ក្រុង​បាង​កកៈ ក្រុម​ហ៊ុន​សណ្ឋាគារ​ The Standard របស់​ស​ហ​រដ្ឋ​អា​មេ​រិក គ្រោង​នឹង​​ពង្រីក​ទៅ​ទី​ក្រុង​​ហួ​ហ៊ីន ​ខេត្ត​​ភូ​កេត និងសង្កាត់​ Thong Lor ក្នុង​ទី​ក្រុង​បាង​កក​ ដោយ​អគារ​​​នី​មួយ​ៗ មាន​ ១៥០​ បន្ទប់​ក្នុង​គម្រោង​​​លំ​នៅ​ឋាន​សម្រាប់​លក់​ និង​សណ្ឋា​គារ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​​ថៃ Sansiri Plc បាន​វិ​និយោគ​ ៥៨​ លាន​ដុ​ល្លារ (​១,៩​ ពាន់​លាន​បាត​) ក្នុង​​ក្រុម​ហ៊ុន​នេះ​កាល​​ពី​ឆ្នាំ​មុន​។​ នេះ​បើតាម​កាសែត​បាង​កក​ប៉ុស្តិ៍។

កាសែត​បាង​កក​ប៉ុស្តិ៍​បាន​ដក​​ស្រង់​សម្ដី​របស់​លោក Am​ar Lalvani ​ប្រ​ធាន​ប្រតិ​បត្តិ​​​ក្រុម​ហ៊ុន​​ Standard International ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​ក្រុម​ហ៊ុន The Standard ខណៈ​លោក​ថ្លែង​ថា សណ្ឋា​គារ​នៅ​​ភូ​កេត នឹង​ជា​សណ្ឋា​គារ​ដែល​កែ​លម្អ​​ឡើង​វិញ​ពី​​​​សណ្ឋា​គារ​ចាស់​ដែល​​​មាន​ចំនួន ៥០ បន្ទប់​នៅ​ជិត​ឆ្នេរ​ Banana ហើយ​​នឹង​បើក​ដំ​ណើរ​ការ​ត្រឹម​​ឆ្នាំ ២០២០​។​

លោក​ Lalvani បាន​ថ្លែង​ថា៖ «​​ក្រៅ​ពី​ការ​ជួស​ជុល​ យើង​គ្រោង​នឹង​សាង​សង់​បន្ទប់​ថ្មី​ចំ​នួន ១០០ ​ក្នុង​សណ្ឋា​គារ​ Phuket និង​អភិ​វឌ្ឍ ៥០ យូ​នីត​ ដែល​រួម​មាន​វី​ឡា និង​ខុន​ដូ សម្រាប់​លក់​​នៅ​ក្រោម​យី​ហោ The Standard Residence នៅ​លើ​ដី​ឡូត៍​ដែល​​នៅ​សល់​ក្បែរ​នោះ​ របស់​​ម្ចាស់​សណ្ឋា​គារ​ដែល​មាន​ស្រាប់​»​។​

ទិស​ដៅ​ទី​ ២ នឹង​ជា​ទី​ក្រុង​ហួ​ហ៊ីន។ ផែន​ការ​នេះ​នឹង​សាង​សង់​ខុន​ដូ ១៥០ យូ​នីត​​សម្រាប់​​លក់​ និង​​ប្រតិ​បត្តិ​ការ​ជា​បន្ទប់​សណ្ឋា​គារ​ស្ថិត​ក្រោម​យី​ហោ​ The Standard Residence ដែល​នឹង​​បើក​ដំ​ណើរ​ការ​ក្នុង​ឆ្នាំ ២០២១​។​

សង្កាត់ Thong Lor នឹង​ក្លាយ​ជា​ទី​តាំង​ទី ៣ នៅ​ប្រ​ទេស​ ថៃ ​ដែល​មាន​ ១៥០ ​បន្ទប់​ ដែល​បន្ទប់​​ទាំង​អស់​នេះ​នឹង​ជា​បន្ទប់​ថ្មី​​​សម្រាប់​ប្រតិ​បត្តិ​ការ​សណ្ឋា​គារ​ ដែល​នឹង​បើក​ដំ​ណើរ​ការ​​ក្នុង​ឆ្នាំ ​២០២១​។​

លោក​ Lalvani ថ្លែង​ថា​៖ «​​ក្រុម​ហ៊ុន​ Sansiri នឹង​ស្វែង​រក​​ក្រុម​វិ​និ​យោ​គិន​ដើ​ម្បី​វិ​និ​យោគ​នៅ​​ក្នុង​ទី​តាំង​នី​មួ​យ​ៗ​។ ​ការ​វិ​និ​យោគ​ ៥៨ លាន​ដុ​ល្លារ​ជា​មួយ​ពួក​យើង​​កាល​ពី​ឆ្នាំ​មុន​ អាច​ជួយ​​ពួក​យើង​ពង្រីក​ពី​ទី​តាំង​​ ៥ ​នៅ​ពេល​បច្ចុ​ប្បន្ន​ ដល់​ ២០​ ទី​តាំង​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​ក្រោយ​​»​។​

ក្រុម​ហ៊ុន The Standard បាន​ចាប់​ផ្ដើម​ជា​មួយ​​សណ្ឋា​គារ​លើក​ដំ​បូង​របស់​ខ្លួន​នៅ​ Hollywood នៅ​ឆ្នាំ​ ១​៩៩​៩ និង​​​បាន​ពង្រីក​ដល់​ទី​ក្រុង​ឡូស​អេន​ជឺ​លេស ម៉ាយ​អា​មី និង​ទី​តាំង​ ២ ​ទៀត​ក្នុង​ទី​ក្រុង​ញូវ​យ៉ក ដែល​មាន​បន្ទប់​សរុប ៩០០។ អត្រា​ស្នាក់​នៅ​មាន​ចាប់​ពី ៨៥ ​​ដល់ ៩០ ភាគ​រយ៕​ LA