ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ កូរ៉េ​ បាន​បញ្ជាក់​ថា គណៈប្រតិភូ​មកពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​ជួប​តំណាង​អាជ្ញាធរ​កម្ពុជា​រួចហើយ​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប Camko City ដែល​ត្រូវ​បាន​ពន្យារពេល​ជាយូរ​មកហើយ​។

ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក Yoo Dong-soo ជំនួយការ​គណៈកម្មាធិការរដ្ឋ និង​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ (DPK) កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា បាន​ស្នើ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ឲ្យ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ជនរងគ្រោះ​ចំនួន ៣៨ ៨៩១ នាក់​ របស់​ធនាគារ Busan Savings​។

ដោយឡែក​ជំនួប​បន្ទាប់​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​មុនពេល​មាន​កិច្ចប្រជុំ​កំពូល​កម្ពុជា និង​កូរ៉េ​ដែល​គ្រោង​នឹង​រៀបចំ​នៅក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល​កូរ៉េ និង​អាស៊ាន​នៅ​ចុងខែ​នេះ​។ ក្នុងជំនួប​នេះ​ត្រូវ​បាន​រំពឹងថា​នឹង​លើក​យក​បញ្ហា​នៃ​គម្រោង Camko City មក​ពិភាក្សា​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ តាម Telegram កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​មក​ទស្សនកិច្ច និង​ពិភាក្សា​ការងារ​ជាមួយ​តំណាង​រដ្ឋាភិបាល​កម្ពុជា​រួចហើយ​។

លោក​បន្ថែម​ថា​បច្ចុប្បន្ន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណ​រដ្ឋ​កូរ៉េ​បាន​ទទួល​បណ្តឹង​ទាំងពី​ម្ចាស់​បំណុល​គឺ​ក្រុមហ៊ុន Korea Deposit Insurance Corp (KDIC) និង​ពី​ភាគី​ក្រុមហ៊ុន World City ដែល​ជា​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ Camko City នៅ​កម្ពុជា​។

ក្រុមហ៊ុន KDIC ជា​ក្រុមហ៊ុន​របស់​រដ្ឋ​កូរ៉េ​ដែល​មាន​តួនាទី​ក្នុង​ការប្រមូល​កត់ត្រា​ទ្រព្យ​ពី​ការយក​ទុន​ទៅ​វិនិយោគ​នៅ​ក្រៅ​ប្រទេស និង​ត្រូវ​យក​មក​សង​ឲ្យ​ក្រុមហ៊ុន (​ធនាគារ Busan Savings Bank) ដែល​ជា​ម្ចាស់​ដើម​របស់​គម្រោង Camko City​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ដឹង គណៈប្រតិភូ​មកពី​ប្រទេស​កូរ៉េ​បាន​ជួប​តំណាង​របស់​រដ្ឋាភិបាល​រួចហើយ​»​។

លោក ឡុង ឌីម៉ង់ មិនបាន​ប្រាប់​ពី​សមាសភាព​របស់​គណៈប្រតិភូ​នេះ​ទេ​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​អត្ថបទ​របស់​កាសែត Maeil Business នៅ​ដើមខែ​នេះ​ថា គណៈប្រតិភូ​នេះ​រួមមាន​មន្ដ្រីជាន់ខ្ពស់​មកពី​ស្ថាប័ន​រដ្ឋាភិបាល ដូចជា​ខុទ្ទកាល័យ ក្រសួងការបរទេស គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ ការិយាល័យ​ព្រះរាជអាជ្ញា​ជាន់ខ្ពស់ និង​រដ្ឋាភិបាល​ទីក្រុង​ប៊ូសាន​។

លោក​បាន​ថ្លែងថា​៖ «​បើតាម​ឯកសារ ក្រុមហ៊ុន World City ក៏មាន​បំណង​ដោះស្រាយ​បញ្ហា​បំណុល​នេះដែរ ប៉ុន្តែ​កន្លង​មកវា​មានរឿង​រ៉ាវ​ទាក់ទង​នឹង​ប្រព័ន្ធតុលាការ​។ ដូច្នេះ​ស្ថានទូត​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅ​តែ​ពី​ប្រមូល​ឯកសារ​អង្គហេតុ និង​អង្គច្បាប់​ទាំងអស់​សម្រាប់​ប្រគល់​ជូនទៅ​រាជរដ្ឋាភិបាល​ដើម្បី​ថ្នាក់ដឹកនាំ​មាន​មតិ​សម្រេច​»​។ លោក​បន្តថា​៖ «​មកដល់​ពេលនេះ​យើង​ដឹងថា កិច្ចការ​នេះ​ស្ថិត​ក្នុង​ផ្លូវ​តុលាការ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​ការដោះស្រាយ​តាម​ការប្តឹងផ្តល់​តាម​ច្បាប់​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រាប់ថា លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​នេះ​ទេ ដោយ​លោក​បាន​ប្រាប់​ឲ្យ​ទាក់ទង​ទៅ​លោក អ៊ាង សុផល្លែត​។ កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក អ៊ាង សុផល្លែត ជាច្រើន​លើក​តែ​មិនអាច​ទាក់ទង​បាន​ឡើយ​។ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក សេង ឡូត បាន​និយាយ​ថា លោក​មិនមាន​ព័ត៌មាន​ដែល​ថា មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ដោះស្រាយ​វិវាទ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាមួយ​នឹង​ធនាគារ Busan Savings Bank នោះទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គ្រាន់តែ​បានឃើញ​ព័ត៌មាន​នេះ​នៅ​សារព័ត៌មាន​តែប៉ុណ្ណោះ​។ ខ្ញុំ​មិន​ដឹង​លម្អិត​ទេ ព្រោះ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​នៅ​កូរ៉េ​»​។

លោក សេង ឡូត បាន​ប្រាប់ថា​បើ​តាម​លោក​ដឹង​គម្រោង Camko City មាន​វិវាទ​ចំនួន ៣ ​ករណី​ដោយ ១ ​ករណី​ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ ចំណែក ២ ​ករណី​ទៀត​ត្រូវបាន​ដោះស្រាយ​ជាច្រើនលើក​ដោយមាន​ការចូលរួម​របស់​តំណាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុន្តែ​នៅតែ​មិន​អាច​រកឃើញ​ដំណោះស្រាយ​បាន​រហូតដល់​ពេលបច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​ក្នុងចំណោម ២ ​ករណី​នេះ​គឺ​មាន ១ ​កំពុង​ធ្វើការ​ដោះស្រាយ​នៅ​តុលាការ​»​។

ខណៈ​បច្ចុប្បន្ន​គម្រោង Camko City មិនមាន​សកម្មភាព​សាងសង់​អ្វី​គួរ​ឲ្យ​កត់សម្គាល់​បន្ថែម​នោះ លោក សេង ឡូត បាន​និយាយថា​៖ «​យើង​បាន​ខិតខំ​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​យន្តការ​នៃ​ការដោះស្រាយ​របស់​ក្រសួង​គឺ​ការសម្របសម្រួល ដោយ​យើង​បាន​ចូលរួម​ធ្វើការ​សម្របសម្រួល​តែ​គូភាគី​មិន​ស្រុះស្រួល​គ្នា ហេតុនេះ​ក្រសួង​បាន​បញ្ឈប់​ការដោះស្រាយ​។ ក្រសួង​មិនមាន​សិទ្ធិ​ក្នុង​ការបង្ខិតបង្ខំ​គូភាគី​ជម្លោះ​ទេ​»​។

គេហទំព័រ​ពាណិជ្ជកម្ម http://www.businesskorea.co.kr/ ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​តុលាការ​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​ក្រុមហ៊ុន World City Co ឈ្មោះ​ក្រុមហ៊ុន KDIC ក្នុងការ​កាត់ក្ដី​លើ​ករណី Camko City​។

ដូច្នេះ​ក្រុមហ៊ុន KDIC នឹង​មាន​ការពិបាក​ក្នុង​ការទទួល​បាន​ប្រាក់ ៦៥០ ពាន់​លានវ៉ុន (៥៤៩,៤៥ ​លាន​ដុល្លារ​) វិញ​ដែល​ជា​ទឹកប្រាក់​កម្ចី​ដែល​ផ្តល់​ដោយ​ធនាគារ Busan Savings Bank ដល់​ក្រុមហ៊ុន World City​។ ធនាគារ​នេះ​បាន​ក្ស័យធន​ដែល​បង្ក​ឲ្យ​អតិថិជន​ប្រមាណ​ ៣៨ ០០០ ​នាក់​ មិនអាច​ដក​ប្រាក់​បញ្ញើ​របស់​ពួកគេ​បាន​។ ដោយសារ​តែ KDIC មិន​អាច​បញ្ចុះបញ្ចូល​តុលាការ​កម្ពុជា​បាន​មាន​ការរំពឹង​ថា​នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការប្រមូល​ទ្រព្យសកម្ម និង​សង​ប្រាក់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​។

ក្រុមហ៊ុន KDIC បានប្រកាស​កាលពី​ថ្ងៃ​ទី​ ៩ ខែ​កក្កដា​ថា​ខ្លួន​បាន​ចាញ់​រឿងក្ដី​ដែល​ប្ដឹង​ដោយ World City នៅ​តុលាការ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៣ ដើម្បី​ដកយក​ភាគហ៊ុន​របស់ KDIC នៅក្នុង​គម្រោង​អចលនទ្រព្យ​នេះ​។ នេះ​បើ​តាម Business Korea​។

KDIC នឹង​ផ្តោត​យ៉ាង​យកចិត្ត​ទុកដាក់​លើ​សេចក្តី​សម្រេច​នៃ​ការកាត់​សេចក្តី​លើក​ទី​ ២ ហើយ​គ្រោង​នឹង​ប្ដឹង​ឧទ្ធរណ៍​នៅ​តុលាការ​កំពូល​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​នឹង​ធ្វើការងារ​យ៉ាង​ដិតដល់​ជាមួយ​ក្រុម​ស៊ើបអង្កេត​នៅ​ការិយាល័យ​ព្រះរាជអាជ្ញា​ជាន់ខ្ពស់ ដើម្បី​នាំខ្លួន​អគ្គនាយក​ក្រុមហ៊ុន World City ដែល​ត្រូវបាន​គេ​ស្គាល់​ត្រឹម​នាមត្រកូល​ថា Lee និង​កំពុង​ជាប់​ក្នុង​បញ្ជី​ក្រហម​របស់​នគរបាល​អន្តរជាតិ​។ ការនាំ​ខ្លួន​អគ្គនាយក​នេះ​នឹង​រារាំង​លោក​មិន​ឲ្យ​ជះឥទ្ធិពល​ដោយ​អយុត្តិធម៌​នៅ​កម្ពុជា និង​ដល់​លទ្ធផល​កាត់ទោស​នៅក្នុង​ពេលអនាគត​។

លោក Wi Sung-baek ប្រធាន KDIC ដែល​កំពុងធ្វើការ​ងារ​យ៉ាងខ្លាំង​ដើម្បី​ជួយ​អតិថិជន​រងគ្រោះ​របស់​ធនាគារ Busan ក៏បាន​ខកចិត្ត​ជាមួយ​នឹង​ការសម្រេច​ចុងក្រោយ​បំផុត​របស់​តុលាការ​នេះ​ផងដែរ​។ បន្ទាប់ពី​ឡើងកាន់​តំណែង​នៅ​ខែកញ្ញា​ឆ្នាំមុន លោក​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំមុន និង​ខែមីនា ខែមិថុនា ឆ្នាំនេះ និង​បាន​ទាក់ទង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា Camko City​។

គេហទំព័រ Business Korea បាន​ដកស្រង់​សម្តី​របស់​មន្ដ្រី​ក្រុមហ៊ុន KDIC ខណៈ​ថ្លែងថា​៖ «​យើង​ជំទាស់​នឹង​ការសម្រេច​ចុងក្រោយ​បំផុត​នេះ​របស់​តុលាការ​កម្ពុជា​។ យើង​នឹង​រៀបចំ​យ៉ាង​ហ្មត់ចត់​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ និង​ផ្ដោតលើ​ការធ្វើ​ឲ្យ​គម្រោង Cam-ko City មករក​ភាពប្រក្រតី​វិញ ដើម្បី​សង​ប្រាក់​អតិថិជន ៣៨ ០០០ នាក់​ សម្រាប់​ការខូចខាត​របស់​ពួកគេ​»​។

មន្ដ្រី​ក្រុមហ៊ុន KDIC បាន​ឲ្យ​ដឹងថា​៖ «​បណ្ដឹង​ចុងក្រោយ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក Lee ដើម្បី​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន KDIC ត្រឡប់​មក​វិញ​ក្នុង​គម្រោង​នេះ ដើម្បី​គេចផុត​ពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន KDIC​។ សេចក្ដី​សម្រេច​នេះ​មិន​មាន​ន័យ​ថា សិទ្ធិ​របស់ KDIC ក្នុង​ការប្រមូល​ប្រាក់កម្ចី ៥៦០ ពាន់​លាន​វ៉ុន (៥៤៩,៤៥ លាន​ដុល្លារ​អាមេរិក​) បាន​ផុតកំណត់​»​។

អាជ្ញាធរ​ហិរញ្ញវត្ថុ​នានា​ក៏​មិន​ពេញចិត្ត​ជាមួយ​នឹង​ការសម្រេច​ចុងក្រោយ​ចំពោះ​ករណី​របស់ Camko City ផងដែរ​។ ក្នុងអំឡុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៩ ខែកក្កដា លោក Choi Jong-ku ប្រធាន​គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ (FSC) ថ្លែងថា​៖ «​ការសម្រេច​លើ​ការកាត់ក្ដី​របស់ Camko City គឺ​មិន​ចង់បាន​នោះទេ​។ KDIC នឹង​បន្ត​ដោះស្រាយ​ជាមួយ​ការសម្រេច​នេះ​ហើយ FSC នឹង​ផ្ដល់​គាំទ្រ​»​។

គម្រោង Camko City ត្រូវបាន​គាំទ្រ​ដោយ​លោក Lee អគ្គនាយក World City ដែល​បាន​ទទួល​យក​នូវ​កម្ចី​ចំនួន​ច្រើន​ពី​ធនាគារ Busan​។ លោក​បាន​ខ្ចីប្រាក់ ២៣៦,៩០ ពាន់​លានវ៉ុន (២០០,៣៤ លាន​ដុល្លារ​អាមេរិក​) ពី​ធនាគារ Busan​។

គម្រោង​នេះ​ត្រូវបាន​ផ្អាក​នៅ​ឆ្នាំ​ ២០១០ ដោយសារ​ការធ្លាក់ចុះ​តម្រូវការ​អគារ​ពាណិជ្ជកម្ម​៕ LA