ក្រុងបាងកក៖ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers International Thailand បានឲ្យដឹងថា ការផ្គត់ផ្គង់ខុនដូរថ្មីដែលនឹងចាប់ផ្តើមសាងសង់ក្នុងទីក្រុងបាងកកនៅឆ្នាំនេះ នឹងបន្តធ្លាក់ចុះ ដោយសារខុនដូ ដែលមិនទាន់លក់ចេញបន្តកើនឡើង ហើយតម្លៃនៅតែមានការប្រកួតប្រជែង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Phattarachai Taweewong អនុប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Colliers ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សំដី ខណៈលោកថ្លែងថា ចំនួនខុនដូដែលមិនទាន់លក់ចេញក្នុងទីក្រុងបាងកក កំពុងកើនឡើង ខណៈដែលអត្រាលក់ជាមធ្យមនៃការផ្គង់ផ្គង់ថ្មីដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំមុនមានត្រឹមតែ ៤៦ ភាគរយប៉ុណ្ណោះ ដោយធ្លាក់ចុះ ១២ ពិន្ទុភាគរយ ធៀបនឹងឆ្នាំ ២០១៨។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍បានពន្យារពេលដាក់ដំណើរការការផ្គត់ផ្គង់ខុនដូថ្មីនៅត្រីមាសទី ៤ [ឆ្នាំមុន] រហូតដល់ឆ្នាំនេះ ដែលធ្លាក់ចុះជាង ៤០ ភាគរយ ធៀបនឹងផែនការកន្លងមក»។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើពួកគេមិនធ្វើដូច្នេះទេ អត្រាលក់ខុនដូនៅឆ្នាំមុន អាចមានកម្រិតទាបជាង ៤៦ ភាគរយ»។
យោងតាមកាសែតបាងកកប៉ុស្តិ៍ អត្រាលក់ជាមធ្យមនៃការផ្គត់ផ្គង់ខុនដូថ្មីក្នុងត្រីមាសទី ៤ បានកើនឡើងដល់ ៤៦ ភាគរយ ពី ៤០ ភាគរយ នៅត្រីមាសទី ២ និងទី ៣ និង ៤៤ ភាគរយ នៅត្រីមាសទី ១។ អត្រាលក់ដែលមានកាន់តែប្រសើរនៅក្នុងត្រីមាសទី ៤ នេះ កើតមានឡើងដោយសារបរិមាណផ្គត់ផ្គង់ទាបជាងមុន។
កាសែតបានរាយការណ៍ទៀតថា គម្រោងមួយចំនួនដែលបានចាប់ផ្តើមសាងសង់នៅត្រីមាសទី ៤ បានផ្តោតលើទីផ្សារបរទេសមុនពេលបើកសម្រាប់ទីផ្សារក្នុងទីក្រុងបាងកក។ ជាលទ្ធផលគម្រោងទាំងនោះបានបំពេញកូតាបរទេសរបស់ខ្លួន។
លោក Phattarachai បានថ្លែងថា ជាងពាក់កណ្តាលនៃគម្រោងខុនដូថ្មី ដែលបានចាប់ផ្តើមសាងសង់នៅឆ្នាំមុន មានអត្រាលក់តិចជាង ៣០ ភាគរយ។ គម្រោងមួយចំនួនមានអត្រាលក់ទាបរហូតដល់ ៥ ភាគរយ។
លោកថ្លែងថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនដែលមានអត្រាលក់ទាបសម្រាប់ខុនដូ បានផ្លាស់ប្តូរទៅអភិវឌ្ឍន៍ជាសណ្ឋាគារជំនួសវិញ។ ក្រុមហ៊ុនខ្លះបានលុបគម្រោងចោល បានប្រគល់លុយកក់ជូនអតិថិជនវិញ និងបានរក្សាដីទុក ឬលក់ដីចេញ»។
លោក Phattarachai បានថ្លែងថា គម្រោងខុនដូមួយចំនួនបានរចនាយូនីតរួចហើយសម្រាប់ជួល ដើម្បីទាក់ទាញអតិថិជនដែលចង់វិនិយោគ។ យូនីតទាំងនេះមើលទៅដូចជាបន្ទប់សណ្ឋាគារមួយដូច្នេះដែរ មានទំហំតូចជាងត្រឹមតែ ២៥ ម៉ែត្រការ៉េប៉ុណ្ណោះ សម្រាប់ស្ទូតយោ និង ៣០ ម៉ែត្រការ៉េ សម្រាប់យូនីតដែលមានបន្ទប់ដេកមួយ តែមិនមានបន្ទប់ទទួលភ្ញៀវ។
ក្រុមហ៊ុន Colliers បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់ខុនដូថ្មីសរុបដែលចាប់ផ្តើមសាងសង់នៅក្នុងទីក្រុងបាងកកនៅឆ្នាំនេះ នឹងមានចំនួនពី ៤០ ០០០ ទៅ ៤៣ ០០០ យូនីត ដែលធ្លាក់ចុះពី ៤៤ ៦៦២ យូនីត ដែលមានតម្លៃសរុប ២១៩ ពាន់លានបាត (៧,៣៦ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៩។
ចំនួនយូនីតសរុបនៅឆ្នាំមុនបានធ្លាក់ចុះ ៣៣,៤ ភាគរយ ធៀបនឹងចំនួន ៦៦ ០២១ យូនីតក្នុងឆ្នាំ ២០១៨ ដែលជិតស្នើនឹងកម្រិតនៅឆ្នាំ ២០១៧ ដែលមានចំនួន ៤៤ ០៦៥ យូនីត៕ KC