ក្រុងប៉េកាំងៈ ទិន្នន័យផ្លូវការបានឱ្យដឹងថា ការអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេស ចិន នៅតែមានសម្ទុះខ្លាំងក្លាកាលពីឆ្នាំមុន ទោះបីមានការរឹតបន្តឹងវិធានការមួយចំនួនក្តី ខណៈដែលការវិនិយោគអចលនទ្រព្យសរុបក្នុងរយៈពេល ១១ ខែដំបូងក្នុងឆ្នាំ ២០១៨ មានកំណើនលើសពីឆ្នាំ ២០១៧។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) ការវិនិយោគលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅតាមបណ្តាខេត្តក្រុង និងតំបន់ស្វយ័តចំនួន ៣១ របស់ចិនដីគោក សរុបមានទំហំចំនួន ១១ ពាន់ពាន់លានយន់ (១,៦ ពាន់ពាន់លានដុល្លារ) គិតចាប់ពីខែមករារហូតដល់ខែវិច្ឆិកា ដែលលើសទឹកប្រាក់វិនិយោគក្នុងឆ្នាំ ២០១៧ ដែលមានចំនួនតែ ១០,៩៨ ពាន់ពាន់លានយន់។
ខេត្តក្វាងទុង គឺជាខេត្តមួយឈានមុខគេក្នុងចំណោមខេត្តផ្សេងទៀតដែលការវិនិយោគលើអចលនទ្រព្យមានទំហំទឹកប្រាក់រហូតដល់ ១,២៩ ពាន់ពាន់លានយន់ បន្ទាប់មកគឺខេត្ត ជាំងស៊ូ ដែលមានទំហំទឹកប្រាក់ចំនួន ១,០៣ ពាន់ពាន់លានយន់ និងខេត្តជឺជាំងមានទឹកប្រាក់វិនិយោគចំនួន ៩២៧ ពាន់លានយន់។
ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ខេត្តចំនួន ១៤ ត្រូវបានគេរាយការណ៍ថាមានកំណើននៃការវិនិយោគផ្នែកអចលនទ្រព្យលើសពី ១០ ភាគរយ។ ក្នុងនោះ តំបន់ស្វយ័តទីបេ បាននាំមុខគេដោយមានអត្រាកំណើន ១៣៦ ភាគរយ បន្ទាប់មកគឺខេត្តជីលីន ៣០,១ ភាគរយ ខេត្តជឺជាំង ២២,៥ ភាគរយ ខេត្តក្វាងទុង ១៩,១ ភាគរយ ខេត្តកាន់ស៊ូ ១៧,៩ ភាគរយ ខេត្តហេឡុងជាំង ១៧ ភាគរយ ខេត្តសានស៊ី ១៦,៦ ភាគរយ ខេត្តជាំងស៊ូ ១៦ ភាគរយ ខេត្តហ៊ូណាន ១៥,៤ ភាគរយ ខេត្តសាក់ស៊ី ១៥,២ ភាគរយ ខេត្តយន់ណាន ១៤,២ ភាគរយ ខេត្តសានទុង ១៣ ភាគរយ និងតំបន់ស្វយ័តក្វាងស៊ីជួង ១១,៣ ភាគរយព្រមទាំងខេត្តលៀវនីង ១០,៧ ភាគរយ។
បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុនដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានឲ្យដឹងថា បរិមាណនៃការវិនិយោគនេះមានកំណើនគួរឲ្យកត់សម្គាល់ ទោះជាមានការចាត់វិធាន ការរឹតបន្តឹងមួយចំនួនក្នុងវិស័យមួយនេះក្តី ដោយវិធានការរឹតបន្តឹងក្នុងវិស័យអចលនទ្រព្យចំនួន ៤០៥ វិធានការ ត្រូវបានប្រកាសឡើងនៅទូទាំងប្រទេសកាលពីឆ្នាំមុន ដែលកើនឡើង ៨០ ភាគរយធៀបនឹងឆ្នាំ ២០១៧។
លោក Chen Jie សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Shanghai Jiao Tong ថ្លែងថា៖ «ក្នុងគ្រាដែលមានបរិយាកាសរឹតបន្តឹងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ មិនបានបាត់បង់ទំនុកចិត្តរបស់ពួកគេទេ ហើយកំណើនវិនិយោគរបស់ក្រុមហ៊ុនទាំងនោះគឺជាភ័ស្តុតាងដែលបង្ហាញពីភាពរស់រវើក និងចក្ខុវិស័យវិជ្ជមាននៃទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចទាំងមូលរបស់ប្រទេស ចិន»។
ទិន្នន័យរបស់ការិយាល័យ NBS បានបង្ហាញទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានទិញដីទំហំ ២៥៣,២៦ លានម៉ែត្រការ៉េក្នុង រយៈពេល ១១ ខែដំបូងកាលពីឆ្នាំមុន ដែលបានកើនឡើងចំនួន ១៤,៣ ភាគរយឆ្នាំលើឆ្នាំ ហើយតម្លៃដីសរុបមានតម្លៃរហូតដល់ ១,៣៧ ពាន់ពាន់លានយន់ ដែលកើនឡើង ២០,២ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។
លោក Zhang Dawei ប្រធានក្រុមអ្នកវិភាគប្រចាំក្រុមហ៊ុន Centaline Property Agency Ltd បានថ្លែងថា ប្រតិបត្តិការទិញលក់ដីធ្លីសកម្មមិនត្រូវបានដាក់កម្រិតទេសម្រាប់ទីក្រុងលំដាប់ទី ១ និងទី ២ ហើយទីក្រុងទីលំដាប់ទី ៣ និងទី ៤ ក៏មិនមានការដាក់កម្រិតផងដែរ។
សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមប្រចាំឆ្នាំដែលធ្វើឡើងនៅក្រុងប៉េកាំងកាលពីខែមុន បានអំពាវនាវឱ្យបង្កើតយន្តការយូរអង្វែងមួយ ដើម្បីរក្សាការអភិវឌ្ឍវិស័យអចលនទ្រព្យឱ្យកាន់តែរឹងមាំ និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដែលលើកឡើងថា៖ «លំនៅឋានគឺសម្រាប់រស់នៅ មិនមែនជា ការឆក់ឱកាសកេងចំណេញទេ»។
ក្រុមអ្នកវិភាគបានឲ្យដឹងថា បន្ទាប់ពីអ្នកដឹកនាំកំពូលរបស់ប្រទេស ចិន បានកំណត់ទិសដៅសម្រាប់ឆ្នាំ ២០១៩ វិស័យអចលនទ្រព្យនឹងមើលឃើញកំណើនវិនិយោគក្នុងកម្រិតមធ្យមនៅឆ្នាំ ២០១៩ នេះ។
លោក James Macdonald ប្រធានក្រុមហ៊ុន Savills China Research ថ្លែងថា គេរំពឹងថានឹងមានការពង្រឹងបន្ថែមទៀតក្នុងទីផ្សារក្រុមហ៊ុនអភិវឌ្ឍន៍នៅឆ្នាំ ២០១៩ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ធំៗដែលមានលំហូរសាច់ប្រាក់កាន់តែរឹងមាំ និងមានតារាងតុល្យការកាន់តែល្អ សម្លឹងរកការឆក់ឱកាសនានាដែលបានមកពីការធ្លាក់ចុះទីផ្សារ និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង៕ People''s Daily/NS