បាត់ដំបង​:​ ក្នុង​សកម្មភាព​បែប​មិត្តភាព​អន្តរជាតិ​ និង​ការពង្រឹង​កាយសម្បទា​សម្រាប់​អ​ត្ដព​លិ​ក ហ្វារ​ពន្លឺ​សិល្បៈ​រៀបចំ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ និង​ជិះ​កង់​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ​ដ៏​ស្រស់ស្អាត​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដំបូង​បំផុត​នៅ​ខេត្តបាត់ដំបង​។​

​ដោយ​ប្រារឰឡើង​នៅ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ ​២០២៤ ខាង​មុខ ព្រឹត្តិការណ៍​ដែល​រំពឹងទុក​យ៉ាង​អន្ទះសា​នេះ​បាន​ទាក់ទាញ​អ្នករត់​និង​អ្នកជិះ​កង់​ចំនួន​ ១៦០ 
​នាក់​មកពី​ប្រទេស​ចំនួន​ ១២ ​រួមមាន កម្ពុជា វៀតណាម ប៉ា​គី​ស្ថាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ បែលហ្ស៊ិក អេ​ស្ប៉ា​ញ បារាំង ចក្រភព​អង់គ្លេ​ស និង​សហរដ្ឋអាមេរិក​។​

​ការប្រកួត​ចម្ងាយ​ ៣០ ​គីឡូម៉ែត្រ​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា «​រត់តាម​ដងស្ទឹង​សង្កែ​» បង្កើតជា​ផ្នែក​ស្នូល​នៃ​ការប្រារឰ​ខួប​គម្រប់​ ៣០​ ឆ្នាំ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​។​

​ព្រឹត្តិការណ៍​នេះ គឺ​បើកចំហ​សម្រាប់​អ្នករត់​ទោល អ្នករត់​បណ្ដាក់ (​ដោយ​ម្នាក់ៗ​រត់​ ១០ ​គីឡូម៉ែត្រ​)​ និង​អ្នកជិះ​កង់​។ វា​ចាប់ផ្តើម​នៅ​ពី​ជើងភ្នំ​បាណន់ ជិត​ប្រាសាទ​ហិណ្ឌូ និង​ពុទ្ធសាសនា​សតវត្សរ៍​ទី​១១ ឆ្លងកាត់​ទេស​​ភាព​វាលស្រែ លើ​ស្ពាន​ព្យួរ និង​ឆ្លងកាត់​ក្រុង​បាត់ដំបង បញ្ចប់​នៅ​បរិវេណ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​។ ផ្លូវ​សម្រាប់​អ្នកជិះ​កង់​នឹង​ប្រែប្រួល​បន្តិច​ពី​ផ្លូវ​ដែល​កំពុង​រត់ ដើម្បី​ធានា​សុវត្ថិភាព​និង​ភាព​​រលូន​សម្រាប់​អ្នកជិះ​កង់​លើផ្លូវ​។​

​អ្នកចូលរួម​នឹង​ទទួលបាន​វត្ថុ​ផ្សេងៗ ដូចជា អាវយឺត​សម្រាប់​ព្រឹត្តិការណ៍​ផ្លូវការ អាវកាក់​សម្រាប់​អ្នករត់​ប្រណាំង មេដាយ​បញ្ចប់​ការប្រកួត និង​អាហារ​នៅ​កន្លែង​បញ្ចប់​ការប្រកួត​។​

​លោក Osman KHAWAJA នាយក​ប្រតិបត្តិ​នៃ​អង្គការ​ហ្វារ​​ពន្លឺ​សិល្បៈ​បានឱ្យដឹងថា​៖ «​យើង​មាន​សេចក្ដីរំភើប​រីករាយ​ក្នុងការ​ស្វាគមន៍​អ្នករត់​ចម្ងាយ​និង​អ្នកជិះ​កង់​មកពី​ជុំវិញ​ពិភពលោក ដែល​បាន​ចុះឈ្មោះ​ចូលរួម​ជាមួយ​យើង​ក្នុង​ព្រឹ​ត្ដិ​ការណ៍​រត់តាម​ដងស្ទឹង​សង្កែ និង​ដើម្បី​កៀរគរ​មូលនិធិ​សម្រាប់​សាលា​។ ព្រឹ​ត្ដិ​ការណ៍​នេះ​បានរៀបចំ​ឡើង​យ៉ាង​ល្អ ហើយក៏​នឹង​បង្ហាញ​ពី​ទិសដៅ​សិល្បៈ និង​វប្បធម៌ ព្រមទាំង​ទេសភាព​ដ៏​ស្រស់ស្អាត​តាម​ស្ទឹង​សង្កែ​ខេត្ដ​បាត់ដំបង​ផងដែរ​»​។​

​លើសពី​ការសាកល្បង​កម្លាំងកាយ​សម្បទា ព្រឹត្តិការណ៍​នេះ​គឺជា​ការ​រៃអង្គាស​ថវិកា​ដ៏​សំខាន់​មួយ​ក្នុង​គោលបំណង​ប្រមូលប្រាក់​ចំនួន​ ៣០​ ម៉ឺន​ដុល្លារ​អា​
​មេ​រិ​ក​ដើម្បី​ជួយ​ជំរុញ​កម្មវិធី​សិល្បៈ ការអប់រំ និង​យុវជន​សំខាន់ៗ​របស់​សាលា​របស់​អង្គ​​ការ ដោយ​បណ្តុះ​គំនិត​ច្នៃប្រឌិត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ត្រួសត្រាយ​ផ្នែក​សិល្បៈ ការអប់រំ និង​កម្មវិធី​យុវជន​អស់​រយៈពេល​ជាង ​៣ ​ទសវត្សរ៍​មកហើយ​។ សាលា​ផ្តល់ជូន​នូវ​កម្មវិធីសិក្សា​សិល្បៈ​យ៉ាង​ទូលំទូលាយ​ដែល​រួមបញ្ចូល​សិល្បៈ​ទស្សនីយភាព តន្ត្រី របាំ ល្ខោន និង​សៀក​ហ្វារ​ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ​។​

​កម្មវិធី​ទាំងនេះ​មិន​ត្រឹមតែ​និយាយ​ពី​ការអភិវឌ្ឍ​ជំនាញ​សិល្បៈ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មធ្យោបាយ​ព្យាបាល​សម្រាប់​ការបញ្ចេញមតិ​ដោយ​ខ្លួនឯង និង​ការព្យាបាល​ផ្លូវចិត្ត ជាពិសេស​សម្រាប់​យុវជន​ជួបប្រទះ​បញ្ហា​ប្រឈម​ផ្សេងៗ​។​

​អង្គការ​ផ្តល់ឱកាស​សិ​ក្សា​ជាច្រើន​ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ធានាថា​សិស្ស​ទទួលបាន​ការអប់រំ​ល្អ ដែល​រៀបចំ​ពួកគេ​សម្រាប់​ភាពជោគជ័យ​នាពេល​អនាគត​។​

​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣ កម្មវិធី​នេះ​ប្រមូលប្រាក់​បាន ​១៧ ៧៣០ ដុល្លារ ដោយ​ជោគជ័យ​ស្មើនឹង​ ៦ ​ភាគរយ​នៃ​គោលដៅ​សរុប​។​ទោះបីជា​ការចុះឈ្មោះ​សម្រាប់​ការប្រណាំង​ត្រូវបាន​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​២០ ខែធ្នូ ឆ្នាំ ​២០២៣ ក៏ដោយ ក៏​ស្មារតី​នៃ​ព្រឹត្តិការណ៍​នេះ​នៅតែ​បន្ត​រីកចម្រើន​។ អ្នក​​រត់ប្រណាំង និង​អ្នកជិះ​កង់​ជាច្រើន​នៅតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រៃអង្គាស​ថវិកា​ដោយ​ប្រើប្រាស់​ប្លេ​ត​ហ្វ​ម SimplyGiving ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​បុគ្គល ឬ​ក្រុម​របស់​ពួកគេ​។​

​លោក ឃួន ចាន់​រស្មី នាយក​ផ្នែក​គម្រោង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ និង​អ្នករៀបចំ​ព្រឹ​ត្ដិ​​ការណ៍​នេះ បានឱ្យដឹងថា​៖ «​មហិច្ឆតា​របស់​យើង​ក្នុងការ​បង្កើត និង​រៀបចំ​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ​នេះ មិនមែន​គ្រាន់តែ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​សាលា​នោះទេ ប៉ុន្តែ​ក៏​ដើម្បី​អភិ​​វ​ឌ្ឍ​ខេត្តបាត់ដំបង​ជា​គោលដៅ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​»​។​

​លោក​បន្ដថា​៖ «​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត​យើង​សង្ឃឹមថា ព្រឹ​ត្ដិ​ការណ៍​រត់​ឬ​ជិះ​កង់​តាម​ដងស្ទឹង​សង្កែ អាច​ក្លាយជា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​សម្រាប់​ក្រុង និង​ខេត្តបាត់ដំបង​ដោយ​ពង្រឹង​តួនាទី​របស់ខ្លួន​ជា​មជ្ឈមណ្ឌល​សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា​»​។​

​ក្នុងការ​បង្ហាញ​ពី​ការតាំង​ចិត្ត និង​ស្មារតី​សហគមន៍ លោក ​ហុង វ៉ាន់​ថេត ជា​បុគ្គលិក​ក្រុម​​ហ៊ុន​ឯកជន​បាន​ត្រៀមខ្លួន​ចូល​​រួម​ប្រកួត​ការរត់​ប្រណាំង​ដ៏​ទោល ក្នុង​កម្មវិធី​រត់តាម​ដងស្ទឹង​សង្កែ​។​

​ការខិតខំ​របស់លោក​មិនមែន​គ្រាន់តែ​សាកល្បង​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រមូល​មូលនិធិ​សម្រាប់​បុព្វហេតុ​ល្អ​ក្នុង​ការកែប្រែ​ជីវិត​តាមរយៈ​សិល្បៈ ក្រោម​ការ​ឧបត្ថម្ភ​របស់​ហ្វារ​ពន្លឺ​សិល្បៈ​។​

​ដោយមាន​បំណង​ខ្ពស់ លោក វ៉ាន់​ថេត បានកំណត់​គោលដៅ​រៃអង្គាសប្រាក់​ចំនួន​ ១ ​ពាន់​ដុល្លារ ហើយ​លោក​ប្រមូលបាន​ជាង ៥០០ ​ដុល្លារ​រួចហើយ​គិត​ត្រឹម​ថ្ងៃទី ​៨ ខែមករា ឆ្នាំ​ ២០២៤​។​

​លោក​បានឱ្យដឹងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​មិត្តភក្តិ និង​សហការី​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ជា​បន្តបន្ទាប់ ហើយ​យើង​បាន​ឈានដល់​ពាក់​កណ្តាលផ្លូវ​ហើយ​។ សូម​ធ្វើឱ្យ​សហគមន៍​របស់​យើង​កាន់តែ​ប្រសើរឡើង​ទាំងអស់គ្នា​»​។​

​ទោះជា​យ៉ាងណាក៏ដោយ​គិត​ត្រឹម​ថ្ងៃទី ​៥ ខែមករា អ្នកនាង Keiko UEHARA បានដាក់​គោលដៅ​រៃអង្គាស​ថវិកា​តិចតួច​ត្រឹមតែ​ ៩០ ​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ឆ្ពោះទៅរក​ការគាំទ្រ​កម្ម​វិធី​សិល្បៈ​និង​ការអប់រំ​នៅ​អង្គ​ការ​ហ្វារ​ពន្លឺ​សិល្បៈ​។ ថ្វីបើ​មាន​ក្តី​ប្រាថ្នា​ត្រឹម​ប្រាក់​តិចតួច​នេះ​ក៏ដោយ តែ​វា​ហាក់ដូចជា មិនទាន់មាន​ការចូល​រួមចំណែក​ពី​មហាជន​ឡើយ​។​

​អបអរសាទរ​រយៈពេល​ ៣ ​ទសវត្សរ៍​នៃ​ការ​ទ្រទ្រង់ និង​ធ្វើឱ្យ​វប្បធម៌​ខ្មែរ​រស់​ឡើងវិញ អង្គការ​បាន​រំឭក​ដំណើរ​នេះ​ជាមួយនឹង​ព្រឹត្តិការណ៍​នានា ដូចជា កម្មវិធី​រត់តាម​ដង​ស្ទឹង​សង្កែ ដែល​បង្ហាញ​ពី​បេសកកម្ម​ដ៏​យូរ​​អង្វែង​របស់ខ្លួន​ក្នុងការ​ប្រែក្លាយ​ជីវិត​តាមរយៈ​សិល្បៈ​។​

​លោក ​KHAWAJA បាន​បន្ដថា​៖ «​អំឡុងពេល​យើង​ប្រារឰ​ខួប ​៣០ ​ឆ្នាំ​របស់​ហ្វារ​ពន្លឺ​សិល្បៈ ខ្ញុំ​ទន្ទឹងរង់ចាំ​ថា​តើ ៣០ ​ឆ្នាំ​ខាង​មុខ​ទៀត នឹងមាន​អ្វីដែល​អាច​នាំមក​នូវ​ការផ្លាស់​ប្ដូរជីវិត​តាមរយៈ​សិល្បៈ​។ ខ្ញុំ​ជឿជាក់ថា ឥឡូវ យើង​គ្រាន់តែ​ស្ថិតនៅលើ​ជំហាន​ដំបូង​នៃ​អ្វីដែល​យើង​អាចធ្វើ​ទៅបាន​តែប៉ុណ្ណោះ​»​។​

​ហ្វារ​ពន្លឺ​សិល្បៈ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​បន្តបន្ទាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី ៣ ខែមីនា ដែលជា​ផ្នែក​មួយ​នៃ​ការប្រារឰ​ខួប​លើក​ទី​ ៣០ ដែល​កំពុង​បន្ត​៕