ក្រុង​វ៉ាស៊ីនតោនៈ រដ្ឋាភិបាល​អាមេរិក​​បាន​រាយការណ៍​​កាល​ពី​ចុង​ខែ​មេសា​​ថា ការ​លក់​លំនៅឋាន​ថ្មី​​បាន​កើន​ឡើង​កាល​ពី​ខែ​មីនា ដែល​ខុស​ពី​ការ​រំពឹង​ទុក​។​

ការ​ដាក់​​​លក់​ផ្ទះ​បាន​កើន​ឡើង​​ដល់​​​​កម្រិត​​ខ្ពស់​រយៈពេល​ ១៦ ខែ ហើយ​លទ្ធផល​នេះ​បាន​បង្ហាញ​កំណើន​ជាប់​គ្នា​ ៣ ​ខែ។ ទោះ​ជា​យ៉ាង​ណា ទិន្នន័យ​សម្រាប់​រយៈពេល​ ៣ ខែ​​មុន​ដំបូង​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​​​​កែ​តម្រូវ​ទម្លាក់​ចុះ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​រាយការណ៍​ថា តម្លៃ​លក់​ជា​មធ្យម​នៃ​លំនៅឋាន​ថ្មី បាន​ធ្លាក់​ចុះ​ពី​ ៣១៥ ២០០ ​ដុល្លារ​​ក្នុង​ខែ​មីនា​​ មក​នៅ​ត្រឹម ​៣០២ ៧០០​ ដុល្លារ​កាល​ពី​ខែ​កុម្ភៈ។

ការ​លក់​លំនៅឋាន​គ្រួសារ​ទោល​ដែល​​​ទើប​នឹង​សាងសង់​រួច​បាន​កើន​ឡើង​ ៤,៥ ​ភាគរយ ​កាល​ពី​ខែ​មីនា​ដល់​អត្រា​ប្រចាំ​ឆ្នាំ​ដែល​កែ​តម្រូវ​តាម​រដូវ​កាល​ចំនួន ៦៩២ ០០០ ​​ខ្នង។ តួលេខ​​នេះ​ខ្ពស់​ជាង ​៣ ​ភាគរយ ​បើ​ធៀប​​ការ​លក់​នៅ​​ខែ ​មីនា ឆ្នាំ ​២០១៧។ នេះ​បើ​​តាម​របាយការណ៍​នេះ។ ​ផ្ទុយ​ទៅ​វិញ​ក្រុម​សេដ្ឋវិទូ​កំពុង​រំពឹង​ថា​ ​ការ​លក់​មាន​តែ​ ៦៤៦ ០០០ ខ្នង។

ឧស្សាហកម្ម​លំនៅឋាន​​​គឺ​ជា​កត្តា​ជំរុញ​​​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​អាមេរិក ​ហើយ​ធនាគារ​កណ្ដាល​​​អាមេរិក​បាន​ផ្ដល់​សញ្ញា​ថា អត្រា​ការ​ប្រាក់​​នឹង​​មិន​​កើន​ឡើង​​ទេ​នៅ​ឆ្នាំ​នេះ ដែល​រំពឹង​ថា​​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​មួយ​ដល់​​​ការ​លក់​លំនៅឋាន​​។ ​និន្នាការ​​ការ​ដាក់​ពាក្យ​​សុំ​​កម្ចី​ទិញ​ផ្ទះ ភាគ​ច្រើន​កើន​ឡើង​​កាន់​តែ​ខ្ពស់។​

ប៉ុន្តែ​ក្រុមហ៊ុន​សាងសង់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​កំពុង​ត្អូញត្អែរ​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ថា ពួក​គេ​មិន​​អាច​ស្វែងរក​បាន​កម្មករ​គ្រប់គ្រាន់​ ហើយ​​បញ្ហា​នោះ​កំពុង​ពន្យារ​ពេល​គម្រោង​​មួយ​ចំនួន​។​

ទោះ​ជា​យ៉ាង​ណា ​ទិន្នន័យ​នេះ​ងាយ​នឹង​​ប្រែប្រួល​ណាស់​​​។​

ក្រុម​អ្នក​វិភាគ​​ប្រចាំ​​ក្រុមហ៊ុន RDQ Economics បាន​ព្រមាន​ថា ពួក​គេ «បាន​សង្ស័យ​ខ្លាំង​អំពី​គុណភាព​របស់​​ទិន្នន័យ​ទាំង​នេះ​» ប៉ុន្តែ​បាន​យល់​​ស្រប​​ជាមួយ​នឹង​ទិន្នន័យ​ផ្សេង​ទៀត​ថា ការ​លក់​លំនៅឋាន​ថ្មី ​គឺ​ជា​ការ​វាស់​វែង​​សេដ្ឋកិច្ច​​​ប្រសើរ​ជាង​ការ​លក់​​លំនៅឋាន​ចាស់ៗ ដែល​បាន​ធ្លាក់ចុះ​កាល​ពី​ខែ​​មីនា​។​

ការ​លក់​លំនៅឋាន​ថ្មី​​ជា​មធ្យម​​ប្រចាំ​ខែ​​ក្នុង​រយៈពេល ៣ ខែ​ដំបូង​ឆ្នាំ​នេះ​​មាន​​ចំនួន ​៦៦០ ០០០ ដែល​ខ្ពស់​ជាង​​​កាល​ពី​ត្រីមាស​ទី៣ និង​ទី៤ ​ឆ្នាំ ២០១៨។​

លោក Nancy Vanden Houten បម្រើ​ការងារ​នៅ​​​​ក្រុមហ៊ុន Oxford Economics បាន​ឲ្យ​ដឹង​ក្នុង​កំណត់​ហេតុ​​​ស្រាវជ្រាវ​មួយ​ថា​៖ «​យើង​សម្លឹង​មើល​​​​ប្រជាសាស្ដ្រ​ដែល​អនុគ្រោះ កំណើន​ស្ដុក ការ​បញ្ចុះ​អត្រា​កម្ចី​ទិញ​ផ្ទះ​ និង​កំណើន​តម្លៃ​ដែល​មាន​កម្រិត​មធ្យម ដើម្បី​គាំទ្រ​ដល់​ការ​លក់​លំនៅឋាន​​ថ្មី​​ក្នុង​ពេល​នៅ​សេសសល់​​ក្នុង​ឆ្នាំ​ ២០១៩ និង​រំពឹង​ថា​ ​​​ការ​លក់​នឹង​កើន​​​​ប្រហែល​ ១ ​ភាគរយ​នៅ​​ឆ្នាំ​នេះ​»។​

តំបន់​ឦសាន ​គឺ​ជា​តំបន់​តែ ​១ ​គត់​ដែល​បង្ហាញ​ការ​ធ្លាក់ចុះ ដែល​ធ្លាក់ចុះ ​២២ ​ភាគរយ ធៀប​នឹង​​ខែ​កុម្ភៈ ដែល​បណ្ដាល​ឲ្យ​ការ​លក់​នេះ​​ធ្លាក់ចុះ ​២០ ​ភាគរយ​ធៀប​នឹង​ខែ​មីនា​​កាល​ពី​ឆ្នាំ​មុន៕ AFP/LA