ក្រុងវ៉ាស៊ីនតោនៈ ការចុះហត្ថលេខា​ទិញ​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៣ ខែ នៅ​ខែ​កក្កដា ដែល​បង្ហាញ​ថា​ទីផ្សារ​លំនៅឋាន​កំពុង​មាន​ស្ថិរភាព បន្ទាប់ពី​ទទួល​បាន​កំណើន​តិចតួច​ក្នុង​ការចុះបញ្ជី​ផ្ទះ​ថ្មី ការកាត់​បន្ថយ​ពន្ធ និង​ទីផ្សារ​ការងារ​រឹងមាំ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​សមាគម​ជាតិ​ក្រុមហ៊ុន​លក់រាយ (NAR) ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ដើម​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​ថា កំណើន​ចុះកិច្ចសន្យា​ទិញ​ផ្ទះ​ដែល​មាន​ស្រាប់​ប្រចាំ​ខែ​កក្កដា​ធៀប​នឹង​ខែ​មិថុនា​នេះ​មាន​ភាព​ទូលំ​ទូលាយ​ដោយ​តំបន់​ធំៗ​ទាំង​ ៤ នៅ​អាមេរិក​បាន​បង្ហាញ​ពី​កំណើន​។ ទន្ទឹម​នេះ​ដែរ​ទីក្រុង​ផតលែន ក្រុង​អូរីជិន ក្រុង​សៀថល និង​ក្រុង​សានចូសេ និង​រដ្ឋ​កាលីហ្វ័រញ៉ា​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​មួយ​ចំនួន​ដែល​បាន​បង្ហាញ​ពី​កំណើន​ខ្លាំង​ក្នុង​ការ​ចុះបញ្ជី​ផ្ទះ​ថ្មី នេះ​បើ​យោង​តាម​សមាគម​ជាតិ​ក្រុមហ៊ុន​លក់រាយ​។

បើ​ទោះ​ជា​មាន​ការ​ស្វាគមន៍​កំណើន​ស្តុក​លំនៅឋាន​ដែល​អាច​ជួយ​ទាញ​ទម្លាក់​តម្លៃ​ផ្ទះ​ក៏ដោយ ក៏​សមាគម​នេះ​បាន​ឲ្យ​ដឹង​ថា​ការ​មាន​ការ​ផ្គត់ផ្គង់​ច្រើន​ជាង​នេះ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​។

អត្រា​គ្មាន​ការងារ​ធ្វើ​ទាប និង​ការកាត់​បន្ថយ​ពន្ធ​កំពុង​ជំរុញ​ការចំណាយ ហើយ​ត្រូវ​បាន​​គេ​មើលឃើញ​ថា ទំនង​ជា​ជំរុញ​ឲ្យ​មាន​តម្រូវការ​ផ្ទះ​។ ទោះ​ជា​យ៉ាង​ណា​កំណើន​លក់​ផ្ទះ​នេះ​អាច​បង្ហាញ​ពី​ការលំបាក​ផង​ដែរ​ដោយសារ​អ្នក​ទិញ​ផ្ទះ​ប្រឈម​នឹង​បញ្ហា​នៃ​ការ​មាន​ជម្រើស​​តិចតួច​សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃថោក​សមរម្យ ខណៈ​ដែល​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​នៅ​តែ​ខ្ពស់​។

លើស​ពី​នេះ​ទៀត​កំណើន​ប្រាក់​ឈ្នួល​ស្ទើរតែ​មិន​កើត​មាន ខណៈ​ពេល​ដែល​អតិផរណា​បន្ត​កើនឡើង​។

ព័ត៌មាន​ទាំងនេះ​បាន​ចេញ​ផ្សាយ​បន្ទាប់ពី​មាន​របាយការណ៍​នាពេល​ថ្មីៗ​នេះ​ដែល​បង្ហាញ​ពី​កម្រិត​យឺត​បំផុត​នៃ​ការចាប់ផ្តើម​សាងសង់​ផ្ទះ​ក្នុង​រយៈពេល ៩ ខែ​ក្នុង​ឆ្នាំ​នេះ​ការ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​តិច​ជាង​មុន និង​អត្រា​ទាប​បំផុត​នៃ​ការលក់​ផ្ទះ​ថ្មី​គិត​ចាប់ពី​ខែ​តុលា​មក​។

ដោយ​ដកស្រង់​សំដី​របស់​លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ​សមាគមជាតិ​ក្រុមហ៊ុន​លក់រាយ ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង ខណៈ​បាន​ថ្លែង​ថា​៖ «​កម្លាំង​វិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង និង​ការជួល​បុគ្គលិក​ថ្មី​ប្រកប​ដោយ​ស្ថិរភាព​កំពុង​ត្រូវ​បាន​ឆ្លើយតប​ដោយ​កម្លាំង​អវិជ្ជមាន​នៃ​កំណើន​តម្លៃ​ផ្ទះ និង​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​»​។ លោក​បាន​បន្ថែម​ថា​៖ «​បើ​ទោះ​ជា​ម្ចាស់​ផ្ទះ​ច្រើន​ជាង​មុន​តិចតួច​បាន​ដាក់​ផ្ទះ​របស់​ពួកគេ​លក់​នៅលើ​ទីផ្សារ​ក៏ដោយ ក៏​ស្តុក​ផ្ទះ​នៅ​តែ​កម្រិត​ទាប និង​មិន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​»​។

លោក​បន្ថែម​ថា​៖ «​ជា​លទ្ធផល​ឧបសគ្គ​នៃ​លទ្ធភាព​កំពុង​រារាំង​ដល់​អតិថិជន​មួយ​ចំនួន​ដែល​ចង់​ទិញ​ផ្ទះ និង​រក្សា​សកម្មភាព​លក់​សរុប​ដែល​មាន​កម្រិត​ទាប​ជាង​កម្រិត​កាលពី​ឆ្នាំ​មុន​»៕ KC