ក្រុងវ៉ាស៊ីនតោនៈ កាសែត The Wall Street Journal (WSJ) បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន Trump Organization កំពុង​ពិចារណា​លក់​សិទ្ធិ​ជួល​សណ្ឋាគារ​ប្រណីត​ដែល​ខ្លួន​ប្រតិបតិ្តការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

លោក Eric Trump អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Trump Organization និង​ជា​កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​ជាច្រើន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រាប់​កាសែត The Journal ថា ក្រុមហ៊ុន​របស់​លោក​បាន​ជួល​ក្រុមហ៊ុន​អចលនទ្រព្យ JLL ដើម្បី​ធ្វើ​ទីផ្សារ​សម្រាប់​សណ្ឋាគារ Trump International Hotel​។

កាសែត​នេះ​បាន​ឲ្យ​ដឹងថា ហេតុផល​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន ដែល​ក្រុមហ៊ុន​កំពុង​ពិចារណា​ការលក់​នេះ​គឺ​ការរិះគន់​ថា ក្រុមហ៊ុន Trump Organization កំពុង​រំលោភ​លើ​ច្បាប់ក្រម​សីលធម៌ ដោយ​ការទទួល​អត្ថប្រយោជន៍​ពី​សណ្ឋាគារ​នេះ​។

លោក Eric Trump បាន​ប្រាប់​កាសែត Journal ថា​៖ «​ប្រជាជន​កំពុង​ជំទាស់​នឹង​ពួកយើង​ដែល​រកប្រាក់​បាន​ច្រើន​ពី​សណ្ឋាគារ​នេះ ហើយ​អាស្រ័យ​ហេតុនេះ​យើង​អាច​មាន​បំណង​ចង់​លក់ [​អាជីវកម្ម​]»​។

លោក​បន្ថែមថា​៖ «​ចាប់តាំងពី​យើង​បាន​បើកទ្វារ​របស់​យើង យើង​បាន​ទទួល​អត្ថប្រយោជន៍​ដ៏ធំ​នៅក្នុង​សណ្ឋាគារ​នេះ ហើយ​ក្នុង​នាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ យើង​តែងតែ​ចង់​ស្វែងរក​ជម្រើស​របស់​យើង​»​។

អគារ​វ៉ាស៊ីនតោន​ដែល​ស្ថិត​នៅ​តំបន់​ទីប្រជុំជន​ដែល​ប្រែក្លាយ​ជា​សណ្ឋាគារ Trump International Hotel គឺជា​អចលនទ្រព្យ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​ជួល​ឲ្យ​ក្រុមហ៊ុន Trump Organization ក្នុង​រយៈពេល​រហូត​ដល់​ ១០០ ​ឆ្នាំ​។

កាសែត Journal ដែល​ដកស្រង់​ប្រភព​ដឹង​ពី​បញ្ហា​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​កំពុង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជាង ៥០០ ​លាន​ដុល្លារ​ សម្រាប់​ការលក់​សិទ្ធិ​ជួល​នេះ​។

ក្រុមហ៊ុន Trump Organization បាន​ប្រតិបត្តិការ​សណ្ឋាគារ​នេះ​ចាប់តាំងពី​ឆ្នាំ​ ២០១៦ មក​។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ច្រានចោល​ការចោទ​ប្រកាន់​ថា លោក​កំពុង​ទទួល​អត្ថប្រយោជន៍​ពី​តំណែង​ប្រធានាធិបតី​របស់​លោក ហើយ​ចាប់តាំងពី​ការចូល​ក្នុង​សេតវិមាន​លោក​បាន​ទស្សនា​សណ្ឋាគារ​នេះ និង​អចលនទ្រព្យ​របស់​លោក​មួយ​ចំនួន​ទៀត​ក្នុង​ឱកាស​ជាច្រើន​។

កាលពី​ដើម​ខែ​នេះ សេតវិមាន​បាន​ប្រកាស​ថា កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​ ៧ (G7) នៅ​ឆ្នាំក្រោយ​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​វាយ​កូនហ្គោល​ជាច្រើន​នៅ​រដ្ឋ Florida របស់​ប្រធានាធិបតី ប៉ុន្តែ​លោក ត្រាំ បាន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​នេះ​យ៉ាង​រហ័ស ដោយសារ​តែ​មាន​ការរិះគន់​កាន់តែ​ច្រើន​ឡើងៗ​៕ LA