ក្រុងបាងកកៈ ការដេញថ្លៃរបស់នាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចថៃ ដើម្បីអនុញ្ញាតឲ្យវិស័យឯកជនអភិវឌ្ឍគម្រោងលំនៅឋានតម្លៃទាបចំនួន ២៧៥០ យូនីតលើដីឡូត៍រដ្ឋ ៨ កន្លែងក្នុងខេត្តជាច្រើនត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាលោក Patchara Anuntasilpa អគ្គនាយកនៃនាយកដ្ឋានហិរញ្ញវត្ថុបានថ្លែងថា នាយកដ្ឋាននេះបានជូនដំណឹងដល់មន្ដ្រីហិរញ្ញវត្ថុក្នុងខេត្តជាប់ពាក់ព័ន្ធឲ្យអញ្ជើញក្រុមហ៊ុនមកវិនិយោគរួមក្នុងផែនការលំនៅឋានមួយឈ្មោះថា ប្រជារដ្ឋ។
លោកបញ្ជាក់ថាខេត្តទាំងនោះបានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្ដើមដំណើរការដេញថ្លៃ។
នាយកដ្ឋានហិរញ្ញវត្ថុមានផែនការផ្ដល់ដីរដ្ឋនៅក្នុងខេត្តចំនួន ៨ សម្រាប់ការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃទាបដែលអនុញ្ញាតឲ្យអ្នករកបានប្រាក់ចំណូលទាប មានផ្ទះផ្ទាល់ខ្លួននៅក្នុងតម្លៃសមរម្យ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍បន្តថាក្នុងចំណោមដីទំហំ ១៧២ រ៉ៃ ខេត្តឡាំប៉ាង និងខេត្តខនគែនមានចំណែកដីធំជាងគេដោយមាន ៥៥,១ រ៉ៃ និង ៣០ រ៉ៃរៀងគ្នា។ ខេត្តផ្សេងទៀតរួមមានខេត្តឈុនបុរី ខេត្តឈៀងរ៉ៃ ខេត្តឈៀងម៉ៃ ខេត្តនគរភ្នំ ខេត្តប្រាជុបគិរី និងខេត្តឧដនថានី។
លំនៅឋានតម្លៃទាបនឹងត្រូវជួលឲ្យប្រជាជនដែលមានប្រាក់ចំណូលរហូតដល់ ៣៥០០០ បាត (ប្រហែល ១០៥០ ដុល្លារ) ក្នុងមួយខែក្នុងរយៈពេល ៣០ ឆ្នាំ។ មនុស្សចំនួន ១១,៤ លាននាក់ដែលមានសិទ្ធិក្នុងផែនការសុខុមាលភាព និងឧបត្ថម្ភធនរបស់រដ្ឋាភិបាលមានអាទិភាពមុនគេសម្រាប់ការជួលគម្រោងលំនៅឋានដែលគ្រោងនឹងសាងសង់ឡើងនេះ។
លោកបានថ្លែងថាប្រសិនបើមានយូនីតលំនៅឋាននៅសល់នាយកដ្ឋាននេះនឹងផ្ដល់សិទ្ធិជួលដល់អ្នកដែលមានប្រាក់ចំណូលក្រោម ៣៥ ០០០ បាតក្នុងមួយខែ មុនពេលអនុញ្ញាតឲ្យប្រជាជនផ្សេងទៀតជួល។
កាសែតនេះបានបន្តឲ្យដឹងថាស្ថិតក្រោមកិច្ចសន្យាជួលរយៈពេល ៣០ ឆ្នាំនេះយូនីតលំនៅឋាននេះមានតម្លៃចន្លោះពី ៣៥០០០០ ទៅ ៧០០០០០ បាត (១០៥០០ ទៅ ២០១០០ ដុល្លារ) ក្នុងមួយយូនីត។ ផ្ទៃដីរហូតដល់ ៣០ ភាគរយនៃតំបន់សាងសង់នឹងត្រូវបានបម្រុងទុកសម្រាប់តំបន់រួម និងតំបន់ពាណិជ្ជកម្មក្នុងការរកប្រាក់ចំណូលសម្រាប់គម្រោងនេះដែលប្រាក់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការថែទាំ។ អ្នកដែលទទួលបានសិទ្ធិជួលអាចបន្តកិច្ចសន្យារបស់ពួកគេរយៈពេល ៣០ ឆ្នាំទៀត។
ដើម្បីទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារសន្សំប្រាក់ និងធនាគារ GH របស់រដ្ឋាភិបាលថៃផ្ដល់ដល់ក្រុមហ៊ុនទាំងនេះនូវការផ្ដល់ហិរញ្ញប្បទានមុនរយៈពេល ៥ ឆ្នាំក្នុងតម្លៃ ៤ ពាន់លានបាត (ប្រហែល ១២០ លានដុល្លារ) ដោយមានអត្រាការប្រាក់ថេរ ៣ ភាគរយក្នុងរយៈពេល ៣ ឆ្នាំដំបូង។
សម្រាប់កម្ចីទិញផ្ទះអ្នកជួលមានសិទ្ធិទទួលបានអត្រាកម្ចី ២,៧៥ ភាគរយសម្រាប់រយៈពេល ៤ ឆ្នាំដំបូង និងក្នុងអត្រាប្រភេទផ្សេងៗទៀតសម្រាប់អតិថិជនប្រភេទផ្សេងៗ។
លោក Patchara បានថ្លែងថានាយកដ្ឋានរបស់លោកនឹងចូលរួមក្នុងគម្រោងផ្សេងទៀតដែលអភិវឌ្ឍ ១ លានយូនីតសម្រាប់អ្នកមានប្រាក់ចំណូលទាប៕ LA