
អ្នកនាង ប៉េងទី សៅបូរីណា។ ហុង មិនា
អចលនទ្រព្យ និងសំណង់ជាវិស័យមួយដែលកំពុងមានភាពលេចធ្លោយ៉ាងខ្លាំងនៅកម្ពុជាដែលជាហេតុធ្វើឲ្យមានតម្រូវការបុគ្គលិកសម្រាប់បម្រើការងារក្នុងវិស័យនេះកើនឡើងជាលំដាប់។ កាលពីពេលថ្មីៗនេះអ្នកយកព័ត៌មាននៃប៉ុស្តិ៍អចលនទ្រព្យបានជួបសម្ភាសន៍ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជ្រើសរើសបុគ្គលិក (HR Agency) ចំនួន ២ ដើម្បីបង្ហាញពីទស្សនៈរបស់ពួកគេពីតម្រូវការបុគ្គលិកក្នុងវិស័យនេះ។
អ្នកនាង ប៉េងទី សៅបូរីណា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Phnom List ដែលជាក្រុមហ៊ុនបម្រើសេវាកម្មជ្រើសរើសបុគ្គលិកដ៏ចំណាស់មួយនៅកម្ពុជាបានឲ្យដឹងថាតម្រូវការការងារក្នុងវិស័យអចលនទ្រព្យ និងសំណង់កំពុងមានសម្ទុះយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន Phnom List បានសង្កេតឃើញថាមានតម្រូវការកើនឡើងយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ពិសេសការប្រកាសជ្រើសរើសបុគ្គលិកតាមរយៈប្រព័ន្ធអ៊ីនធឺណេត (Job Posting) ដូចជា បុគ្គលិកផ្នែកលក់វិស្វករ បុគ្គលិកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម និងអ្នកគ្រប់គ្រងអគារជាដើម។
អ្នកនាងបានថ្លែងថា៖ «ខ្ញុំជឿថាក្រុមហ៊ុន HR Agency ផ្សេងៗទៀតក៏មានការកើនឡើងខ្លាំងពីតម្រូវការធនធានមនុស្សដែលបម្រើឲ្យក្រុមហ៊ុនអចលនទ្រព្យ និងសំណង់ដែរ»។
បើតាមអ្នកនាង សៅ បូរីណា មានតម្រូវការការងារកើនឡើងយ៉ាងខ្លាំង ជាពិសេសចេញពីក្រុមហ៊ុនអភិវឌ្ឍខុនដូ និងក្រុមហ៊ុនសំណង់។
អ្នកនាង សៅ បូរីណា បានបន្ថែមថា៖ «ក្រុមហ៊ុន Phnom List បានបម្រើការជ្រើសរើសបុគ្គលិកជាច្រើនតំណែងដូចជា ស្ថាបត្យករ វិស្វករសំណង់ស៊ីវិល បុគ្គលិកផ្នែកលក់ និងជួល និងប្រធានគ្រប់គ្រងអគារជាដើម»។
បើតាមអ្នកនាង សៅ បូរីណា ប្រាក់ខែគោលក្នុងមុខតំណែងជាប្រធានគ្រប់គ្រងអគារដែលមានបទពិសោធចាប់ពី ៣ ទៅ ៥ ឆ្នាំអាចទទួលបានចន្លោះពី ១៥០០ ដុល្លារទៅ ៣០០០ ដុល្លារក្នុង ១ ខែសម្រាប់ជនបរទេស និងសម្រាប់ជនជាតិខែ្មរអាចទទួលបានប្រហែល ២០០០ ដុល្លារក្នុង ១ ខែ។ ចំណែកបុគ្គលិកផ្នែក Quantity Surveyor (QS) អាចទទួលបានប្រាក់ខែប្រមាណពី ២៥០ ទៅ ៧០០ ដុល្លារដោយអាស្រ័យលើជំនាញ និងបទពិសោធ។ ប្រាក់ខែសម្រាប់ប្រធានផ្នែកសាងសង់ និងប្រធានគម្រោងសាងសង់អាចទទួលបាន ១៥០០ ដុល្លារទៅ ២៥០០ ដុល្លារក្នុង ១ ខែខណៈប្រាក់ខែសម្រាប់និស្សិតផ្នែកខាងវិស្វករដែលទើបបញ្ចប់ការសិក្សាអាចទទួលបានប្រហែល ៣៣៥ ដុល្លារ។
អ្នកនាង សាម សុភា ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន Top Recruitment ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកអន្តរជាតិដ៏ធំមួយបានបញ្ជាក់ថា កំណើនការងារនៅក្នុងវិស័យអចលនទ្រព្យពិតជាមានការកើនឡើងខ្ពស់បើធៀបទៅនឹងវិស័យផ្សេងៗទៀត។
បន្ទាប់ពីគម្រោងមួយបានបញ្ចប់នឹងមានតម្រូវការជំនាញពាក់ព័ន្ធជាច្រើនទៀតដូចជា អ្នកជំនាញខាងផ្នែកគ្រប់គ្រងអគារ ក្រុមជួសជុល និងថែរក្សាអគារ អ្នកបោសសម្អាត សន្តិសុខ និងថែរក្សាសណ្តាប់ធ្នាប់។
អ្នកនាង សាម សុភា បានបន្តទៀតថាក្រុមហ៊ុនអចលនទ្រព្យភាគច្រើនកំពុងត្រូវការស្វែងរកបុគ្គលិកដែលមានសមត្ថភាពខ្ពស់នៅមុខតំណែងដូចជា ប្រធានផ្នែកជួលអចលនទ្រព្យ ប្រធានគ្រប់គ្រងលំនៅឋាន ប្រធានផ្នែកលក់ និងទីផ្សារ និងប្រតិបត្តិករទីផ្សារ ជាដើម។
អ្នកនាងបានប្រាប់ទៀតថាកំណើនការងារក្នុងវិស័យទាំង ២ នេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយការកើនឡើងនេះនឹងកាន់តែមានភាពផុសផុលបន្ថែមទៀតនាពេលខាងអនាគត៕