ក្រុង​សិង្ហបុរីៈ ក្រុមហ៊ុន​សិង្ហបុរី CapitaLand ដែល​ជា​ក្រុមហ៊ុន​​​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំ​បំផុត​នៅ​អាស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​យល់​ព្រម​ទិញ​យក​​ក្រុមហ៊ុន​អចលន​ទ្រព្យ​ចំនួន ២ ក្នុង​កិច្ច​ព្រមព្រៀង​ ១ ​ដែល​មាន​តម្លៃ ១១ ពាន់​លាន​ដុល្លារ​​សិង្ហបុរី (៨,១ ពាន់​លាន​ដុល្លារ​អាមេរិក) ដែល​នឹង​បង្កើត​បាន​ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​​ធំ​បំផុត​នៅ​អាស៊ី​​ដែល​មាន​ទ្រព្យ​សកម្ម​ក្នុង​ប្រទេស​ជា​ច្រើន។

ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន CapitaLand នឹង​ទិញ​​យក​ក្រុមហ៊ុន​ចំនួន ២ ពី​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Temasek ដែល​ជា​ក្រុមហ៊ុន​​វិនិយោគ​រដ្ឋ​សិង្ហបុរី។

ប្រសិន​បើ​ត្រូវ​បាន​អនុម័ត ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​រួម​បញ្ចូល​គ្នា​នេះ នឹង​មាន​ទ្រព្យ​សកម្ម​ដែល​​មាន​តម្លៃ​ជាង ១១៦ ពាន់​លាន​ដុល្លារ​សិង្ហបុរី ដែល​រួម​មាន ​អាជីវកម្ម សួន​ឧស្សាហកម្ម សណ្ឋាគារ អគារ​ពាណិជ្ជកម្ម អគារ​​លក់​រាយ និង​អគារ​លំនៅ​ឋាន​ក្នុង​ប្រទេស​ជាង ៣០។

ក្រុមហ៊ុន CapitaLand បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​អនុម័ត​ពី​ម្ចាស់​ភាគហ៊ុន​ឯករាជ្យ​របស់​ក្រុមហ៊ុន CapitaLand នៅ​កិច្ច​ប្រជុំ​មួយ​​នៅ​ឆមាស​ទី​ ១ ក្នុង​ឆ្នាំ​នេះ។

ក្រុមហ៊ុន​អចលន​ទ្រព្យ​ទាំង​ ២ ដែល​ក្រុមហ៊ុន CapitaLand ទិញ​ពី​ក្រុមហ៊ុន Ascendas-Singbridge Group ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Temasek ប្រតិបត្តិការ​អភិវឌ្ឍ​ទីក្រុង​នានា សួន​ឧស្សាហកម្ម អគារ​ការិយាល័យ សណ្ឋាគារ និង​ឃ្លាំង​ទំនិញ​នៅ​ទូទាំង​ពិភព​លោក។

កិច្ច​ព្រមព្រៀង​នេះ កើត​មាន​ឡើង​ ខណៈ​ដែល​លោក Lee Chee Koon ដែល​ប្រធាន​ក្រុមហ៊ុន CapitaLand និង​ជា​អគ្គនាយក​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ កំពុង​​ស្វែង​រក​ការ​វិនិយោគ​ទៅ​ក្នុង​ទីផ្សារ​ថ្មី​សម្រាប់​​ក្រុមហ៊ុន៕ AFP/KC