ភ្នំពេញៈ វិនិយោគ មូលធនក្នុងវិស័យសំណង់មានទំហំសរុបជាង ២៣ ពាន់លានដុល្លារក្នុងរយៈពេលជាង ៥ ឆ្នាំចុងក្រោយ នេះ។ នេះបើ តាមសមាគមអ្នកសាងសង់កម្ពុជា (CCA)។
ថ្លែងក្នុងព្រឹត្តិការណ៍ Asean Real Estate Network Alliance (ARENA) ដែលបានរៀបចំ ឡើងកាលពីចុងសប្តាហ៍មុនលោក ឆាលរ៍ វ៉ាន់ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកសាងសង់កម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនបានធ្វើឲ្យតម្រូវការកន្លែងស្នាក់នៅ និងអគារធំៗនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ ពិសេសក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ។
លោកបានឲ្យដឹងថាការរីកចម្រើននេះបានធ្វើឲ្យវិនិយោគមូលធនក្នុងវិស័យសំណង់ចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆមាសទី ១ ឆ្នាំ ២០១៨ មានតម្លៃសរុប ២៣,១៤៦ ពាន់លានដុល្លារ។
វេទិកា ARENA គឺជាការជួបជុំប្រចាំឆ្នាំរបស់បណ្តាញអ្នកជំនាញអចលនទ្រព្យក្នុងតំបន់អាស៊ានដែលរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១២។ សម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៨ នេះមានអ្នកចូលរួមជិត ៧០០ នាក់មកពីប្រទេសជាច្រើនដែលស្ថិតក្នុងតំបន់អាស៊ាន និងប្រទេសក្រៅអាស៊ានមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី អឺរ៉ុប និងអាមេរិក។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងបង្ហាញពីការរីកចម្រើនរបស់វិស័យអចលនទ្រព្យនៅកម្ពុជាទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោក។
លោកមានប្រសាសន៍ថា៖ «កម្មវិធីនេះនឹងទាក់ទាញអ្នកវិនិយោគពីបរទេសកាន់តែច្រើនឲ្យចូលមកវិនិយោគនៅកម្ពុជា»។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប្រធានវេទិកា ARENA ក្នុងឆ្នាំ ២០១៨ នេះបានឲ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់ពិភពលោកនេះបាននាំអ្នកជំនាញផ្នែកអចលនទ្រព្យជុំវិញពិភពលោកឲ្យមកចែករំលែកបទពិសោធ និងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះជាការនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «បើអ្នកវិនិយោគបរទេសចង់ទិញដីនៅកម្ពុជា តើគួរទាក់ទងនរណា? ហើយបើខ្មែរចង់ទិញអចលនទ្រព្យនៅបរទេស តើត្រូវទៅទាក់ទងនរណា? ព្រឹត្តិការណ៍នេះគឺជាស្ពានសម្រាប់ការតភ្ជាប់នេះ»៕