ភ្នំពេញ: ក្រុមហ៊ុន Urbanland ដែលគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក បានប្រកាសគម្រោងអភិវឌ្ឍន៍បុរីថ្មី ១ នៅភាគខាងត្បូងទីក្រុងភ្នំពេញដែលហៅថា Chankiri Palm Creek គ្រោងនឹងដាក់លក់នៅឆ្នាំក្រោយ។ អ្នកជំនាញថ្លែងថា បុរីដែលអភិវឌ្ឍថ្មីៗនឹងនៅតែជោគជ័យប្រសិនបើអ្នកអភិវឌ្ឍន៍ផ្តោតលើក្រុមអ្នកឋាន:កណ្តាល និងមធ្យម។
គម្រោង Chankiri ត្រូវបានប្រកាសកាលពីថ្ងៃទី ៥ ខែតុលា គម្រោងនេះនឹងក្លាយជាផែនការមេលំនៅឋានបុរីលើកដំបូងរបស់ក្រុមហ៊ុន Urbanland ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ ២ ចេញពីមហាវិថី ហ៊ុន សែន នៅភាគខាងត្បូងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនគ្រោងនឹងបើកលក់ជាផ្លូវការនៅដើមឆ្នាំក្រោយនេះ។
លោក Hok Kang នាយកគ្រប់គ្រងទូទៅរបស់ Urbanland បានឱ្យដឹងថា ជាមួយនឹងការអភិវឌ្ឍដែលទទួលបានពានរង្វាន់ ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅទីក្រុងភ្នំពេញ និងគម្រោង Treeline Urban Resort នៅសៀមរាបដែលបានផ្ដល់ជូនដោយជោគជ័យចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន Urbanland កំពុងបង្កើនស្ដង់ដាកាន់តែខ្ពស់នៅក្នុងគម្រោងអភិវឌ្ឍន៍បុរីខាងមុខនេះ។
«សម្រាប់គម្រោងខាងមុខរបស់យើង យើងបង្កើតគំនិតលំនៅឋានរបស់យើងជាមួយប្រជាជនបង្កើតទីកន្លែងឧទ្យាន ដែលអាចឱ្យសហគមន៍ ដើម្បីរីកលូតលាស់ និងធ្វើឱ្យប្រជាជនតភ្ជាប់ជាមួយនឹងធម្មជាតិ។ យើងបានចំណាយពេលវេលាពាក់កណ្ដាលនៃជីវិតរបស់យើងទៅលើការអភិវឌ្ឍ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយទីកន្លែងដែលយើងរស់នៅ។ ការកែលម្អទីកន្លែងនឹងធ្វើឱ្យការរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងកាន់តែខ្លាំង។ ពេលនេះ យើងកំពុងផ្ដល់អាទិភាពដល់អ្វីដែលយើងដឹងថា មនុស្សយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីវា ដូចជាសន្ដិសុខ និងសុវត្ថិភាព មុខងារខាងក្នុងសហគមន៍ និងកម្មសិទ្ធិ ការពិចារណាដោយប្រុងប្រយ័ត្ននៃលំហូរពន្លឺ និងខ្យល់នៅខាងក្នុងនៃផ្ទះនីមួយៗ»។
លោក ចេង ខេង ប្រធានអគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោកនៅតែមើលឃើញអំពីសកម្មភាពទិញ-លក់ទីផ្សារបុរីនៅដំណើរការជាប្រក្រតីសម្រាប់តម្លៃបុរីដែលមានតម្លៃចាប់ពី ១០ ម៉ឺនដុល្លារចុះ ប៉ុន្តែសម្រាប់បុរីដែលមានតម្លៃចាប់ពី ១០ ម៉ឺនដុល្លារឡើងគឺមាននិន្នាការធ្លាក់ចុះ។ លោកថា៖ «ខ្ញុំ សង្កេតឃើញថាតម្រូវការបុរីនៅតែមានសម្រាប់ការអភិវឌ្ឍដែលមានតម្លៃសមរម្យក្រោម ១០ ម៉ឺន ប៉ុន្តែសម្រាប់តម្លៃលើនេះគឺកំពុងមាននិន្នាការធ្លាក់ចុះ»។
លោក ចេង ខេងថា ទីផ្សារអភិវឌ្ឍន៍គឺមានតម្រូវការស្ទើរគ្រប់ទីកន្លែងនៃជាយក្រុង និងតាមផ្លូវជាតិសំខាន់ដូចជាផ្លូវជាតិលេខ ២ ប៉ុន្តែលោកថា ចំពោះការអភិវឌ្ឍដែលជោគជ័យគឺត្រូវកំណត់ឱ្យបានច្បាស់អំពីអតិថិជនគោលដៅគឺក្រុមអ្នកឋាន:កណ្តាល និងមធ្យម។
កម្ពុជាបាននាំចូលសម្ភារសំណង់មានតម្លៃ ៥៦៥,៩១ លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះ ខណៈការនាំចូលក្នុងឆ្នាំ ២០១៩ សរុបគឺ ១,៥០៦៥៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងរយៈ ១ ឆ្នាំ ២០១៩ កម្ពុជាបាននាំចូលដែកថែប ៧២២ ៦២១ តោន មានតម្លៃ ៤៧៧,១៩ លានដុល្លារ ស៊ីម៉ងត៍ ១,៩៧ លានតោន មានតម្លៃ ១២៩ លានដុល្លារ និងសម្ភារសំណង់ ១,៧ លានតោនមានតម្លៃ ៩០០,៥១ លានដុល្លារ។
បើយោងតាមក្រសួងបានរាយការណ៍ឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុម័តគម្រោងថ្មីនៅក្នុងវិស័យសំណង់មានតម្លៃជាង ៣,៨៤ ពាន់លានដុល្លារ ក្នុងអំឡុងឆមាសទី ១ ឆ្នាំនេះ កើនឡើង ១៣,២៦ ភាគរយប្រចាំឆ្នាំ៕LA