សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ដែល​នៅជាប់​មាត់សមុទ្រ និង​មាន​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន ព្រមទាំង​ការ​ស្ទុះ​ងើបឡើង​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នាពេល​នេះ កំពុង​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តកំពត​មាន​ការវិវឌ្ឍ​ទៅមុខ​កាន់តែ​ប្រសើរ​។

លោក ពឹង សេរី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌា អង្គរ រៀលអ៊ីស្ទេត បាន​និយាយ​ថា វិសាលភាព​នៃ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍​នៅ​ខេត្ត​កំពត នាពេល​នេះ​ចាប់ផ្តើម​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់ ជាក់ស្តែង​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ និង​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ទី​នោះ​។

លោក​បាន​បន្ត​ថា ភាព​ល្អ​ប្រសើរ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តកំពត គឺ​ដោយសារ​តែ​ខេត្ត​កំពត​មាន​ទីតាំងនៅ​ជាប់មាត់​សមុទ្រ ដែល​បង្ក​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​ទាំង​កសិកម្ម ឧស្សាហកម្ម និង​ការ​ដឹកជញ្ជូន​ជាដើម​។

ជាមួយ​នឹង​សក្តានុពល​ពី​ធម្មជាតិ​ទាំងអស់​នេះ​នៅ​ខែ​មីនា​ខាង​មុខ​ការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​ក្រោម​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ក្នុង​តម្លៃ​ជាង​​ ១០ ​លាន​ដុល្លារ​នៅក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត ក៏​នឹង​ចាប់ផ្តើម​ដំណើរការ​ផង​ដែរ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០១៩​។ បន្ទាប់ពី​សាងសង់​រួចរាល់ កំពង់ផែ​នេះ​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ចូលរួម​ចំណែក​ដ៏ធំ​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​ទំនិញ​នៅ​ខេត្តកំពត​ឲ្យ​កាន់តែ​មាន​ភាព​មមាញឹក​។

លោក សេរី បាន​ប្រាប់​ថា៖ «​បើ​និយាយ​ពី​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្តកំពត​នាពេល​នេះ គឺ​វា​ឡើង​ក្នុង​ស្ថានភាព​សន្សឹមៗ ដោយ​មិន​បាន​ស្ទុះ​ឡើង​ខ្លាំង​ដូច​នៅ​ខេត្ត​ព្រះសីហនុ​ឡើយ​។ សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ពិសេស​បន្ទាប់ពី​កំពង់ផែ​ទេសចរណ៍​របស់ ADB សាងសង់​រួចរាល់​នោះ អចលនទ្រព្យ​នៅ​ទី​នោះ​នឹង​កើនឡើង​ខ្ពស់​ជា​មិនខាន​»​។

បើ​តាម​លោក សេរី ភាព​ចង្អៀត​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ ជា​ចំណែក​មួយ​ដែល​ជំរុញ​ឲ្យ​សកម្មភាព​ទិញ លក់ និង​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្តកំពត​កើនឡើង​។

ស្ពាន​ដែល​សាងសង់​ក្នុង​សម័យ​អាណានិគម​បារាំង​ស្ថិត​ក្នុង​ក្រុង​កំពត​។ ហុង មិនា

បច្ចុប្បន្ន​តម្លៃ​ដី​ក្នុង​ក្រុង​កំពត​ចាប់ពី​ចំណុច​រង្វង់​មូល​ផ្លែ​ធទុរេន​ចម្ងាយ​ ១០០-២៥០ ​ម៉ែត្រ ដី​មាន​តម្លៃ​ចាប់ពី ១០០០-១៥០០ ​ដុល្លារ ក្នុង​​ ១ ​ម៉ែត្រការ៉េ ចំណែក​ក្នុង​ក្រុង​កំពត​តាម​បណ្តោយ​មាត់​ព្រែក​មាន​តម្លៃ​ចាប់ពី​ ១៥០០-២៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ដី​លំនៅឋាន​ក្នុង​ក្រុង​មាន​តម្លៃ​ ១៥០០-២៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ (Shophouse) ឯ​តំបន់​ជាយ​ក្រុង​មាន​តម្លៃ​ចន្លោះ​ពី ៥-៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ តាម​បណ្តោយ​មាត់សមុទ្រ​ក្នុង​ស្រុក​ទឹកឈូ​ដី​មាន​តម្លៃ​ចន្លោះ​ពី​ ៥០-២០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តាម​បណ្តោយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ទេសចរណ៍​របស់​ ADB ដី​មាន​តម្លៃ​ដី​ពី​ ១០០-៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ ហើយ​ចាប់​ពី​សាលា​ខេត្ត​ដល់​តំបន់​ភូមិ​ចាម មាន​តម្លៃ ១០០-៣០០ ដុល្លារ។ ​ចំណែក​ដី​ចាប់ពី​រមណីយដ្ឋាន​ភ្នំ​បូកគោ​ទៅ​រមណីយដ្ឋាន​ណាតាយ៉ា​អាច​មាន​តម្លៃ​ចន្លោះ ពី​ ១០០-១៨០ ​ដុល្លារ និង​ចូល​ទៅ​ក្នុង​អាច​មាន​តម្លៃ​ពី​ ៣០ ​ទៅ​ ៦០ ​ដុល្លារ​។ ដី​កសិកម្ម​មាន​តម្លៃ​ចន្លោះ​ពី ០.៤-១ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៧ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តល់​ភ្លើង​បៃតង​ផងដែរ​ដល់​គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​មាន​ឈ្មោះថា French Riviera Marina ក្រោម​ទុនវិនិយោគ​ចំនួន​ ២៣.២ ​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ខេត្ត​កំពត​ និង​ខេត្ត​កែប​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​ការ​រស់នៅ​​ និង​វិនិយោគ​ផ្សេងៗ​។ បន្ថែម​ពីលើ​នោះ​ទៀត​ក៏មាន​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​មួយ​របស់​លោក​ឧកញ៉ា ទ្រី ភាព ក្នុង​តម្លៃ​ ៣០០ ​លាន​ដុល្លារ​ផង​ដែរ​។

កំពត​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​ប្រមាណ​ ១៤៨ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្តកំពត​មាន​ស្រុក​ចំនួន​ ៧ ​គឺ​ស្រុក​ឈូក ស្រុក​ជុំគិរី ស្រុក​កំពង់ត្រាច ស្រុក​អង្គរជ័យ ស្រុក​បន្ទាយមាស ស្រុក​ដងទង់ ស្រុក​កំពង់បាយ និង​ក្រុង​កំពត​។

លោក វ៉ន ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​ថោនស៊ីធី​រៀលអ៊ីស្ទេត​ខូអិលធីឌី​បាន​អះអាង​ថា សកម្មភាព​ដ៏ពុះកញ្ជ្រោល​ និង​ការកើនឡើង​តម្លៃ​ដីធ្លី​ដ៏​ឆាប់រហ័ស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​នេះ​បាន​និង​កំពុង​ធ្វើឲ្យ​ជះឥទ្ធិពល​ដល់​អចលនទ្រព្យ​នៅក្នុង​ខេត្ត​កំពត​។ ​

លោក​បាន​បន្ត​​ថា៖ «​ដោយសារ​តែ​មួយ​រយៈ​នេះ​មាន​អ្នក​វិនិយោគ​ជាច្រើន​ជាពិសេស​ជនជាតិ​ចិន​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ដី​នៅ​ខេត្ត​ព្រះសីហនុ​នោះ បាន​ធ្វើឲ្យ​អ្នក​ដែល​ទើប​លក់​ដី​បាន​នៅ​ខេត្ត​ព្រះសីហនុ​មួយ​ចំនួន​ព្រមទាំង​អ្នក​ដែល​ចង់​បាន​ដី​នៅ​តំបន់​មាត់សមុទ្រ​តែ​មិន​មាន​ថវិកា​គ្រប់គ្រាន់​បាន​នាំ​គ្នា​មក​រក​ទិញ​អចលនទ្រព្យ​នៅ​ខេត្ត​កែប​ជំនួស​វិញ​ខណៈ​ខេត្ត​កែប​ក៏​មាន​ទីតាំង​ស្ថិត​នៅ​ជាប់មាត់​សមុទ្រ​ដែរ​»​។

សកម្មភាព​នេសាទ​សមុទ្រ​នៅ​ខេត្ត​កំពត​។ ហុង មិនា

បើ​តាម​លោក​ ចាន់ថន ​នៅ​ពេល​នេះ​ក៏​មាន​អ្នក​វិនិយោគ​ផ្នែក​សណ្ឋាគារ​ប៊ូទិក​អូតែល និង​ភោជនីយដ្ឋាន​មួយចំនួន​កំពុង​បង្វែរ​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​កាន់តែ​ខេត្ត​កែប​ផងដែរ​ ខណៈ​ដែល​តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​តម្លៃ​ខ្ពស់​ពេក និង​ពិបាក​រក​កន្លែង​ល្អ​។

លោក ចាន់ថន បាន​និយាយ​បែប​កំប្លែង​លេង​ថា៖ «​នៅ​ខេត្ត​ព្រះសីហនុ​ពេល​នេះ​គឺ​គេ​ស្ទើរតែ​អាច​និយាយ​បាន​​ថា អស់​ដី​លក់​ទៅ​ហើយ​ព្រោះ​ទីតាំង​ល្អៗ​គឺ​ត្រូវ​បាន​គេ​ទិញ​អស់​ហើយ និង​មាន​​តម្លៃ​ខ្ពស់​ខ្លាំងណាស់​។ ចំណែក​ស្ថានភាព និង​តម្លៃ​ដីធ្លី​នៅ​ខេត្ត​កំពត គឺ​នៅ​មាន​​ភាពសមរម្យ​ល្អ​»​។

កំពត​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ដូចជា​រមណីយដ្ឋាន ឋានសួគ៌​បូកគោ រមណីយដ្ឋាន​ទឹកឈូ និង​ភ្នំ​កំពង់ត្រាច ជាដើម​។

មគ្គុទ្ទេសក៍​ទេសចរណ៍​មួយ​រួប​ដែល​នាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត បាន​និយាយ​ថា​នា​អំឡុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវទេសចរ​បរទេស ពិសេស​ពួក​អឺរ៉ុប​ដែល​មក​ទស្សនា​ខេត្ត​កំពត​បាន​កើនឡើង​ជា​លំដាប់​។​ ការកើនឡើង​នៃ​អ្នក​ទាំងនោះ​បាន​ធ្វើឲ្យ​ខេត្ត​កំពត​ប្រឈមមុខ​នឹង​កង្វះ​កន្លែង​សម្រាប់​ស្នាក់នៅ​ផង​ដែរ​។

កញ្ញា​បាន​និយាយ​ថា៖ «​ខេត្ត​កំពត​នាពេល​នេះ​គឺ​ពិតជា​មាន​ការ​រីកចម្រើន​លឿន ប៉ុន្តែ​ទន្ទឹម​នឹង​ការរីកចម្រើន​នេះ​កំពត​ក៏​កំពុង​ប្រឈមមុខ​នឹង​កន្លែង​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ ឬ​អ្នក​វិនិយោគ​ស្នាក់នៅ​ផង​ដែរ ជាពិសេស​នៅពេល​មាន​ពិធីបុណ្យ​ជាតិ​ម្តងៗ​។ ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​ឆាប់ៗ​នេះ​នឹង​មាន​ការវិនិយោគ​សណ្ឋាគារ និង​ផ្ទះសំណាក់​កាន់តែ​ច្រើន​នៅ​ទី​នេះ​»​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៧ ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​ទាំងអស់​ប្រមាណ​ ១,៦ ​លាន​នាក់​។

លោក ស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន ស៊ីអិល រៀលធី បាន​ប្រាប់​ថា​ស្ថានភាព​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​កំពត គឺ​មាន​ភាព​ល្អប្រសើរ ពិសេស​ចាប់ផ្តើម​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​នៅ​តាម​មាត់សមុទ្រ​ដែល​ភ្ជាប់​ពី​ខេត្ត​កំពត ទៅ​រាម​។

ភ្ញៀវទេសចរ​កំពុង​ស្ទូចត្រី​លេង​នៅ​កន្លែង​កម្សាន្ត​មួយ​ក្នុង​ខេត្ត​កំពត​។ ផា លីណា

លោក ឆៃលីន បាន​អះអាង​ថា៖ «​ទៅ​ថ្ងៃ​ខាង​មុខ ខ្ញុំ​គិត​ថា​វិស័យ​អចលនទ្រព្យ​នៅ​កំពត​នឹង​បន្ត​ភាព​ល្អ​ប្រសើរ​របស់​ខ្លួន​បន្ថែមទៀត ដោយសារ​ទីនោះ​មាន​ភាព​អំណោយផល​ដូចជា ទី​ ១ មាន​កន្លែង​សម្រាក​កម្សាន្ត​ច្រើន (Resort) ទី ​២ មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ ព្រោះ​ជា​តំបន់​ទឹក​ជ្រៅ និង​ទី​ ៣ ជា​តំបន់​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​»​។

បើ​តាម​លោក ឆៃលីន តម្លៃ​ដី​នៅ​ខេត្ត​កំពត​នា​ដើម​ឆ្នាំ​ ២០១៨ នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៧ គឺ​មាន​ការកើនឡើង​ក្នុង​រង្វង់​ពី​ ១០-១៥​​ ភាគរយ​។

លោក ជាវ តាយ អភិបាល​ខេត្ត​កំពត​មាន​ប្រសាសន៍​ថា​ខេត្ត​កំពត​នាពេល​បច្ចុប្បន្ននេះ​កំពុង​មាន​ការអភិវឌ្ឍ​មុខ​លើ​គ្រប់​វិស័យ​ ខណៈ​ពេល​ថ្មីៗ​នេះ​មាន​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ​លើ​វិស័យ​មួយ​ចំនួន​ដូចជា ការសាងសង់​កន្លែង​កម្សាន្ត និង​សំណង់​ធំៗ​មួយ​ចំនួន​។

លោក​បាន​លើក​ឡើង​ថា ជាក់ស្តែង​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ចិន វៀតណាម នាពេល​ថ្មីៗ​នេះ​ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវទេសចរ​ជាច្រើន​។

លោក​បាន​ថ្លែង​យ៉ាង​ខ្លី​ថា៖ «​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ខេត្តកំពត​កំពុង​មាន​ដំណើរការ​ល្អ​ជា​លំដាប់ ដោយពេល​ថ្មីៗ​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ចាប់ផ្តើម និង​ត្រៀម​ចាប់ផ្តើម​នៅ​ទី​នោះ​»៕