ក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ខែ​មុន​ថា ការសាងសង់​លំនៅឋាន​នៅ​អាមេរិក​កាលពី​ខែ​សីហា​បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល ១២ ឆ្នាំ​ក្នុង​គ្រា​ដែល​មាន​ការកើនឡើង​ការសាងសង់​អាផាតមិន​។

ក្រសួង​ពាណិជ្ជកម្ម​បាន​រាយការណ៍​ថា ទន្ទឹម​នឹង​នេះ​ការចេញ​លិខិត​អនុញ្ញាត​សម្រាប់​ការសាងសង់​ដែល​ជា​សញ្ញា​មួយ​នៃ​ការផ្គត់ផ្គង់​ស្ថិត​នៅ​ក្នុង​ផែនការ​ក៏បាន​កើនឡើង​កាន់តែ​ខ្ពស់​ផងដែរ ដោយ​ផ្នែក​លំនៅឋាន​ពហុគ្រួសារ​នាំមុខគេ​។

ការប្រញាប់​ប្រញាល់​សាងសង់​នៅ​ចុង​រដូវក្ដៅ​នេះ​បាន​ស្ទុះ​ងើបឡើង​វិញ​ពី​ការភាព​ស្ងប់ស្ងៀម​រយៈពេល​ជាច្រើន​ខែ​នៅក្នុង​ទីផ្សារ​លំនៅឋាន​ជា​ទី​ដែល​ភាពមិន​ច្បាស់លាស់​អំពី​ការ​ខូចខាត​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម បាន​ធ្វើឲ្យ​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ប្រុងប្រយ័ត្ន​។

វិស័យ​ដ៏សំខាន់​របស់​សេដ្ឋកិច្ច​មួយ​នេះ​ក៏​បាន​ប្រឈម​នឹង​ឧបសគ្គ​នានា​ផងដែរ ដោយសារ​តែ​កង្វះ​កម្មករ ការចំណាយ​លើ​សម្ភារ​មួយ​ចំនួន​កាន់តែ​ខ្ពស់ និង​ការកើនឡើង​តម្លៃ​លំនៅឋាន​ដែល​បាន​រារាំង​អនាគត​អ្នកទិញ​។

ការកើនឡើង​ការសាងសង់​នេះ​ក៏បាន​គាំទ្រ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​ផងដែរ ប៉ុន្តែ​ក្រុម​សេដ្ឋវិទូ​បាន​រំឭក​ថា មិន​ឲ្យ​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ទិន្នន័យ​រយៈពេល​តែ ១ ​ខែ​។

ការសាងសង់​លំនៅឋាន​ចាប់ផ្ដើម​នៅ​ខែ​សីហា​ដែល​បាន​កើនឡើង ១២,៣ ​ភាគរយ​ដល់​អត្រា​ប្រចាំ​ឆ្នាំ ១,៣៦ ​លាន​យូនីត​ដែល​ជា​ល្បឿន​លឿន​បំផុត​គិត​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​ ២០០៧ មក​ដែល​ខ្ពស់​ជាង​ការព្យាករ​របស់​ក្រុម​សេដ្ឋវិទូ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំខែ​។

ផ្នែក​លំនៅឋាន​គ្រួសារ​ទោល​ដែល​សំខាន់​បាន​កើនឡើង​តែ ៤,៤ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​អាផាតមិន​បាន​កើនឡើង ៣០,៩ ​ភាគរយ​។

ទន្ទឹម​នឹង​នេះដែរ​ការចេញ​លិខិត​អនុញ្ញាត​សាងសង់​ក៏បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​បំផុត​របស់​ខ្លួន​ផងដែរ​គិត​ចាប់តាំងពី​ឆ្នាំ ២០០៧ ផងដែរ ដែល​កើនឡើង ៧,៧ ​ភាគរយ​ដល់​អត្រា​ប្រចាំឆ្នាំ ១,៤២​ ​លាន​យូនីត​។

លោក Ian Shepherdson នៅ​ក្រុមហ៊ុន Pantheon Macroeconomics បាន​សរសេរ​នៅក្នុង​កំណត់​សម្គាល់​មួយ​ផ្ញើ​ទៅ​អតិថិជន​ថា​៖ «​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​មានការ​បារម្ភ ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​នៅលើ​ផ្សារហ៊ុន ប៉ុន្តែ​ទំនុកចិត្ត​របស់​ពួកគេ​បាន​កើនឡើង​ក្នុង​រយៈពេល​ជាច្រើន​ខែ​ថ្មីៗ​នេះ ហើយ​ការចេញ​លិខិត​អនុញ្ញាត​សម្រាប់​ការសាងសង់​លំនៅឋាន​គ្រួសារ​ទោល​កំពុង​មាន​និន្នាការ​កើនឡើង​»៕ LA