ក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យរដ្ឋាភិបាលអាមេរិកបានបង្ហាញកាលពីចុងសប្តាហ៍មុនថា ការសាងសង់លំនៅឋានថ្មីរបស់អាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ១៣ ឆ្នាំ កាលពីខែធ្នូជាសញ្ញាមួយដែលបង្ហាញថា ក្រុមហ៊ុនសាងសង់លំនៅឋានកំពុងប្រកួតប្រជែងចាប់យកតម្រូវការ។
ការកើនឡើងនេះត្រូវបាននាំមុខដោយការកើនឡើងភ្លាមៗនៅផ្នែកអាផាតមិន ដែលការសាងសង់បានកើនឡើងដល់ល្បឿនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេល ៣៣ ឆ្នាំ។ នេះបើយោងតាមតួលេខក្រសួងពាណិជ្ជកម្មអាមេរិក។
ការកើនឡើងកាលពីខែធ្នូអាចគាំទ្រកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី ៤ ឆ្នាំ ២០១៩ បន្ទាប់ពីវិស័យលំនៅឋានធ្វើឲ្យយឺតយ៉ាវដល់សេដ្ឋកិច្ចអាមេរិកក្នុងរយៈពេលយូរ។
ទោះបីជាយ៉ាងណា ការអនុញ្ញាតការសាងសង់ថ្មីៗដែលជាសញ្ញាមួយបង្ហាញពីផែនការសាងសង់លំនៅឋានបានធ្លាក់ចុះជាងការរំពឹងទុក។
ការចាប់ផ្ដើមសាងសង់លំនៅឋានកើនឡើង ១៦,៩ ភាគរយ នៅខែធ្នូដល់ ១,៦ លានយូនីត ដែលកើនខ្ពស់ជាងការព្យាករដល់ល្បឿនលឿនបំផុតចាប់តាំងពីខែធ្នូឆ្នាំ ២០០៦។
ការចាប់ផ្ដើមសាងសង់លំនៅឋានគ្រួសារទោលក៏កំពុងស្ថិតនៅក្នុងកម្រិតខ្ពស់ក្រោយការដើរថយក្រោយសេដ្ឋកិច្ចផងដែរដល់ចំនួន ១,១ លានយូនីត ដែលជាល្បឿនលឿនបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០០៧ មក ខណៈដែលអគារមានដែលមាន ៥ ឬច្រើនយូនីតកើនដល់ល្បឿនលឿនបំផុតចាប់ពីខែកក្កដា ឆ្នាំ ១៩៨៦។
ធនាគារកណ្ដាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ ៣ ដងកាលពីឆ្នាំមុន ដែលជួយបន្ធូរបន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ និងប៉ះប៉ូវដល់ការឡើងថ្លៃលំនៅឋានមួយចំនួន។
ការបង្កើនប្រាក់ឈ្នួល និងអត្រាគ្មានការងារធ្វើទាបក៏បានជួយជំរុញតម្រូវការលំនៅឋានផងដែរ ដែលផ្ដល់ដល់ក្រុមហ៊ុនសាងសង់នូវការលើកទឹកចិត្តដើម្បីសាងសង់លំនៅឋានកាន់តែច្រើន។
លោក Ian Shepherdson មកពីក្រុមហ៊ុន Pantheon Macroeconomics បានឲ្យដឹងក្នុងរបាយការណ៍ដែលផ្ញើជូនអតិថិជនមួយថា៖ «គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែច្បាស់ណាស់មិនមាននិរន្តរភាពនោះទេ»។ លោកបន្ថែមថា ទំនងជាមានការកែតម្រូវនៅខែមករា។
ក្រុមហ៊ុនសាងសង់នៅតំបន់ Northeast និងតំបន់ West ដែលប្រឈមនឹងកង្វះលំនៅឋានយ៉ាងខ្លាំងបាននាំមុខកំណើនផ្នែកអគារលំនៅឋានពហុគ្រួសារ។ អាកាសធាតុកក់ក្ដៅមិនធម្មតានៅខែធ្នូក៏អាចបានជួយដល់ការសាងសង់ ផងដែរ៕ LA