ក្រុងប៉េកាំងៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំទាំង ១០០ របស់ចិនបានមើលឃើញការធ្លាក់ចុះការលក់សរុបរបស់ខ្លួន ១,៧ ភាគរយ នៅខែសីហាធៀបនឹងខែកក្កដា ដែលធ្លាក់ចុះទាបជាងបន្តិចធៀបនឹងការលក់ជាមធ្យមដែលសម្រេចបានក្នុងអំឡុងពេលចាប់ពីខែមករាដល់ខែមិថុនា។ នេះបើយោងតាមក្រុមហ៊ុននៅក្នុងឧស្សាហកម្ម។
ក្រុមហ៊ុនផ្តល់ព័ត៌មានឧស្សាហកម្មអនឡាញ CRIC បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗរបស់ចិនគឺក្រុមហ៊ុន Country Garden ក្រុមហ៊ុន Evergrande Group និងក្រុមហ៊ុន Vanke still បាននាំមុខគេក្នុងវិស័យនេះដោយការលក់របស់ក្រុមហ៊ុន Country Garden បានកើនឡើងដល់ ៥០៩,៥ ពាន់លានយន់ (ប្រហែល ៧១,៩ ពាន់លានដុល្លារអាមេរិក) ការលក់របស់ក្រុមហ៊ុន Evergrande Group កើនដល់ ៤២៧,៣ ពាន់លានយន់ ហើយការលក់របស់ក្រុមហ៊ុន Vanke still កើនឡើងដល់ ៣៧០,៣ ពាន់លានយន់ ក្នុងពេល ៨ ខែដំបូងក្នុងឆ្នាំនេះ។
ទីផ្សារផ្ទះក្នុងទីក្រុងលំដាប់ទី ១ បានមើលឃើញការធ្លាក់ចុះខ្លាំងក្នុងការលក់អចលនទ្រព្យកាលពីខែមុន ដោយការលក់ក្នុងទីក្រុងប៉េកាំងធ្លាក់ចុះ ៤២ ភាគរយធៀបនឹងខែកក្កដា។
ខណៈដែលអនុបាតប្រាក់ចំណេញរបស់វិស័យអចលនទ្រព្យមានកម្រិតទាបនៅពេលនេះលទ្ធភាពទទួលបានប្រាក់ចំណេញក្នុងពេលអនាគតនឹងពឹងផ្អែកកាន់តែខ្លាំងលើប្រតិបត្តិការដែលត្រូវបានកែលម្អរបស់សហគ្រាស និងផលិតផលនានា។ នេះបើយោងតាមក្រុមហ៊ុន CRIC។
ទោះជាយ៉ាងណាក្រុមហ៊ុនបន្ថែមថា៖ «ដោយសាររដូវលក់ដាច់ខ្លាំងចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកាដែលកំពុងចូលមកដល់ ការលក់ដែលកំពុងធ្លាក់ចុះនេះត្រូវបានរំពឹងថានឹងមានស្ថិរភាព»៕ People''s Daily/KC