
រង្វង់មូលទុរេនដែលស្ថិតក្នុងក្រុងកំពត ខេត្តកំពត។ ហុង មិនា
ភ្នំពេញៈ តំបន់ជាប់មាត់សមុទ្រ និងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ខេត្តកំពតនឹងក្លាយជាក្រុងមាត់សមុទ្រថ្មីមួយដែលមានការរីកចម្រើនលើគ្រប់វិស័យ បន្ទាប់ពីរដ្ឋាភិបាលសម្រេចកាត់យកឃុំចំនួន ៣ នៃស្រុកទឹកឈូ ទៅបង្កើត «ក្រុងបូកគោ»។
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ បានចេញអនុក្រឹត្យ ១ សម្រេចបង្កើត «ក្រុងបូកគោ» នៃខេត្តកំពតដោយកាត់យកឃុំបឹងទូក កោះតូច និងឃុំព្រែកត្នោត ពីស្រុកទឹកឈូឱ្យទៅស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល «ក្រុងបូកគោ»។ ចំណែកទីតាំងរដ្ឋបាលក្រុងបូកគោនឹងស្ថិតក្នុងសង្កាត់បឹងទូក។
លោក ជាវ តាយ អភិបាលខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា លោកស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលក្នុងការបង្កើតក្រុងថ្មីមួយបន្ថែមនៅខេត្តកំពត ដែលក្រុងថ្មីនេះមានទីតាំងនៅតាមបណ្តោយមាត់សមុទ្រ។ លោកបន្តថា តាមពិតទៅពាក្យ «ក្រុងបូកគោ» នេះមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ប៉ុន្តែនៅទីនោះមិនមានតំបន់រដ្ឋបាលទេ។ ការសម្រេចរបស់រដ្ឋាភិបាលនឹងធ្វើឱ្យការអភិវឌ្ឍទីនោះមានល្បឿនជាងមុន និងប្រកបដោយសក្តានុពល។
លោកបន្ថែមថា ដោយសាររដ្ឋាភិបាលទើបចេញអនុក្រឹត្យ ហេតុនេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មានអ្វីច្រើនទេ។ ទោះយ៉ាងណាលោកបញ្ជាក់ថា៖ «ពាក្យថា (ក្រុង) វានឹងមានការអភិវឌ្ឍលឿនទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាល»។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ថា តំបន់មាត់សមុទ្រខេត្តកំពតអាចចាត់ទុកថា ជាកន្លែងមានអំណោយផលខ្លាំងសម្រាប់ការវិនិយោគលើគ្រប់វិស័យបន្ទាប់ពីខេត្តព្រះសីហនុ។ ការប្រែក្លាយតំបន់មាត់សមុទ្រកំពតឱ្យទៅជា «ក្រុងបូកគោ» នឹងក្លាយជាមេដែកមួយក្នុងការឆក់ទាញវិនិយោគិនបរទេសឱ្យទៅបណ្តាក់ទុន។
លោកលើកឡើងថា ដោយសារបច្ចុប្បន្ននៅទីតាំងខាងលើមិនសូវមានប្រជាជនរស់នៅច្រើន និងនៅជាប់ខេត្តព្រះសីហនុ ហេតុនេះវានឹងទាក់ទាញបាននូវគម្រោងវិនិយោគធំៗជាច្រើនពីសំណាក់វិនិយោគិនបរទេស ពិសេសជនជាតិចិន។
លោកអះអាងថា៖ «នេះគឺជាទស្សនវិស័យវែងឆ្ងាយមួយរបស់រដ្ឋាភិបាលក្នុងការទាក់ចំណាប់អារម្មណ៍វិនិយោគិនឱ្យបែរឆ្ពោះទៅទីនោះ។ ទីនោះមិនត្រឹមតែមានសក្តានុពលសម្រាប់វិស័យទេសចរណ៍នោះទេ តែសម្រាប់ការសាងសង់កំពង់ផែទំនិញអន្តរជាតិផងដែរ។ ទីតាំងនេះនឹងមានភាពទាក់ទាញខ្លាំងសម្រាប់វិនិយោគិនចិន»។
យោងតាមលោក សុខនឿន បច្ចុប្បន្ននេះដីនៅជាប់មាត់សមុទ្រក្នុងទីតាំង «ក្រុងបូកគោ» អាចមានតម្លៃជាមធ្យម ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បាននិយាយថា ការបង្កើតក្រុងបូកគោនឹងផ្តល់នូវភាពវិជ្ជមានជាច្រើន។ សម្រាប់រដ្ឋាភិបាលការបង្កើតក្រុងថ្មីគឺមិនត្រឹមតែធ្វើឱ្យរដ្ឋមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតប្លង់មេអភិវឌ្ឍន៍ច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនភាពទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុន និងធ្វើឱ្យអចលនទ្រព្យមានទីផ្សារកាន់តែល្អ។
លោកបន្តថា ជាមួយគ្នានេះវិនិយោគិនក៏អាចទទួលបានភាពងាយស្រួលច្រើន និងប្រកបដោយទំនុកចិត្តទៀតផង។
លោកនិយាយថា៖ «ការបង្កើតក្រុងបូកគោជាកាលានុវត្តភាពថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្រូបទាញកំណើនវិនិយោគិន និងប្រភពចំណូលសម្រាប់ប្រទេសជាតិ»៕LA