ក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាលបានរាយការណ៍កាលពីចុងខែតុលាថា ការលក់លំនៅឋានថ្មីៗនៅអាមេរិកបានធ្លាក់ចុះកាលពីខែកញ្ញា ខណៈដែលតម្លៃបានធ្លាក់ចុះ ហើយការផ្គត់ផ្គង់លើទីផ្សារបានរក្សាស្ថិរភាព។
ទោះបីជាធ្លាក់ចុះក៏ដោយ ក៏ក្រុមសេដ្ឋវិទូបានឲ្យដឹងថា លទ្ធផលនេះបានបង្ហាញថា ទីផ្សារលំនៅឋានអាមេរិកនៅតែល្អប្រសើរ ដោយសារការទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ទិញផ្ទះគួរឲ្យទាក់ទាញ ការបង្កើតប្រាក់ឈ្នួល និងអត្រាគ្មានការងារធ្វើកម្រិតទាបជាប្រវត្តិសាស្ដ្រ។
ហើយការកើនឡើងជារួមក្នុងការលក់លំនៅឋានថ្មីនៅត្រីមាសទី ៣ អាចមើលឃើញពីការចូលរួមចំណែកនៃការលក់លំនៅឋានដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) បន្ទាប់ពីបានដាក់បន្ទុកលើសេដ្ឋកិច្ចក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។
ទិន្នន័យក្រសួងពាណិជ្ជកម្មបង្ហាញថា ការលក់សរុបនៃលំនៅឋានគ្រួសារទោលបានធ្លាក់ចុះ ០,៧ ភាគរយ មកនៅត្រឹមអត្រាប្រចាំឆ្នាំនៅតែរឹងមាំចំនួន ៧០១ ០០០ ដែលត្រូវបានកែតម្រូវតាមរដូវ។ តួលេខនេះភាគច្រើនស្របជាមួយនឹងការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។
របាយការណ៍ដដែលបានឲ្យដឹងថា ការកើនឡើងការលក់នៅតំបន់ Midwest បានជួយប៉ះប៉ូវដល់ការលក់ធ្លាក់ចុះនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសនេះ ហើយធៀបនឹងខែកញ្ញាឆ្នាំមុនការលក់សរុបនៅតែបានកើនឡើង ១៥,៥ ភាគរយ។
ក្នុងគ្រាដែលមានការបង្កើនប្រាក់ឈ្នួល និងអត្រាគ្មានការងារធ្វើទាបជាប្រវត្តិសាស្ដ្រ ការលក់បានកើនឡើងកាន់តែខ្ពស់កាលពីខែមិថុនា កក្កដា និងខែសីហា។
ប៉ុន្តែទីផ្សារលំនៅឋានដែលមានស្រាប់ដែលមានទំហំធំជាងឆ្ងាយនៃទីផ្សារលំនៅឋានថ្មីក៏បានធ្លាក់ចុះផងដែរកាលពីខែកញ្ញា។ នេះបើយោងតាមទិន្នន័យឧស្សាហកម្មដែលចេញផ្សាយកាលពីចុងខែមុន។
ក្រុមហ៊ុន RDQ Economics បានឲ្យដឹងថា ទំហំការលក់នៅត្រីមាសទី ៣ មានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ ឆ្នាំ។
ក្រុមហ៊ុនមួយនេះបានឲ្យដឹងនៅក្នុងរបាយការណ៍មួយផ្ញើទៅអតិថិជនថា៖ «យើងជឿជាក់ថា អត្រាការប្រាក់កម្ចីទិញផ្ទះកាន់តែទាប និងកំណើនការងារជាបន្តនឹងគាំទ្រតម្រូវការលំនៅឋាន និងថា ការណ៍នេះនឹងក្លាយជាទៅកម្រិតសាងសង់កាន់តែខ្ពស់»។
ការខ្វះខាតការងារ ការចំណាយខ្ពស់លើសម្ភារដែលមួយផ្នែកកើតមានឡើងដោយសារតែពន្ធនាំចូល និងការបារម្ភថា សង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចធ្វើឲ្យក្រុមអ្នកទិញនៅពេលអនាគតភ័យខ្លាចនោះ កន្លងមកបានធ្វើឲ្យក្រុមហ៊ុនសាងសង់លំនៅឋានមួយចំនួនស្ទាក់ស្ទើរក្នុងការបន្ថែមការផ្គត់ផ្គង់។
នៅទូទាំងប្រទេសស្ដុកលំនៅឋានសម្រាប់លក់ ភាគច្រើនមិនផ្លាស់ប្តូរ និងនៅក្នុងកម្រិតល្បឿនការលក់នៅពេលបច្ចុប្បន្នបានតំណាងឲ្យការផ្គត់ផ្គង់រយៈពេល ៥,៥ ខែ ដែលដូចគ្នានឹងខែសីហាដែរ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលនេះ។
ទន្ទឹមនឹងនេះតម្លៃលក់កណ្តាល (median) បានធ្លាក់ចុះ ៧,៩ ភាគរយ មកនៅត្រឹម ២៩៩ ៤០០ ដុល្លារ ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៧៕ LA