កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ភ្នំពេញ​​ ប៉ុស្តិ៍ បាន​ចុះផ្សាយ​ម្តង​រួច​មក​ហើយ ស្តីពី​ការអនុវត្ត​ការងារ​របស់​មន្ត្រី​សាធារណៈ​ ឬ​ក៏​មន្ត្រី​អនុវត្ត​ច្បាប់​ខ្លះ​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ហាក់​មិន​បាន​ស្តែង​ពី​សមត្ថកិច្ច​របស់​ខ្លួន ប៉ុន្តែ​បែរជា​ចាំ​មាន​បទបញ្ជា​សិន​ដែល​ជា​ការលើក​ឡើង​តាមរយៈ​បទសម្ភាស​ជាមួយ​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ហៅ​កាត់​ថា​ (ANSA) ​ដោយ​លោក​បាន​ច្បិច​យក​ហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​។

​នៅពេល​នេះ ​ភ្នំពេញ​ ប៉ុស្ដិ៍​ សូម​លើក​យក​ភាគ​បញ្ចប់​មក​ផ្សព្វផ្សាយ​ដូច​​ខាង​ក្រោម ៖

បើទោះ​ជា​មន្ត្រី​បង្ហាញ​ពី​ការ​អនុវត្ត​តាម​បទបញ្ជា​ក្តី តែ​មតិ​ទូទៅ​ចាត់​ទុក​ថា​មិនមែន​អនុវត្ត​តាម​ច្បាប់​ទេ តែ​ជា​ការ​អនុវត្ត​បទបញ្ជា​ដែល​រូបភាព​នេះ​គ្មាន​ជំនឿ​ពី​ពលរដ្ឋ​ឡើយ​។ ​ចំពោះ​លោក​យល់​បែប​ណា​ដែរ ?

បាទ ដោយសារ​ពលរដ្ឋ​កម្ពុជា ដោយសារ​សាធាណជន អ្នក​ឃ្លាំមើល​ការអនុវត្ត​ការងារ​សាធារណៈ​ហ្នឹង ឃើញ​រឿង​ហ្នឹង​មិនមែន​ជា​លើក​ទី​ ១ ​តែ​វា​ក៏​កើត​ច្រើន​លើក​រួច​មក​ហើយ​ដែរ​។

ខ្ញុំ​ឧទាហរណ៍​ថា សូម្បី​តែ​បញ្ហា​អនុវត្ត​រឿង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ជិត​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ្នឹង​ក៏​ចាំ​តែ​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម ហើយ​អាជ្ញាធរ​អត់​ខ្វល់​។ អាហ្នឹង ​វា​អាច​មកពី​កត្តា​អំណាច​របស់​អ្នក​អនុវត្ត​ច្បាប់ ហើយ​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុងការ​អន្តរាគមន៍​ទៅ​លើ​បញ្ហា​តាំងពី​រឿង​កំប៉ិក​កំប៉ុក​ឡើង​ហ្នឹង ក៏​វា​កំពុង​តែ​ញាំញី​ក្នុង​សង្គម​ខ្មែរ​ដែរ​។

អ៊ីចឹង​ទៅ​វា​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​មាន​ចំណុច​ខ្វះខាត ជាពិសេស​អ្នក​អនុវត្ត​ច្បាប់​ដែល​ជួនកាល​ជួប​ការលំបាក ហើយ​ស្រួល​មិន​ស្រួល​ហ្នឹង របូត​បុណ្យស័ក្តិ របូត​តំណែង​បាត់​អស់​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​តែ​ការអនុវត្ត​ច្បាប់​។

យើង​មើល​ឃើញ​នូវ​ចំណុច​ខ្លះ​ដែរ​ដូចជា កន្លងមក​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​ដែល​ជេរ​ប៉ូលិស​ចរាចរណ៍​ហើយ​បង្ហោះ​វីដេអូ​ឃ្លីប​ឃើញ​ថា មាន​ការ​ដក​តំណែង​ប៉ូលិស​អន្តោប្រវេសន៍​រយៈពេល​ខ្លី ហើយ​បន្ទាប់មក​ក៏​ដាក់​ចូល​វិញ​។ ​

ការដក​ស្រួល ដាក់​ស្រួល​ហ្នឹង​ក៏​ដោយសារ​ករណី​នេះ​មាន​ការ​លូកដៃ​ពី​នាយករដ្ឋមន្ត្រី​ដែរ​។ ​អ៊ីចឹង​រឿង​ខ្លះ​ហាក់​ដូចជា រឿង​គំរូ​មួយ​ធ្វើឲ្យ​អ្នកអនុវត្ត​ច្បាប់​បារម្ភ​ដែរ ដូចជា​កន្លង​ទៅ​នេះ​ឃើញ​ថា មាន​ករណី​ប៉ូលិស​ស័ក្តិ​​ធំ​ម្នាក់​ទាត់​មន្ត្រី​ប៉ូលិស​ហាត់​ការ​ម្នាក់​ចំ​ដើមទ្រូង​ ១ ​ជើង​ហើយ​ក្រោយ​មក​ក៏​ឃើញ​ថា​មានការ​អនុវត្ត​ច្បាប់​។ រឿង​នេះ​វា​មាន​ទិដ្ឋភាព​ជ្រាលជ្រៅ​ជាង​អ្វី​ដែល​មើលឃើញ​។

​ខ្ញុំ​នៅ​តែ​មើលឃើញ​អំពី​ភាព​អសកម្ម​​ហើយ​តំណែង​នៃ​ការអនុវត្ត​ច្បាប់​នេះ​យើង​ដឹង​ស្រាប់​ហើយ​ជាពិសេស​តំណែង​ប៉ូលិស​ទាហាន ប៉េអឹម នេះ​គឺជា​តំណែង​មួយ​ដែល​ចាំ​តែ​មាន​បញ្ជា​ពី​មេ​ដែល​ខ្លះ​ថា​ «​សម្រាក​ប្រុង​រង់ចាំ​បញ្ជា​មេ​» ​អាហ្នឹង​ជា​ផ្នែក​មួយ​ដែរ​។

ឥឡូវ​ថា កូនចៅ​សម្រាក​ប្រុង​រង់ចាំ​បញ្ជា មេ​ប៉ុន្តែ​បើ​មេ​នោះ​អសកម្ម តើ​គួរ​ត្រូវ​បន្ទោស​កូនចៅ​ឬ​យ៉ាង​ណា​?​ អ៊ីចឹង​ប្រសិន​បើ​មេ​ទី​ ១ អសកម្ម មេ​ទី​ ២ ​អសកម្ម សួរ​ថា តើ​នរណា​ត្រូវ​សកម្ម​នោះ​គឺ​នាយករដ្ឋមន្ត្រី​នៅ​ពេល​លោក​ឃើញ​ស្អី​មិន​ស្រួល​។ ដូចជា​រឿង​អនុវត្ត​ច្បាប់​ចរាចរណ៍​អីហ្នឹង គាត់​ត្រូវ​លូក​​ដៃ​លូក​ជើង អន្តរាគមន៍​ ឬ​ក៏​ស្នើ​ផ្តល់​អនុសាសន៍​អ៊ីចឹង​ទៅ​។ ​អាហ្នឹង​ដោយសារ​តែ​ស្ថាប័ន​ជំនាញ​នោះ​អសកម្ម​ដែល​ករណី​នេះ​​មកពី​មន្ត្រី​ខ្លះ ធ្វើការ​នៅ​កន្លែង​ហ្នឹង​វា​យូរពេក​។ តំណែង​នេះ​មិន​ដឹង​ថា គាត់​ឡើង​បុណ្យស័ក្តិ​តាម​របៀប​ណា ឡើង​ដោយ​សែស្រឡាយ​ ឬ​ដោយ​ឥទ្ធិពល​ណា​មួយ​។ អ៊ីចឹង​ទៅ​ធ្វើឲ្យ​ការអនុវត្ត​ការងារ​របស់​គាត់​អាច​ជួប​បញ្ហា​ដែរ​។ ​

ចំណុច​នេះ​ដំណោះស្រាយ​ទាល់​តែ​រក​មេដឹកនាំ​មួយ​សកម្ម​ និង​មាន​ជំនាញ​ដែល​មាន​វត្តមាន​ពេញលេញ​លើ​ការបំពេញ​ការងារ និង​ធ្វើ​ដោយ​ឯករាជ្យ​។

ខ្ញុំ​ធ្លាប់​ឃើញ​បទពិសោធ​កន្លង​មក​មាន​អធិការនគរបាល​ម្នាក់​នៅ​ស្រុក​ត្រាំកក់​ពេល​ឡើង​ទៅ​ធ្វើការ បែរ​ជា​​ពលរដ្ឋ​ និង​មន្ត្រី​ក្រោម​ឱវាទ​ខ្លះ​មិន​ពេញចិត្ត ហើយ​បន្ទាប់​មក​ក៏​ឃើញ​មាន​ការដក​បញ្ឈរជើង​ទៅ​។

យើង​ត្រូវ​ដឹងថា ការឡើង​តំណែង​ដោយ​សែស្រឡាយ ដោយ​បក្ខពួក​ហ្នឹង ក៏​វា​ជា​ឧបសគ្គ​មួយ​ដែរ​ជាពិសេស​គឺ​ដំឡើង​តំណែង​ដល់​មន្ត្រី​មាន​ចំណេះ​ទាប អ៊ីចឹង​ក៏​គេ​ត្រូវ​ពិនិត្យ​មើល​ដែរ​​ទៅ​លើ​នីតិវិធី​នៃ​ការផ្តល់​តំណែង​ ឬ​បុណ្យស័ក្តិ​ដោយ​ត្រូវ​ប្រយ័ត្ន​ផងដែរ​។ អាហ្នឹង​ក៏​វា​ពាក់ព័ន្ធ​ដូចជា មនុស្ស​ហ្នឹង​ខូច មនុស្ស​ហ្នឹង​ចោលម្សៀត ហើយ​ចេះ​តែ​ឡើង​បុណ្យស័ក្តិ​ឲ្យ​លុះ​ពេល​ឲ្យ​ទៅ​ធ្វើអី ក៏​ធ្វើ​មិន​កើត​ដែល​និយាយ​ទៅ​វា​មិន​សម​ជា​អ្នកដឹកនាំ អាហ្នឹង​ក៏​ជា​ឧបសគ្គ​មួយ ហើយ​ប្រសិន​បើ​គាត់​ឡើង​តំណែង ឡើង​កៅអី​ដោយសារ​សូកប៉ាន់​ ឬ​ដោយសារ​ខ្នងបង្អែក​ទៀត​នោះ គាត់​ខ្វល់​តែ​រឿង​ខ្នងបង្អែក គាត់​ខ្វល់​តែ​រឿង​រកលុយ​ស្រង់​ដើម ដោយ​​គ្មាន​ខ្វល់​បម្រើ​ពលរដ្ឋ​ទេ​។ ​អាហ្នឹង​ហើយ​ជា​ចំណុច​អសកម្ម​ដ៏ធ្ងន់​។

យើង​ចង់​ឲ្យ​មាន​ការ​កែលម្អ​តាមរយៈ​ប្រព័ន្ធ​វាយតម្លៃ​ក្នុង​ការ​ផ្តល់​មុខងារ​ ឬ​ផ្តល់​តួនាទី​ និង​ការដំឡើង​ឋានៈ​ឲ្យ​​មាន​សុក្រឹតភាព​។ ​តំណែង​ខ្ពស់ តំណែង​ធំ ផ្តល់​ឲ្យ​មនុស្ស​ដែល​មាន​សមត្ថភាព មាន​ឆន្ទៈ​ពេញលេញ​ក្នុង​ការផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​។

ដើម្បី​ឲ្យ​ការអនុវត្ត​កិច្ចការ​នេះ​​មាន​ប្រសិទ្ធភាព​ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​នោះ​លោក​គិត​ថា មន្ត្រី​ក្រោម​ឱវាទ​គួរ​ធ្វើ​បែប​ណា​ទើប​ល្អ​?

ឯករាជភាព​របស់​មន្ត្រី​គឺជា​រឿង​ដ៏សំខាន់​។ ​ការ​ឲ្យ​ថ្នាក់​ក្រោម​ពាក់ព័ន្ធ​នឹង​នយោបាយ​ដោយ​​ឲ្យ​ចូល​ជា​សមាជិក​គណបក្ស ជាពិសេស​ក្នុង​គណបក្ស​កាន់អំណាច​ជា​ចំណុច​មួយ​ដែល​ត្រូវ​ពិចារណា​ដែរ​។ បើ​គាត់​ជា​មន្ត្រី​ជំនាញ​គាត់​កាន់​តួនាទី​ត្រូវ​តែ​ទុក​ឲ្យ​គាត់​ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ជា​ជាង​ឲ្យ​គាត់​ពាក់ព័ន្ធ​ក្នុង​ភាព​ជា​សមាជិក​គណបក្ស​ជាពិសេសេ​គណបក្ស​កាន់​អំណាច​ហ្នឹង​។ ​

យើង​បាន​ឃើញ​ទាំងអស់​គ្នា​ហើយ​ថា គាត់​មាន​តំណែង​ក្នុង​បក្ស​ផង​ក្នុង​មុខងារ​សាធារណៈ​ផង​។ ​យើង​បារម្ភ​ថា​ឥទ្ធិពល​នៃ​តំណែង​ក្នុង​នយោបាយ​ដែល​មិន​ផ្តល់​នូវ​ឯករាជភាព​ពេញលេញ​ដល់​ការអនុវត្ត​ច្បាប់​ជូន​ប្រទេស​ជាតិ​គឺជា​រឿង​មួយ​ហើយ ឯ​រឿង​មួយ​ទៀត​គឺ​ការផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អ្នក​អនុវត្ត​ច្បាប់​។

ការផ្តល់​អំណាច​នេះ បើ​អ្នក​ណា​គេ​ត្រឹមត្រូវ​ចាំ​ឲ្យ តែ​បើ​អ្នក​ស៊ុមគ្រលុំ មាន​ចរិត​ខិលខូច ពុករលួយ ថ្នាក់ដឹកនាំ​​គួរ​ពិនិត្យមើល​ដែរ​។ រឿង​រៀបចំ​ឲ្យ​មាន​ការ​ឡើង​បុណ្យស័ក្ដិ​ ដោយសារ​ការ​សូកប៉ាន់​ ឬ​ទិញដូរ​ហ្នឹង គួរ​តែ​ត្រូវ​កាត់បន្ថយ​ហើយ​ងាក​មក​គិត​រឿង​ប្រឡង​ប្រណាំង​ដើម្បី​ការ​បាន​តំណែង​វិញ​ដែល​យើង​ចង់​ឲ្យ​មាន​។ ​

មិនមែន​តែ​ពេល​នេះ​ទេ ការគិតគូរ​អំពី​ឯករាជភាព​របស់​មន្ត្រី​ជំនាញ​បច្ចេកទេស​រវាង​ភាព​ជា​សមាជិក​ក្នុង​គណបក្ស​គួរតែ​ញែក​ឲ្យ​ដាច់ ហើយ​រឿង​នេះ​គួរតែ​ជា​គំរូ​មួយ​សម្រាប់​រយៈពេល​យូរ​។ ​ពិសេស​ឲ្យ​មាន​ការ​គិតគូរ​ពី​អ្នក​ធ្វើ​គោលនយោបាយ អ្នក​អនុវត្ត​គោលនយោបាយ អ្នក​អនុម័ត​គោលនយោបាយ​ត្រូវ​មើល​ឲ្យ​បាន​ឆ្ងាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​​គេ​ហៅថា ការផ្តល់​តួនាទី ការ​ផ្តល់​ភារកិច្ច​ទៅ​មាន​ការ​អនុវត្តបាន​ពេញលេញ​ដោយ​មិន​ជំពាក់​ជំពិន​ជាមួយ​នឹង​ឥទ្ធិពល​គឺ​ធ្វើ​ម៉េច​កុំ​ឲ្យ​មន្ត្រី​មាន​ឥទ្ធិពល​ក្នុង​ជំនួញ​។

ឧទាហរណ៍​ថា បើ​គាត់​ជា​មេប៉ូលិស ជា​មេទាហាន​គាត់​មាន​តំណែង​ជាន់ខ្ពស់​ឲ្យ​ឥទ្ធិពល​របស់​គាត់​នៅ​ឲ្យ​ឆ្ងាយ​ពី​កិច្ចការ​ជំនួញ​ ឬ​កិច្ចការ​អី​​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​​អនុវត្ត​ច្បាប់​ដើម្បី​ជួយ​ដល់​មន្ត្រី​ជំនាញ​កុំ​ឲ្យ​ពួកគេ​ទើសទាល់​ក្នុង​ការ​បំពេញ​ការងារ​ដោយ​គោរព​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​។

ខ្ញុំ​វិល​មក​វិញ រឿង​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ ឬ​ក៏​មន្ត្រីរាជការ​សាធារណៈ គាត់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ឬ​ក៏​​ឥទ្ធិពល​ក្នុង​ជំនួញ បើ​គាត់​មិនជា​ទីប្រឹក្សា​រដ្ឋាភិបាល គាត់​ជា​សាស្ត្រាចារ្យ គាត់​ជា​អ្នក​ជំនាញ​ឯករាជ្យ គាត់​អាច​ធ្វើ​កិច្ចការ​របស់​គាត់ ប៉ុន្តែ​គាត់​មិន​អាច​ជា​ថៅកែ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​បាន​ទេ​។ ​

យើង​សួរថា ចុះ​បើ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់​ហើយ​អ្នក​នោះ​ជា​ម្ចាស់​ក្រុមហ៊ុន​ ឬ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ខ្ញុំ​សួរ​ថា​តើ​ការបង្ក្រាប​ការដឹក​ជញ្ជូន​ទំនិញ​ឲ្យ​ត្រូវ​តាម​ទម្ងន់​ដែល​រដ្ឋ​បាន​កំណត់​នោះ​គឺ​មាន​ប្រសិទ្ធភាព​ដែរ​ទេ​? ​វា​នៅ​តែ​មាន​សំណួរ​មួយ​សួរ​ថា ប្រសិទ្ធភាព​នៃ​ការ​​អនុវត្ត​ការងារ​ហ្នឹង ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​មាន​ការ​បារម្ភ​ហើយ​គាត់​ធ្វើ​ទាំង​ភ័យ​ទាំង​ព្រួយ​។​ ​អ៊ីចឹង​ចំណុច​នេះ​ហើយ​ដែល​យើង​មើល​ឃើញ​ថា​ការគិតគូរ​វែងឆ្ងាយ​ត្រូវ​តែ​ញែក​ឲ្យ​ដាច់​ពី​ការពាក់ព័ន្ធ​រវាង​កិច្ចការ​សាធារណៈ​ និង​វិស័យ​ធុរកិច្ច​បាន​ន័យ​ថា ក្រុម​អ្នករកស៊ី​ជំនួញ​កុំ​ឲ្យ​វិស័យ​ធូរ​កិច្ច​នោះ មាន​ឥទ្ធិពល​លើ​ការ​អនុវត្ត​កិច្ចការ​សាធារណៈ​។ យើង​ចង់​ឃើញ​ការកាត់បន្ថយ​នូវ​ឥទ្ធិពល​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​បញ្ហា​នេះ​សព្វ​ថ្ងៃ​នៅ​តែ​កើតមាន​ដដែល​គឺ​ខ្លាច​អនុវត្ត​ទៅ​ប៉ះ​គ្នា​ឯង​ ឬ​ប៉ះ​គ្នា​គេ​៕