ក្រុងប៉េកាំងៈ កំណែទម្រង់អត្រាការប្រាក់ថ្មីរបស់ប្រទេសចិនសំដៅជំរុញឲ្យការចំណាយលើការផ្តល់មូលនិធិសម្រាប់អាជីវកម្មកាន់តែធ្លាក់ចុះទាបនឹងមិនជំរុញទីផ្សារអចលនទ្រព្យឲ្យកើនឡើងឡើយ។ នេះបើយោងតាមការឲ្យដឹងរបស់ក្រុមអ្នកវិភាគ។
ធនាគារកណ្តាលចិនកាលពីចុងខែមុនបានប្រកាសថា ចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ឆ្នាំនេះទៅអត្រាការប្រាក់កម្ចីទិញផ្ទះថ្មីនឹងត្រូវបានកំណត់ដោយផ្អែកលើអត្រាការប្រាក់កម្ចីសំខាន់ (loan prime rate, LPR) (ផ្តល់ជូនអតិថិជនធំៗដោយមានការប្រាក់អនុគ្រោះ) នៃរយៈពេលកម្ចីដូចគ្នា ខណៈដែលពិន្ទុមូលដ្ឋានមួយចំនួននឹងត្រូវបានបន្ថែម។
ធនាគារកណ្តាលចិនបានឲ្យដឹងថា អត្រាការប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកទិញលើកដំបូង មិនទាបជាងអត្រាការប្រាក់ LPR ដែលពាក់ព័ន្ធឡើយ ខណៈដែលអត្រាការប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកទិញលើកទី ២ យ៉ាងហោចណាស់នឹងខ្ពស់ជាង ៦០ ពិន្ទុគោល ឬស្មើនឹង ០,៦ ភាគរយធៀបនឹងអត្រា LPR។
ការណ៍នេះបានកើតមានឡើងបន្ទាប់ពីធនាគារកណ្តាលបានប្រកាសផែនការធ្វើកំណែទម្រង់យន្តការអត្រាការប្រាក់ LPR ដើម្បីឆ្លុះបញ្ចាំងភាពប្រែប្រួលទីផ្សារកាន់តែប្រសើរ។
ស្ថិតក្រោមយន្តការដែលត្រូវបានកែលម្អនេះ អត្រាការប្រាក់កម្ចី LPR ដែលចេញផ្សាយនៅថ្ងៃទី ២០ រៀងរាល់ខែមានមូលដ្ឋានលើអត្រាប្រតិបត្តិការទីផ្សារបើកចំហរបស់ធនាគារកណ្តាល ជាពិសេសអត្រាការប្រាក់កម្ចីទៅឲ្យស្ថាប័ន (lending facility rate) សម្រាប់រយៈពេលមធ្យម។ ធនាគារនានាត្រូវបានតម្រូវឲ្យកំណត់អត្រាការប្រាក់សម្រាប់កម្ចីថ្មីដោយប្រើប្រាស់អត្រាការប្រាក់ LPR ថ្មីជាគោល។
លោក E Yongjian អ្នកវិភាគប្រចាំធនាគារ Bank of Communications បានថ្លែងថាគោលនយោបាយនេះនឹងជួយធ្វើឲ្យការចំណាយលើការទទួលបានមូលនិធិរបស់ក្រុមហ៊ុនមានកម្រិតទាបជាងមុនដោយមិនជំរុញកំណើនទីផ្សារអចលនទ្រព្យដែលស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថាមិនប្រើប្រាស់ទីផ្សារអចលនទ្រព្យធ្វើជាមធ្យោបាយរយៈពេលខ្លីដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោក Liu Guoqiang ទេសាភិបាលធនាគារកណ្តាលចិនបានថ្លែងកាលពីខែមុនថា អត្រាការប្រាក់កម្ចីពិតសម្រាប់កម្ចីទិញផ្ទះនឹងមិនធ្លាក់ចុះទេ ដោយសារគោលដៅនៃកំណែទម្រង់អត្រាការប្រាក់ LPR គឺដើម្បីប្រើប្រាស់ជាបណ្តាញបញ្ជូនមូលនិធិកាន់តែច្រើនទៅឲ្យសេដ្ឋកិច្ចពិត។
អត្រាការប្រាក់ LPR ថ្មីដំបូងសម្រាប់រយៈពេលមួយឆ្នាំដែលបានចេញផ្សាយកាលពីខែមុនមានអត្រា ៤,២៥ ភាគរយដែលទាបជាង ១០ ពិន្ទុកមូលដ្ឋាន ឬស្មើនឹង ០,១ ភាគរយធៀបនឹងអត្រាការប្រាក់កម្ចីគោលរបស់ធនាគារកណ្តាល ខណៈដែលអត្រាការប្រាក់ LPR រយៈពេលលើសពី ៥ ឆ្នាំ មាន ៤,៨៥ ភាគរយ ដែលទាបជាងអត្រាការប្រាក់កម្ចីគោលរបស់ធនាគារកណ្តាលដែលមាន ៤,៩ ភាគរយ។
យោងតាមគោលនយោបាយដែលប្រកាសនៅចុងខែមុន បន្ទាប់ពីកែតម្រូវអត្រាការប្រាក់នេះរួច កម្រិតទាបបំផុតនៃអត្រាការប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះទី ២ ក្នុងប្រទេសចិននឹងមាន ៥,៤៥ ភាគរយដោយមានមូលដ្ឋានលើអត្រាការប្រាក់ LPR ចុងក្រោយបំផុតដែលស្មើកម្រិតបច្ចុប្បន្ន៕ P.Daily/KC