ភ្នំពេញៈ ការកើនឡើង​ក្នុង​វិស័យ​សំណង់​បាន​ធ្វើឲ្យ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​នាំចូល​ដែក​ពី​ប្រទេស​វៀតណាម​ធំ​ជាង​គេ ដោយ​មាន​ចំណែក​ទីផ្សារ​រហូត​ដល់​ជិត​ ៤០ ​ភាគរយ​នៃ​ការនាំ​ចេញ​ដែក​សរុប​របស់​វៀតណាម​ក្នុង​រយៈពេល​ ៧ ​ខែ​ដំបូង​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គយ​វៀតណាម​។

ទិន្នន័យ​គយ​វៀតណាម​បាន​ឲ្យ​ដឹងថា​សម្រាប់​រយៈពេល​ ៧ ​ខែ​ដំបូង​ឆ្នាំ​ ២០១៨ វៀតណាម​បាន​នាំ​ចេញ​ដែក​សរុប​ ៣,៤១ ​លាន​តោន​កើនឡើង ៤០,៤ ​ភាគរយ​ដែល​មាន​តម្លៃ​​ ២,៥៣ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ៥៦,៣ ​ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​។

របាយការណ៍​បង្ហាញ​ថា​ការនាំ​ចេញ​មក​កម្ពុជា​មាន​ចំនួន ៣៧ ភាគរយ​នៃ​ការនាំ​ចេញ​សរុប​ទៅ​ទីផ្សារ​អន្តរជាតិ​ដែល​មាន​ដូចជា អាមេរិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន អាល្លឺម៉ង់ កូរ៉េ​ខាង​ត្បូង និង​ហ្វីលីពីន​ជាដើម​។

ការនាំ​ចេញ​ដែក​ពី​វៀតណាម​មក​កម្ពុជា​មាន​បរិមាណ ៧១៧ ៥៧២ តោន​កើនឡើង​ ៤៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៧ ចំណែក​ចំនួន​ទឹកប្រាក់​បាន​កើន​ដល់ ៤៦២,៧៣ លាន​ដុល្លារ​កើន​ ៧៧,៩ ​ភាគរយ​។ នេះ​បើ​តាម​របាយការណ៍​។

វៀតណាម​ក៏​បាន​នាំ​ចេញ​ដែក​ទៅ​ប្រទេស​មួយ​ចំនួន​ដូចជា អាមេរិក ចំនួន ៥៣២ ៧៧៩ តោន ម៉ាឡេស៊ី ចំនួន ៣៩១ ៦០៧ តោន និង​ឥណ្ឌូនេស៊ី ៣៧២ ៥១៤ តោន​។

លោក ជីវ ស៊ីវផេង អ្នក​ចាត់ការ​ទូទៅ​នៃ​លេខាធិការដ្ឋាន​សមាគម​អ្នក​សាងសង់​កម្ពុជា​និយាយ​ថា​សំណង់​ធំៗ​បាន​លេច​ឡើង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ដែល​ការរីកចម្រើន​នេះ​ទាមទារ​ជា​ចាំបាច់​ការប្រើប្រាស់​ដែក​។ កំណើន​ការនាំ​ចូល​ដែក​សម្រាប់​បម្រើ​ឲ្យ​វិស័យ​សំណង់​គឺ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​កំណើន​នៃ​ការប្រើប្រាស់​ដែក​ក្នុង​វិស័យ​សំណង់​កម្ពុជា​នឹង​បន្ត​កើនឡើង​ច្រើន​ទៀត​នាពេល​ខាង​មុខ ខណៈ​ពេល​នេះ​មាន​សំណង់​ធំៗ​ជាច្រើន​កំពុង​សាងសង់ និង​ត្រៀម​សាងសង់​»​។

លោក ភូ សម្បត្តិ ជំនួយការ​នាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ភ្នំពេញ​ថ្មី ដែល​កំពុង​អភិវឌ្ឍន៍​បុរី​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា កំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើឲ្យ​តម្រូវការ​កន្លែង​ស្នាក់នៅ អគារ​ការិយាល័យ និង​ផ្សារ​ទំនើប​កើនឡើង​ជា​លំដាប់​។

លោក​បន្ត​ថា​៖ «​នៅពេល​ខាង​មុខ​ក្រុមហ៊ុន​ខ្ញុំ​នឹង​ត្រូវការ​ដែក​ច្រើន​បន្ថែម​ទៀត​ព្រោះ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មួយ​កន្លែង​ទៀត​នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​»​។

បុគ្គលិក​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រុមហ៊ុន PEB Steel Buildings Co., Ltd. ​ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែក​នាំចូល​មកពី​ប្រទេស​វៀតណាម​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា សម្រាប់​ក្រុមហ៊ុន​លោក​ការ​នាំ​ចូល​ដែក​នា​រយៈពេល​ ៧ ​ខែ​ដើម​ឆ្នាំ​ ២០១៨ បាន​កើន​លើស​ពី ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក​អះអាង​ថា​៖ «​ឆ្នាំ​នេះ​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន ខណៈ​កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​ដែល​មក​ទាក់ទង​យើង​ភាគច្រើន​គ្រាន់តែ​មក​សិក្សា​មុន​ពេល​សាងសង់​តែ​ប៉ុណ្ណោះ​»​។

នៅលើ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ដែក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​សាងសង់​មាន​តម្លៃ​ចន្លោះ​ពី ៦២០-៦៥០ ​ដុល្លារ​ក្នុង​ ១ ​តោន​។

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០១៨ អាជ្ញាធរ​បាន​អនុម័ត​គម្រោង​សាងសង់​ចំនួន ១ ៦៤៣ គម្រោង​លើ​ផ្ទៃក្រឡា​សំណង់​សរុប ៥,៣៥ ​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន ២,១៥ ​ពាន់​លាន​ដុល្លារ​៕ LA