ក្រុងវ៉ាស៊ីនតោនៈ ការសាងសង់លំនៅឋានថ្មីបានធ្លាក់ចុះកាលពីខែឧសភា ដោយសារតែការធ្លាក់ចុះស្ទើរតែកើតមាននៅទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃអង្គារ។
របាយការណ៍នេះបានបង្ហាញថា ការសាងសង់លំនៅឋាននៅតែកំពុងជម្នះដើម្បីគេចផុតពីនិន្នាការចុះខ្សោយនៅពេលថ្មីៗ ពោលគឺជាការបារម្ភមួយសម្រាប់សេដ្ឋកិច្ច ដោយសារវិស័យសំណង់មានការជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ការចំណាយរបស់អតិថិជន ប្រាក់ឈ្នួល និងភាពគ្មានការងារធ្វើ។
ប៉ុន្តែមានសញ្ញានៃការសាងសង់បន្ថែមទៀតជាបន្តបន្ទាប់ក្នុងវិស័យនេះ ដែលជាបារ៉ូ-ម៉ែត្រសេដ្ឋកិច្ចដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែត្រូវបានរងគ្រោះដោយកង្វះកម្មករ។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ការសាងសង់លំនៅឋានសរុប បានចាប់ផ្ដើមធ្លាក់ចុះ ០,៩ ភាគរយ ធៀបនឹងខែមេសា មកនៅត្រឹមអត្រាប្រចាំឆ្នាំ ១,២៧ លានយូនីត ដែលកែតម្រូវការតាមរដូវ។ អត្រានេះទាបជាង ៤,៧ ភាគរយ ធៀបនឹងអត្រានៅខែ ឧសភា ឆ្នាំ ២០១៨។
ទោះបីជាយ៉ាងណា ទិន្នន័យលម្អិតបានបង្ហាញថា អាផាតមិន និងលំនៅឋានគ្រួសារទោលបានបង្ហាញលទ្ធផលខុសគ្នាយ៉ាងខ្លាំង ពោលគឺការសាងសង់អគារដែលមានច្រើនយូនីត បានកើនឡើងជិត ១៤ ភាគរយ នៅខែឧសភា ខណៈការសាងសង់ផ្ទះបានធ្លាក់ចុះ ៦,៤ ភាគរយ។
សំណង់ថ្មីបានធ្លាក់ចុះនៅតំបន់ Northeast និងបានធ្លាក់ចុះនៅតំបន់ Midwest និងតំបន់ West តែមួយផ្នែកត្រូវបានប៉ះប៉ូវដោយកំណើនល្អប្រសើរនៅតំបន់ South។
ប៉ុន្តែតួលេខនេះ អាចប្រែប្រួល ហើយបើដកចេញតំបន់ Northeast លទ្ធផលនេះស្ថិតក្នុងភាពមិនច្បាស់លាស់។ ក្រុមមន្ដ្រីព្រមានថា ការបង្កើតឲ្យមាននិន្នាការមួយអាចត្រូវការពេលរហូតដល់ ៦ ខែ។
ទន្ទឹមនឹងនេះ ការអនុញ្ញាតសម្រាប់ការសាងសង់ថ្មីៗ ដែលជាតួលេខមុនសូវប្រែប្រួល ដែលអាចបង្ហាញពីការផ្គត់ផ្គង់ថ្មីនៅក្នុងគម្រោងបន្តបន្ទាប់ បានកើតឡើង ០,៣ ភាគរយ ដល់អត្រាប្រចាំឆ្នាំ ១,២៩ លានយូនីត ប៉ុន្តែតួលេខនេះទាបជាង ០,៥ ភាគរយ ធៀបនឹងអត្រាកាលពីមួយឆ្នាំមុន។
ការអនុញ្ញាតសម្រាប់ការសាងសង់លំនៅឋានគ្រួសារទោល ដែលជាចំនួនដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់មួយនោះ បានកើនឡើង ៣,៧ ភាគរយដល់ ៨១៥ ០០០ យូនីត។
លោក Ian Shepherdson បម្រើការងារនៅក្រុមហ៊ុន Pantheon Macroeconomics បានឲ្យដឹងថា ក្រុមហ៊ុនសាងសង់លំនៅឋាន «នៅតែប្រុងប្រយ័ត្ន» ប៉ុន្តែកំណើនការលក់ដែលត្រូវបានរំពឹងទុកនៅរដូវក្ដៅ និងរដូវស្លឹកឈើជ្រុះនេះ គួរតែជួយដោះស្រាយបញ្ហានេះ។
លោកបានឲ្យដឹងក្នុងកំណត់ហេតុផ្ញើជូនអតិថិជនមួយថា៖ «ប្រសិនបើយើងគិតត្រូវ និងការលក់លំនៅឋានថ្មីៗ កើនឡើងនៅឆមាសទី២ ឆ្នាំនេះ ការសាងសង់ថ្មីៗនឹងកើនឡើងតាមក្រោយ»៕ AFP/LA