ក្រុងវ៉ាស៊ីនតោនៈ ការលក់ផ្ទះដែលមានស្រាប់ (ផ្ទះចាស់) ដែលជាផ្នែកធំបំផុតនៃទីផ្សារលំនៅឋានដ៏ធំរបស់អាមេរិកបានកើនឡើង ២ ខែជាប់គ្នាគិតត្រឹមខែសីហា។ នេះបើយោងតាមតួលេខឧស្សាហកម្មបានបង្ហាញកាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាយោងតាមរបាយការណ៍ប្រចាំខែដែលចេញផ្សាយដោយសមាគមជាតិអ្នកវាយតម្លៃ (NAR) ទោះបីជាអត្រាកម្ចីទិញផ្ទះគួរឲ្យទាក់ទាញក៏ដោយ ក៏កំណើនការលក់ត្រូវបានរារាំងដោយការផ្គត់ផ្គង់ផ្ទះដ៏ពិបាក និងកំណើនតម្លៃ។
ការលក់លំនៅឋានគ្រួសារទោលដែលមានស្រាប់ ផ្ទះល្វែង ខុនដូ និងផ្ទះសហករណ៍បានកើនឡើង ១,៣ ភាគរយធៀបនឹងខែកក្កដាដល់អត្រាប្រចាំឆ្នាំ ៥,៤៩ លានយូនីតដែលលើសពីការរំពឹងទុក។
ការលក់បានកើនឡើងនៅក្នុងតំបន់ Northeast តំបន់ Midwest និងតំបន់ South ប៉ុន្តែបានធ្លាក់ចុះនៅតំបន់ West។
ការកើនឡើងនេះអាចគាំទ្រដល់កំណើនផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ៣ បន្ទាប់ពីថមថយកំណើនរយៈពេលជាងមួយឆ្នាំ។
លោក Lawrence Yun ប្រធានសេដ្ឋវិទូប្រចាំសមាគម NAR បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ការលក់កើនឡើង ប៉ុន្តែចំនួនផ្ទះនៅក្នុងស្ដុកនៅតែទាប ហើយដូច្នេះកំពុងជំរុញឲ្យមានកំណើនតម្លៃផ្ទះ»។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសាងសង់លំនៅឋាន ចាំបាច់ត្រូវបង្កើនការសាងសង់លំនៅឋានថ្មី ខណៈការបរាជ័យកំណើនការសាងសង់នឹងបង្កឲ្យតម្លៃផ្ទះស្ថិតក្នុងគ្រោះថ្នាក់នៃការកើនឡើងតម្លៃក្នុងល្បឿនលឿនជាងប្រាក់ចំណូល»។
ទិន្នន័យរដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុនបានបង្ហាញឲ្យឃើញពីការកើនឡើងភ្លាមៗក្នុងការសាងសង់លំនៅឋាន ប៉ុន្តែការសាងសង់នេះផ្តោតភាគច្រើនក្នុងវិស័យអាផាតមិនដែលមិនទៀងទាត់នៃឧស្សាហកម្មនេះ។
អត្រាការប្រាក់ជាមធ្យមសម្រាប់កម្ចីទិញផ្ទះសម្រាប់រយៈពេល ៣០ ឆ្នាំបានធ្លាក់ចុះមកនៅត្រឹម ៣,៦២ ភាគរយកាលពីខែសីហាធៀបនឹង ៣,៧៧ កាលពីខែកក្កដា។
ធនាគារកណ្ដាលអាមេរិកបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ខ្លួនកំពុងកាត់បន្ថយអត្រាប្រាក់កម្ចីគោលដែលមានន័យថា អត្រាការប្រាក់កម្ចីទិញផ្ទះទំនងជានឹងធ្លាក់ចុះបន្ថែមទៀតដែលនឹងបង្កើនតម្រូវការផ្ទះ ហើយតម្លៃនឹងកើនឡើង។
តម្លៃលំនៅឋានកម្រិតតម្លៃកណ្តាល (Median) មានតម្លៃ ២៧៨ ២០០ ដុល្លារ កើនឡើង ៤,៧ ភាគរយធៀបនឹងខែសីហាឆ្នាំមុនដែលបង្ហាញពីកំណើនរយពេល ៩០ ខែជាប់គ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះស្ដុកផ្ទះបានធ្លាក់ចុះមកនៅត្រឹម ១,៨៦ លានយូនីតនៅលើផ្សារនេះធ្លាក់ចុះពី ១,៩ លានកាលពីខែកក្កដាដែលតំណាងការផ្គត់ផ្គងរយៈពេល ៤,១ ខែធ្លាក់ចុះបន្តិចធៀបនឹងខែមិថុនា។
ការផ្គត់ផ្គង់តិចមានភាពកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយការសាងសង់យឺតយ៉ាវ ខណៈដែលកង្វះកម្លាំងពលកម្ម និងពន្ធនាំចូលបានបង្កើនថ្លៃដើមសម្រាប់ក្រុមហ៊ុនសាងសង់ និងបានបង្កើតភាពមិនច្បាស់លាស់អំពីតម្រូវការអ្នកទិញ។
ប៉ុន្តែអត្រាគ្មានការងារធ្វើទាប និងការកើនឡើងប្រាក់ឈ្នួលនឹងជួយឲ្យមានអ្នកទិញផ្ទះកាន់តែច្រើនដែលត្រៀមខ្លួនរួចរាល់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ផ្ទះ។
លោក Ian Shepherdson បម្រើការងារនៅក្រុមហ៊ុន Pantheon Macroeconomics បានឲ្យដឹងថា ការកើនឡើងតម្រូវការកម្ចីទិញផ្ទះបានបង្ហាញថា ការលក់គួរតែបន្តកើនឡើងនៅពេលនៅសេសសល់ក្នុងឆ្នាំ ២០១៩ នេះ។
ទោះបីជាយ៉ាងណាលោកបានសរសេរនៅក្នុងបទវិភាគមួយថា៖ «ស្ថិតនៅកណ្តាលផ្លូវនៃការកើនឡើងនេះ គឺជាការរឹតបន្តឹងតិចតួចនៃស្តង់ដាការផ្តល់កម្ចីទិញផ្ទះ និងផលប៉ះពាល់ដោយសារតែសង្គ្រាមពាណិជ្ជកម្មដែលនឹងរារាំងកំណើនអ្នកប្រើប្រាស់ ប្រាក់ចំណូលពិត និងទំនងជាប៉ះពាល់ដល់ទំនុកចិត្តផងដែរ សូម្បីតែមុនពេលការដកហូតពន្ធនាំចូលលើទំនិញប្រើប្រាស់វាយប្រហារដល់កម្រិតលក់រាយ»៕ LA