២៤ ម៉ោង បន្ទាប់ពីដឹងថាបាត់ ប្រសិនបើការបាត់កើតឡើងក្រៅឃុំសង្កាត់ដែលខ្លួនរស់នៅនោះត្រូវជូនដំណឹងទៅកាន់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅមិនឲ្យលើសពី ៤៨ ម៉ោង។ ទម្រង់នៃពាក្យបណ្តឹងនេះគឺអ្នកបាត់នោះអាចស្នើសុំពីមន្ត្រីនគរបាល។
ក្រោយពីបំពេញរួច លោកអ្នកត្រូវយកពាក្យនេះទៅដាក់នៅប៉ុស្តិ៍នគរបាលដើម្បីទទួលបានការដឹងឮពីអាជ្ញាធរ និងទទួលបានហត្ថលេខា និងត្រារបស់ខាងមន្ត្រីនគរបាល។ បន្ទាប់មកយកពាក្យនេះទៅដាក់នៅច្រកចេញចូល ឬកន្លែងទទួលឯកសារនៅរាជធានី/ខេត្តដែលបុគ្គលសាមីរស់នៅ។ បន្តមកទៀតត្រូវរង់ចាំរយៈពេលដែលមន្ត្រីកំណត់។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណថ្មី មិនតម្រូវឲ្យបង់ប្រាក់នោះទេ៕