
ទិដ្ឋភាពសំណង់អគារនៅខេត្តព្រះសីហនុ ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់កាលពីខែមេសា។ ហេង ជីវ័ន
ភ្នំណេញៈ បន្ទាប់ពីការធ្លាក់ចុះប្រមាណជិត ២០ ភាគរយ កាលពីឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់កម្ពុជាក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩ នេះ បានហក់ឡើងរហូតដល់ជិត ៧០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល ៤ ខែឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃ ២ ៧៤២ លានដុល្លារ កើនឡើងចំនួន ៦៧,៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ភាគច្រើននៃគម្រោងសាងសង់គឺជាអគារការិយាល័យ និងអគារស្នាក់នៅរួម។
លោកបន្តថា ស្ថិរភាពនៃកំណើនម៉ាក្រូសេដ្ឋកិច្ច និងទំនុកចិត្តរបស់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស បានធ្វើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានលិខិតស្នើសុំច្បាប់សាងសង់យ៉ាងច្រើនពីវិនិយោគិន។ លោកអះអាងថា៖ «កំណើនទុនវិនិយោគនឹងបន្តកើនឡើងក្នុងរយៈពេលយូរជាបន្តទៀត ហើយកំណើននេះ នឹងមានភាពរឹងមាំទៀតផង»។
លោកបន្តទៀតថា កម្ពុជាមានភាពទាក់ទាញលើវិស័យជាច្រើនសម្រាប់វិនិយោគិន ដែលភាពទាក់ទាញនេះ នឹងធ្វើឲ្យមានតម្រូវការអគារធ្វើការងារ កន្លែងស្នាក់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តជាច្រើនទៀត។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា បាននិយាយថា គ្រប់គ្នាសុទ្ធតែដឹងថាសំណង់ធំៗនៅកម្ពុជាបានលេចរូបរាងឡើងយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលការលេចឡើងនេះគឺដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចមានភាពរឹងមាំ។
លោកប្រាប់ថា៖ «កំណើនទុនវិនិយោគដ៏ខ្ពស់នាពេលនេះ ខ្ញុំគិតថាដោយសារមានគម្រោងធំៗដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ខុនដូ និងសណ្ឋាគារជាដើម»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសាទរចំពោះកំណើននេះ ដោយលោកប្រាប់ថា សម្ទុះនៃកំណើនទុនវិនិយោគពេលនេះ គឺបានភាគច្រើនមកពីខេត្តព្រះសីហនុ និងភ្នំពេញ ដែលជាកន្លែងមានអគារខ្ពស់ជាច្រើនលេចឡើងជាបន្តបន្ទាប់។ លោកបន្តថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។
លោកបានកត់សម្គាល់ឃើញថា បច្ចុប្បន្នចំនួនវិនិយោគិនក្នុងស្រុកក្នុងវិស័យសំណង់ ក៏កំពុងកើនឡើងច្រើនផងដែរ។ លោកអះអាងថា៖ «បើគេមើលទៅរយៈពេល ៣-៤ ឆ្នាំមុន ការវិនិយោគលើវិស័យសំណង់ធំៗ គឺមានតែមកពីវិនិយោគិនក្រៅប្រទេសតែប៉ុណ្ណោះ»។
គម្រោងវិនិយោគនៅក្នុងវិស័យសំណង់ភាគច្រើននៅកម្ពុជាត្រូវបានវិនិយោគដោយវិនិយោគិនចិន។
នៅក្នុងរបាយការណ៍ស្តីពីការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកបានឲ្យដឹងថា វិស័យសំណង់ដែលកំពុងហក់ឡើងរបស់កម្ពុជានឹងមើលឃើញពីការធ្លាក់ចុះនៅរយៈពេល ២-៣ ឆ្នាំខាងមុខ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលកន្លងមកបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជា មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លានដុល្លារ៕ LA