
Olympia City ដែលនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ បន្ទប់ខុនដូប្រហែល ៩០ ភាគរយក្នុងគម្រោង Olympia City ដែលវិនិយោគជាង ៥០០ លានដុល្លារស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិកផ្នែកខាងជើងត្រូវបានលក់ចេញ ខណៈអតិថិជនប្រហែល ៥០ ភាគរយគឺជាជនជាតិខ្មែរ។ នេះបើតាមបុគ្គលិកជាន់ខ្ពស់ផ្នែកលក់នៃគម្រោង Olympia City កាលពីថ្ងៃម្សិលមិញ។
Olympia City គឺជាគម្រោងដ៏ធំដែលរួមមាន អគារស្នាក់នៅទំនើបៗ ៤ អគារ អគារពាណិជ្ជកម្មកម្ពស់២៥ជាន់ ផ្សារទំនើបកម្ពស់៧ជាន់ រួមនឹងអគារពាណិជ្ជកម្ម Commercial Tower ជាដើម។
គម្រោងនេះជាការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ដែលបានចាប់ផ្តើមសាងសង់កាលពីអំឡុងឆ្នាំ ២០១២ លើផ្ទៃដីជាង ៦ ហិកតា។
កញ្ញា តេង ស្រីកែវ បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារ និងលក់នៃគម្រោង Olympia City បាននិយាយថា ការលក់បន្ទប់ខុនដូក្នុងគម្រោង Olympia City ដែលមានចំនួន៤អគារ C1, C2, C3 និង C4 ពេលនេះសម្រេចបានប្រហែល ៩០ ភាគរយហើយ ក្នុងចំណោមយូនីតទាំងអស់ជាង ២ ៣០០។
កញ្ញាបន្តថា ក្នុងអត្រានេះ ចំនួននៃការចូលមករស់នៅរបស់អតិថិជនបានកើនដល់ ៥០ ភាគរយផងដែរ ខណៈការសាងសង់អគារពាណិជ្ជកម្មចំនួន ៣ ផ្សេងទៀតនៅក្នុងគម្រោងនេះកំពុងដំណើរការ។
កញ្ញា ស្រីកែវ បានបញ្ជាក់ថា៖«កត្តាសំខាន់ដែលធ្វើឲ្យ Olympia City ទទួលបានអតិថិជនច្រើនគឺដោយសារវាជាគម្រោងធំ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងជាគម្រោងស្ថិតក្រោមសម្ព័ន្ធនៃក្រុមហ៊ុន OCIC»។
ក្នុងចំណោមអតិថិជន ដែលមកទិញលំនៅឋានក្នុងគម្រោង Olympia City មាន ៥០ ភាគរយជាជនជាតិខ្មែរ ខណៈជនបរទេសភាគច្រើនមកពីក្នុងតំបន់អាស៊ី។ នេះបើតាមកញ្ញា ស្រីកែវ។
Olympia City គឺជាបណ្តុំនៃកន្លែងកម្សាន្ត សាលារៀនអន្តជាតិ និងផ្សារទំនើប Olympia Plaza ដែលគ្រោងនឹងបើកក្នុងចុងឆ្នាំ២០១៨នេះ។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បាននិយាយថា ទីតាំងគឺជាហេតុផលចម្បងដែលធ្វើឲ្យការលក់ខុនដូរបស់ Olympia City ទទួលបានជោគជ័យ។
លោកថ្លែងថា៖«មិនមែនជារឿងចម្លែកទេដែលគម្រោងនេះលក់បានច្រើនបែបនេះ ព្រោះគម្រោងនេះមានទីតាំងល្អ និងបានបើកលក់យូរមកហើយដែរ។ ម៉្យាងទៀតការសាងសង់គម្រោងនេះក៏មិនដែលមានបញ្ហាដូចគម្រោងមួយចំនួននោះទេ»។
ទាក់ទងនឹងព័ត៌មានមួយចំនួនដែលលើកឡើងថា ទីផ្សារខុនដូនៅកម្ពុជាកំពុងធ្លាក់ចុះនោះ លោក ចណ្ណា បានអះអាងថា ការលក់មិនបានធ្លាក់ចុះនោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលថ្មីៗនេះមានគម្រោងមួយចំនួនទើបប្រកាសពីការចាប់ផ្តើមសាងសង់។
លោក ម៉េង ចំរើន ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន OCIC បាននិយាយថា រហូតមកទល់ពេលនេះការសាងសង់គម្រោង Olympia City ទាំងមូលសម្រេចបានប្រមាណ ៧៥ ភាគរយហើយដោយគម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ២០២១។
លោកបន្តថា៖ «ការសាងសង់របស់យើងកំពុងដំណើរការទៅមុខជាប្រចាំ ខណៈអគារនៅជួរខាងមុខមួយចំនួនបានបញ្ចប់ការសាងសង់ ១០០ ភាគរយហើយ»។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបចេញផ្សាយកាលពីចុងខែកក្កដា កន្លងមកបង្ហាញថា នៅក្នុងត្រីមាសទី ២ ឆ្នាំ២០១៨ មានខុនដូប្រមាណ ២ ០០០ យូនីតបានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារដែលធ្វើឲ្យចំនួនបន្ទប់ស្នាក់នៅខុនដូ ក្នុងក្រុងភ្នំពេញកើនដល់ចំនួន ១១ ៨៣០ យូនីត គិតត្រឹមដំណាច់ឆមាសទី ១។ ចំនួននេះគឺកើនឡើង ២០ ភាគរយ បើធៀបនឹងត្រីមាសទី ១ នៃឆ្នាំ ២០១៨ ដែលមានចំនួនជិត ១០ ០០០យូនីត៕