ក្រុងវ៉ាស៊ីនតោនៈ ការលក់លំនៅឋានថ្មីកាលពីខែមេសានៅអាមេរិកបានធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល ១១ ឆ្នាំដោយសារតម្លៃបានកើនឡើង។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន។
ការធ្លាក់ចុះនេះបានបញ្ឈប់កំណើនរយៈពេល ៣ ខែជាប់គ្នា ប៉ុន្តែវាទំនងជាថា ការធ្លាក់ចុះនេះអាចនឹងមានកាន់តែខ្ពស់ ដោយសារតែការលក់កាលពីខែមីនាមានកម្រិតខ្ពស់ខ្លាំងជាងការរាយការណ៍ដំបូង។
ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏ចំនួនលក់មានភាពប្រសើរជាងការរំពឹងទុក និងបានបន្តគាំទ្រដល់ចក្ខុវិស័យស្ទុះងើបឡើងវិញប្រកបដោយស្ថិរភាពនៅក្នុងទីផ្សារលំនៅឋានចំពេលដែលមានការបង្កើនប្រាក់ឈ្នួល និងការធ្លាក់ចុះអត្រាគ្មានការងារធ្វើ។
ការលក់លំនៅឋានគ្រួសារទោលថ្មីបានធ្លាក់ចុះ ៦,៩ ភាគរយកាលពីខែមេសា មកនៅត្រឹមអត្រាប្រចាំឆ្នាំ ៦៧៣ ០០០ យូនីតធៀបនឹងខែមីនាដែលបានបង្ហាញពីការលក់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០០៧ មក។
ក្រុមសេដ្ឋវិទូកំពុងរំពឹងថាការលក់ផ្ទះថ្មីនេះនឹងមានចំនួនតែ ៦៦៥ ០០០ យូនីតប៉ុណ្ណោះកាលពីខែមុន។
ល្បឿនលក់កាលពីខែមេសានេះគឺនៅតែមានកម្រិតខ្ពស់ជាង ៧ ភាគរយធៀបនឹងការលក់ក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះរួមមានទាំងការវាយតម្លៃឡើងវិញលើទិន្នន័យនានាដែលមានតាំងពីឆ្នាំ ២០១៤ មក។
ការលក់បានកើនឡើងនៅតំបន់ឦសានសហរដ្ឋអាមេរិក ប៉ុន្តែបានធ្លាក់ចុះនៅក្នុងតំបន់ផ្សេងៗទៀត។
តម្លៃការលក់ជាមធ្យមសម្រាប់លំនៅឋានថ្មីបានកើនឡើងជិត ១២ ភាគរយដល់ ៣៤២២០០ ដុល្លារដែលលើសកម្រិតតម្លៃកាលពីឆ្នាំ ២០១៨។
ស្ដុកលំនៅឋានបានធ្លាក់ចុះតិចតួចមកនៅត្រឹម ៣៣២ ០០០ យូនីតសម្រាប់ការលក់នៅចុងខែមុន ដែលតំណាងឲ្យការផ្គត់ផ្គង់សម្រាប់រយៈពេល ៥,៩ ខែសម្រាប់កម្រិតល្បឿនលក់បច្ចុប្បន្នកើនឡើង ៥,៤ ភាគរយធៀបនឹងខែមីនា។
តួលេខខែមេសាត្រូវបានចេញផ្សាយបន្ទាប់ពីទិន្នន័យកាលពីសប្ដាហ៍មុនបានបង្ហាញថា ការលក់លំនៅឋានចាស់ដែលជាផ្នែកដ៏ធំបំផុតមួយនៃទីផ្សារលំនៅឋានបានធ្លាក់ចុះរយៈពេល ២ ខែជាប់គ្នាគិតត្រឹមខែមេសា។
ប៉ុន្តែលោក Ian Shepherdson បម្រើការងារនៅក្រុមហ៊ុន Pantheon Macroeconomics បានឲ្យដឹងថា តួលេខលក់លំនៅឋានថ្មីបានឆ្លុះបញ្ចាំងឲ្យឃើញពីការស្ទុះងើបឡើងវិញដ៏រឹងមាំពី «គ្រោះថ្នាក់» កាលពីត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ នៅពេលការលក់ត្រូវបានថមថយដោយសារគ្រោះថ្នាក់ធម្មជាតិ និងការបារម្ភពីសេដ្ឋកិច្ច។
លោកបានឲ្យដឹងក្នុងកំណត់សម្គាល់ផ្ញើទៅកាន់អតិថិជនមួយថា៖ «រយៈពេល ២-៣ ខែក្រោយទំនងជានឹងមើលឃើញការលក់មានស្ថិរភាពយ៉ាងទូលំទូលាយ ប៉ុន្តែយើងកំពុងសង្ឃឹមថាការលក់នឹងស្ថិតនៅទ្រឹងនៅរដូវស្លឹកឈើជ្រុះ» នៅពេលដែលអ្នកទិញលំនៅឋានអាចទទួលអត្ថប្រយោជន៍ពីការធ្លាក់ចុះនៅពេលថ្មីៗនៃអត្រាការប្រាក់៕ LA