ក្រុងវ៉ាស៊ីនតោនៈ កង្វះការផ្គត់ផ្គង់នៃលំនៅឋាននៅអាមេរិកបានជំរុញតម្លៃយ៉ាងខ្លាំងកាលពីខែកញ្ញា ដែលបណ្ដាលឲ្យការលក់លំនៅឋានដែលមានស្រាប់ធ្លាក់ចុះ។ នេះបើយោងតាមតួលេខថ្មីរបស់ឧស្សាហកម្មដែលចេញផ្សាយកាលពីសប្តាហ៍មុន។
ខណៈដែលអត្រាការប្រាក់ទាបកំពុងទាក់ទាញអ្នកទិញឲ្យទិញលំនៅឋាន ផ្ទះល្វែង ឬខុនដូថ្មីៗដែល ១ ភាគ ៣ ក្នុងចំណោមពួកគេគឺជាអ្នកទិញលំនៅឋានលើកដំបូងនោះ កំណើនតម្រូវការកំពុងជំរុញតម្លៃកាន់តែខ្ពស់។ នេះបើយោងតាមសមាគមជាតិភ្នាក់ងារអចលនទ្រព្យ (NAR)។
របាយការណ៍របស់សមាគម NAR ចុងក្រោយបំផុតបានបង្ហាញថាការលក់លំនៅឋានដែលមានស្រាប់បានធ្លាក់ចុះ ២,២ ភាគរយ ធៀបនឹងខែសីហាមកនៅត្រឹម ៥,៣៨ លានយូនីត នៃអត្រាប្រចាំឆ្នាំដែលកែតម្រូវតាមរដូវកាលដែលនៅក្រោមអ្វីដែលក្រុមសេដ្ឋវិទូបានរំពឹងទុក។
NAR បានឲ្យដឹងថា តម្លៃជាមធ្យម (median) សម្រាប់ប្រភេទលំនៅឋានទាំងអស់បានកើនឡើង ៥,៩ ភាគរយ ដល់ ២៧២ ១០០ ដុល្លារ ធៀបនឹងខែកញ្ញាឆ្នាំ ២០១៨ ខណៈតម្លៃបានកើនឡើងនៅក្នុងគ្រប់តំបន់ទាំងអស់ដែលធ្វើឲ្យការកើនឡើងតម្លៃនេះមានរយៈពេល ៩១ ខែជាប់គ្នា។ ការលក់កើន ៣,៩ ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ ២០១៨។
លោក Lawrence Yun ប្រធានសេដ្ឋវិទូប្រចាំ NAR បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យើងត្រូវតែបន្តគាំទ្រឲ្យមានស្ដុកបន្ថែមទៀត»។
លោក Yun បានមានប្រសាសន៍ថា៖ «តម្លៃលំនៅឋានកំពុងកើនឡើងនៅក្នុងល្បឿនលឿនបំផុត ដោយសារតែកង្វះការផ្គត់ផ្គង់លំនៅឋាន ហើយកង្វះស្ដុកកំពុងតែរារាំងដល់សក្ដានុពលកំណើននៃការលក់លំនៅឋាន»៕ LA