ក្រុងវ៉ាស៊ីនតោនៈ ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងឥតរំពឹងទុកដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេល ៧ ខែនៅខែធ្នូ ឆ្នាំមុន បន្ទាប់ពីមានការថយចុះក្នុងទីផ្សារលំនៅឋាន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ការកើនឡើងនៅចុងឆ្នាំ២០១៨ បានកើតមានឡើងដោយសារការកែប្រែទម្លាក់ចុះខ្លាំងការលក់ក្នុងខែវិច្ឆិកាដែលត្រូវបានរាយការណ៍កន្លងមក។
ទន្ទឹមនឹងនេះដែរ តម្លៃបានកើនឡើង ខណៈពេលដែលការផ្គត់ផ្គង់បានរក្សាស្ថិរភាព។
ការលក់ផ្ទះថ្មីសម្រាប់គ្រួសារទោលបានកើនឡើង ៣,៧ ភាគរយក្នុងខែធ្នូ ឆ្នាំមុនដល់អត្រាប្រចាំឆ្នាំ ៦២១ ០០០ យូនីត ដែលជាកម្រិតលឿនបំផុងគិតចាប់ពីខែឧសភា ឆ្នាំមុនមក។ ក្រុមសេដ្ឋវិទូបានព្យាករពីកំណើនលក់ ៤,៥ ភាគរយ។
បើទោះជាមានកំណើនក្តី ក៏ការលក់នៅខែធ្នូ ឆ្នាំ ២០១៨ នៅតែមានកម្រិតទាបជាង ២,៤ ភាគរយធៀបនឹងការលក់នៅខែធ្នូ ឆ្នាំ ២០១៧។
ក្រុមមន្ត្រីក៏បានរំឭកផងដែរថា តួលេខចំនួនផ្ទះ គឺជាកម្មវត្ថុចំពោះការកែប្រែខ្លាំង ហើយនិន្នាការច្បាស់ៗនានាអាចមិនកើតមានឡើងឡើយសម្រាប់រយៈពេល ៦ ខែ។
ការកើនឡើងការលក់ផ្ទះនៅចុងឆ្នាំ ២០១៨ នេះ អាចជួយបែរត្រឡប់ការធ្លាក់ចុះដ៏យូរគិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៧ មក ដែលបានបង្កឲ្យក្រុមអ្នកវិភាគបារម្ភថា សេដ្ឋកិច្ចអាមេរិកបានកើនដល់កម្រិតកំពូលហើយ។
ប៉ុន្តែកំណើនការសាងសង់ និងការធ្លាក់ចុះថ្មីៗនៃអត្រាការប្រាក់កម្ចីទិញផ្ទះ បានជួយបន្ធូរបន្ថយសម្ពាធមួយចំនួនលើទីផ្សារ។
តម្លៃផ្ទះថ្មីជាមធ្យមបានកើនឡើង ៤,៨ ភាគរយដល់ ៣១៨ ០០០ ដុល្លារនៅខែធ្នូ ដោយប្រែត្រឡប់ការធ្លាក់ចុះនៅខែវិច្ឆិកា។ ស្តុកផ្ទះបានកើនឡើងដល់ ៣៤៤ ០០០ យូនីតនៅលើទីផ្សារ ដែលធ្វើឲ្យការផ្គត់ផ្គង់អាចផ្គត់ផ្គង់បានសម្រាប់ពេល ៦,៦ ខែនៅកម្រិតលក់នាពេលបច្ចុប្បន្ន ដែលទាបជាងកម្រិតកាលពីខែវិច្ឆិកា។
លោក Ian Shepherdson បម្រើការងារនៅក្រុមហ៊ុន Pantheon Macroeconomics បានថ្លែងថា ការកែប្រែទម្លាក់ចុះខ្លាំងនៃទិន្នន័យលក់នៅខែវិច្ឆិកា គឺជា«ការរំឭកមួយថា មិនឲ្យផ្តោតខ្លាំងពេកទៅលើទិន្នន័យលក់ផ្ទះថ្មីប្រចាំខែ»។
ប៉ុន្តែលោកបានថ្លែងថា លោករំពឹងថាការលក់នឹងបន្តកើនឡើង។
លោកបានឲ្យដឹងនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា៖ «កំណើនពាក្យស្នើសុំកម្ចីទិញផ្ទះកាលពីរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុន កំពុងចាប់ផ្តើមធ្វើការងារហើយនៅទូទាំងតួលេខទាំងនេះ ហើយយើងរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតក្នុងការលក់ក្នុងរដូវផ្ការីក»៕ AFP/KC