ក្រុងញូវយ៉កៈ អភិបាលក្រុងញូវយ៉កកាលពីថ្ងៃចន្ទបានចុះហត្ថលេខាអនុម័តច្បាប់ជាផ្លូវការដែលបង្ខំឲ្យគេហទំព័រចែករំលែកការស្នាក់នៅនានា ដូចជាគេហទំព័រ Airbnb ត្រូវបង្ហាញព័ត៌មានអំពីម្ចាស់ផ្ទះ និងពិន័យប្រាក់ច្រើនបើមិនអនុវត្តតាម។
ទីក្រុងហិរញ្ញវត្ថុរបស់អាមេរិកមួយនេះគឺជាទីក្រុងចុងក្រោយបំផុតក្នុងចំណោមទីក្រុងជាច្រើនដែលបានចាត់វិធានការលើគេហទំព័រ Airbnb ដែលផ្តល់សេវាកក់ទីកន្លែងស្នាក់នៅអនឡាញមួយនេះក្នុងគ្រាដែលមានការរិះគន់នៅទូទាំងពិភពលោកប្រឆាំងនឹងក្រុមហ៊ុនបង្កើតថ្មីដែលបម្រើសេវាកម្មអនឡាញបែប «សេដ្ឋកិច្ចចែករំលែក (សម្របសម្រួលការផ្តល់សេវាតាមអនឡាញ)» ដែលរំខានដល់ឧស្សាហកម្មបែបប្រពៃណី។
ក្រុមអ្នកគាំទ្រច្បាប់ថ្មីរបស់ក្រុងញូវយ៉កដែលមានសេចក្តីរាយការណ៍ថា នឹងចូលជាធរមានក្នុងរយៈពេល ១៨០ ថ្ងៃនោះលើកឡើងថា ច្បាប់នេះនឹងដាក់ការរឹតបន្តឹងលើការជួលរយៈពេលខ្លីខុសច្បាប់ ដែលពួកគេអះអាងថាជំរុញឲ្យតម្លៃជួលកើនឡើង និងធ្វើឲ្យតម្លៃផ្ទះកាន់តែថ្លៃ។
គេហទំព័រ Airbnb ចោទប្រកាន់ថាការបញ្ចុះបញ្ចូលពីសំណាក់សណ្ឋាគារដ៏មានឥទ្ធិពលរបស់ទីក្រុងនេះដែលជំរុញឲ្យមានច្បាប់នេះ ដោយអះអាងថាអ្នកប្រើប្រាស់ភាគច្រើនគឺជាអ្នកទីក្រុងញូវយ៉កផ្ទាល់ដែលពិបាកនឹងជំរុញឲ្យមានច្បាប់នេះ ដែលពួកគេព្យាយាមរកប្រាក់ឲ្យបានច្រើនតាមរយៈការដាក់ជួលបន្ទប់នៅក្នុងផ្ទះរបស់ពួកគេ។
ច្បាប់នេះតម្រូវឲ្យគេហទំព័រជួលរយៈពេលខ្លីត្រូវរាយការណ៍ទិន្នន័យអំពីការជួលដល់អាជ្ញាធរក្រុង និងផាកពិន័យ ១ ៥០០ ដុល្លារក្នុងការចុះបញ្ជីម្ដងក្នុងមួយខែសម្រាប់សេចក្ដីរាយការណ៍មិនត្រឹមត្រូវណាមួយ។
លោក Josh Meltzer ប្រធានផ្នែកគោលនយោបាយប្រចាំភាគឦសានរបស់គេហទំព័រ Airbnb បានថ្លែងថា៖ «ម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវជាច្រើន បច្ចុប្បន្នកំពុងប្រឈមការគ្រប់គ្រងបែបច្រឡោងខាម គ្មានការត្រួតពិនិត្យ និងភ័យខ្លាចថាតើអ្វីនឹងកើតឡើងស្ថិតក្រោមច្បាប់ថ្មីនេះ»។
ទីក្រុងញូវយ៉ក គឺជាទីផ្សារធំជាងគេសម្រាប់គេហទំព័រ Airbnb ដែលផ្គូផ្គងកន្លែងស្នាក់នៅរវាងម្ចាស់ផ្ទះ និងអ្នកស្នាក់នៅនៅអាមេរិក។
លោក Meltzer ឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យើងសង្ឃឹមថានឹងធ្វើការជាមួយលោកអភិបាលក្រុង ដើម្បីបង្កើតបទប្បញ្ញត្តិប្រកបដោយសុភវិនិច្ឆ័យ ដែលទីបំផុតញែកដាច់ពីគ្នានូវគ្រួសារទាំងនេះពីអ្នកជួលផ្ទះមិនល្អមួយចំនួនដែលត្រូវចាត់វិធានការច្បាប់ទាំងស្រុង [ជាមួយពួកគេ]»៕ LA