លោក Kyle Corkum បានស្រមើលស្រមៃ «ទីក្រុងឆ្លាត (SmartCity)» មួយដែលមានសេវាកម្មទំនើបៗមិនទាន់មាននាពេលបច្ចុប្បន្នដូចជា សេវាកម្មយានអវកាសស្វ័យប្រវត្តិ ផ្លួវដើរមានម៉ាស៊ីនកម្តៅ និងបណ្តាញផ្តល់ថាមពលដែលមានភាពរឹងមាំអាចរក្សាថាមពលបាន បើទោះបីជាមានខ្យល់ព្យុះខ្លាំងយ៉ាងណាក៏ដោយ។
ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន LStar Ventures ដែលជាអ្នកធ្វើផែនការអភិវឌ្ឍន៍សហគមន៍លោកមានឱកាសដើម្បីកសាងសហគមន៍នៃក្តីសុបិនរបស់លោកនៅលើទីតាំងក្នុងសង្កាត់មួយដែលមានចម្ងាយជិត ២០ គីឡូមែត្រ នាភាគខាងត្បូងនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលជាតំបន់កំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីក្រុង Boston។
ក្រុមហ៊ុន LStar ដែលមានមូលដ្ឋាននៅទីក្រុង Raleigh រដ្ឋ North Carolina បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន General Electric។ លោក Corkum បានឲ្យដឹងថាដោយសារពួកគេចាប់ផ្តើមសាងសង់ពីដំបូង ដូច្នេះពួកគេអាចតភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃទៅក្នុងថាមពល ទឹក ភ្លើង និងប្រព័ន្ធដឹកជញ្ជូនដែលនឹងបម្រើឲ្យសហគមន៍ផ្ទាល់តែម្តង។
គម្រោងនេះបានមកដល់នៅពេលដែលឧស្សាហកម្មបច្ចេកវិទ្យាកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដោយក្រុមហ៊ុន Facebook កំពុងប្រឈមមុខជាមួយនឹងរឿងអាស្រូវដែលក្នុងនោះក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនទិន្នន័យនយោបាយបានប្រមូលព័ត៌មានខុសច្បាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមនេះចំនួន ៥០ លាននាក់។ ចំណែក Uber វិញក៏បានរងគ្រោះដោយសារមានការស្លាប់របស់អ្នកថ្មើរជើងម្នាក់ដែលបណ្តាលមកពីរថយន្តស្វ័យប្រវត្តិរបស់ខ្លួនកាលពីខែមុន។
ទោះជាយ៉ាងណាក៏ដោយ LStar កំពុងតែជម្នះទៅមុខជាមួយទីក្រុងឆ្លាតដែលមានឈ្មោះថា Union Point។ ផែនការទាំងនោះមានរាប់បញ្ចូលទាំងលំនៅឋានរាប់ពាន់ខ្នង និងតំបន់ពាណិជ្ជកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗលើផ្ទៃដីទំហំ ១៥០០ ហិកតា លាតសន្ធឹងទៅក្នុងសហគមន៍ជិតខាងដូចជា Rockland និង Abington។ ប៉មកញ្ចក់ ទីធ្លាសាធារណៈសហគមន៍ ផ្ទះប្រមូលផ្តុំគ្នា សួនច្បារ និងតំបន់លក់អីវ៉ាន់នឹងត្រូវបានសាងសង់នៅលើទីធ្លាទំហំ ៥០០ ហិចតា ហើយកន្លែងដែលនៅសល់នឹងត្រូវទុកឲ្យនៅជាបរិវេណទំនេរ។
រហូតមកដល់ពេលនេះសហគមន៍នេះមានលំនៅឋាន និងអាផាតមិនចំនួន ១២០០ ខ្នងរួមទាំងកន្លែងលេងកីឡាដែលមានតម្លៃ ២៨ លានដុល្លារក៏ជិតបញ្ចប់ការសាងសង់ដែរ។ ឃ្លាំងយន្តហោះដ៏ធំមួយក៏នឹងត្រូវកែលម្អឡើងវិញ ដើម្បីធ្វើជាចំណុចកណ្តាលនៃទីប្រជុំជនដែលមានហាងលក់សម្ភារ ភោជនីយដ្ឋាន និងទីធ្លាបើកចំហសម្រាប់កម្មវិធីសាធារណៈផ្សេងៗ។
ក្រុមហ៊ុន General Electrics នឹងប្រើប្រាស់ Union Point ជាមន្ទីរពិសោធន៍មួយដើម្បីសាកល្បងផលិតផលថ្មីៗព្រមទាំងជាកន្លែងដាក់បង្ហាញផងដែរ។
លោក Eric Gebhardt មន្ត្រីផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុន GE Power បាននិយាយថាផែនការថាមពលរបស់សហគមន៍នឹងរួមបញ្ចូលបច្ចេកវិទ្យា Microgrid ដែលអាចបង្កើតថាមពលឡើងវិញ និងការរក្សាទុកថាមពល។ ក្រុមហ៊ុនក៏នឹងដំឡើងភ្លើង «ឆ្លាតវៃ» សម្រាប់បំភ្លឺតាមផ្លូវដែលមានឧបករណ៍ចាប់សញ្ញាអាចតាមដានសំឡេង ពន្លឺ និងលក្ខខណ្ឌផ្សេងៗទៀត។ ទិន្នន័យទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីត្រួតពិនិត្យចរាចរណ៍ ជួយអ្នកបើកបរស្វែងរកកន្លែងចតយានយន្ត និងផ្តល់ដំណឹងទៅដល់នគរបាលអនុវត្តច្បាប់ ប្រសិនបើមានឮសូសំឡេងកាំភ្លើងបន្លឺឡើង។
លោក Gebhardt បានបន្តថាក្រុមហ៊ុន GE បានសាកល្បងផលិតផលឆ្លាតវៃរបស់ខ្លួនខ្លះនៅក្នុងទីក្រុងដែលមានស្រាប់ ប៉ុន្តែ Union Point គឺជាឱកាសមិនធម្មតាមួយដោយសារតែហេដ្ឋារចនាសម្ព័ន្ធភាគច្រើនមិនទាន់មាននៅឡើយ ហើយអ្នកអភិវឌ្ឍក៏បើកចំហឲ្យមានការពិសោធសាកល្បងផងដែរ។
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT ) គ្រោងនឹងបើកមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីមួយនៅក្នុងរោងចក្រអគ្គិសនីចាស់របស់ស្ថានីយអាកាសចរណ៍។ លោក David Rose អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ MIT បាននិយាយថា មជ្ឈមណ្ឌលនេះនឹងរៀបចំឧបករណ៍ធ្វើផែនការអន្តរកម្មមួយដែលមានឈ្មោះថា CityScope ដែលនឹងជួយដល់ការវិវត្តរបស់ Union Point ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្រមៃមើលឃើញលក្ខខណ្ឌផ្សេងៗដោយផ្អែកលើលក្ខខណ្ឌមួយចំនួនដូចជា ដង់ស៊ីតេ និងការដឹកជញ្ជូនជាដើម។
លោក Rose និយាយថា៖ «យើងចង់ឲ្យមជ្ឈមណ្ឌលនេះក្លាយជាកន្លែងបង្ហាញពីសក្តានុពលដែលទីក្រុងនេះអាចទទួលបានជាកន្លែងដែលអាចតាមដានការលូតលាស់ និងការវិវត្តជាកន្លែងមួយដើម្បីសួរសំណួរសំខាន់ៗដូចជាថា តើវាអាចមានការរួមបញ្ចូលគ្នាកាន់តែខ្លាំង ឬថាមពលកាន់តែមានប្រសិទ្ធភាពបានដែរឬទេ?»។
ក្រុមហ៊ុន LStar ក៏មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Optimus Ride ដែលជាក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិមួយនៅក្នុងទីក្រុង Boston ដើម្បីបង្កើតសេវាកម្មបើកបរដោយខ្លួនឯងនៅ UnionPoint។ ក្រុមហ៊ុននេះក៏កំពុងតែធ្វើតេស្តយានយន្តអេឡិចត្រូនិករបស់ខ្លួននៅកន្លែងនោះដែរ។
អតិថិជនដំបូងរបស់ UnionPoint ត្រូវគេរំពឹងថានឹងមកដល់នៅនិទាឃរដូវនេះ។ ក្រុមហ៊ុន Prodrive Technologies គឺជាក្រុមហ៊ុនរបស់ប្រទេសហូឡង់មានឯកទេសផលិតផលិតផលសម្រាប់ឧស្សាហកម្មរថយន្ត វេជ្ជសាស្ត្រ និងគ្រឿងបម្រើដល់វិស័យឧស្សាហកម្មមួយចំនួនទៀត។
LStar ក៏បានបញ្ចុះបញ្ចូលម្ចាស់ផ្ទះទាំងអស់ឲ្យអនុម័តលើការផ្លាស់ប្តូរទីតាំងដ៏សំខាន់មុនពេលវាអាចដំណើរការទៅមុខជាមួយនឹងគម្រោងនេះ។ ពួកគេក៏បានផ្តល់ឲ្យអ្នកអភិវឌ្ឍនូវអំណាចសម្រេចចិត្តជាច្រើនទៅលើការរចនា និងប្លង់នៃសហគមន៍ដែលនឹងមានលេចរូបរាងបន្តិចម្តងៗក្នុងរយៈពេល ១៥-២០ ឆ្នាំខាងមុខ។
លោក David P. Manfredi ប្រធានស្ថាបនិកនៃ Elkus Manfredi Architects ដែលបានជួយបង្កើតផែនការមេសម្រាប់ Union Point បាននិយាយថា៖ «ទីក្រុងទាំង ៣ បានទទួលស្គាល់នូវឱកាសដើម្បីធ្វើអ្វីមួយដ៏អស្ចារ្យនៅលើទីតាំងមួយដែលគម្រោងអភិវឌ្ឍន៍មុនៗត្រូវបានផ្អាក។ នេះគឺជាជម្រើសមួយ បើមិនអ៊ីចឹងទីតាំងនេះនឹងក្លាយជាកន្លែងដែលមិនមានសណ្តាប់ធ្នាប់»។
ទោះជាយ៉ាងណាក៏ដោយគម្រោងទីក្រុងឆ្លាតវៃដែលមានមហិច្ឆតាដូចគ្នានេះ ធ្លាប់បានបង្ហាញពីភាពមិនជោគជ័យកន្លងមករួចទៅហើយ។ លោក Rose បានលើកឡើងថា Songdo ដែលជាទីក្រុងឆ្លាតវៃមួយសាងសង់ជិតបញ្ចប់នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺជាឧទាហរណ៍។ ទីក្រុងនេះមានការតភ្ជាប់កម្រិតខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះវាមិនបានបំពេញតាមការរំពឹងទុកក្នុងការទាក់ទាញពាណិជ្ជកម្មអន្តរជាតិ និងអ្នកចង់រស់នៅទីនោះបានឡើយ។
លោក Rose ដែលធ្លាប់បានទៅ Songdo បាននិយាយថា៖ «អ្វីដែលពួកគេធ្វើខុសនោះគឺពួកគេមិនបានគិតពីការរស់នៅជាក់ស្តែង។ ទីនោះមើលទៅមិនមានអារម្មណ៍ថាជាទីក្រុងដែលមានមនុស្សរស់នៅនោះទេ ព្រោះវាស្អាតជ្រុល»៕
Lisa Prevost /The New York Times