
រូបគម្រោងប្លង់ Phnom Penh Harbour ដែលគ្រោងចាប់ផ្តើមសាងសង់នាដើមឆ្នាំ២០១៩។ សហការី
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់ក្រុមហ៊ុន Yuetai Group ដែលស្ថិតនៅតាមមាត់ទន្លេសាប នឹងចាប់ផ្តើមសាងសង់នៅត្រីមាសទី ១ ឆ្នាំ ២០១៩ ខណៈគម្រោងមួយចំនួនបានលក់អស់ទាំងស្រុង។ នេះបើតាមអ្នកគ្រប់គ្រងការលក់របស់ក្រុមហ៊ុន។
គម្រោងអភិវឌ្ឍន៍ចម្រុះដែលទទួលបានសម្បទានជួលរយៈពេល ៥០ ឆ្នាំ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញនេះ ស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែលជាបុត្រសម្ព័ន្ធរបស់ Yuetai Group។
តំណាងក្រុមហ៊ុនបានឲ្យដឹងថា គម្រោងទាំងមូលគ្រោងនឹងត្រូវបញ្ចប់យ៉ាងតិចក្នុងរយៈពេល ៦ ឆ្នាំ។
ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមកពីខេត្តក្វាងចូវ ប្រទេស ចិន។ Yuetai Group ជាម្ចាស់គម្រោងអគារធំៗចំនួន៣ ក្នុងរាជធានីភ្នំពេញរួមមាន East One, East view និងYuetai The Garden។
Phnom Penh Harbour នឹងត្រូវសាងសង់នៅលើផ្ទៃដី ៩២,៥៣៨ ម៉ែត្រការ៉េ ដែលជាទីតាំងជួលពីកំពង់ផែស្វយ័តភ្នំពេញ ក្នុងតម្លៃ ១៦,៥ លានដុល្លារ រហូតដល់ឆ្នាំ ២០៦៨ ។ គម្រោងនេះលាតសន្ធឹងចាប់ពីគល់ស្ពានជ្រោយចង្វារទៅដល់ផ្សាររាត្រី។
តាមផែនការ Phnom Penh Harbour នឹងមានអគារខ្ពស់ៗចំនួន ២៨។ ក្នុងគម្រោងនេះរួមមាន អគារការិយាល័យ មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែង សួនបាញ់ទឹក ផ្សារបណ្តែតទឹក ទីធ្លាកម្សាន្ត ទីធ្លាសម្តែងវប្បធម៌សិល្បៈ សណ្ឋាគារលំដាប់ផ្កាយ ៥ សាលតាំងពិព័រណ៍ និងសួនច្បារសាធារណៈជាដើម។
កញ្ញា ស្រី ពេជ្រ អ្នកគ្រប់គ្រងផ្នែកលក់នៃគម្រោង Phnom Penh Harbour បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃម្សិលមិញថា តាមផែនការការសាងសង់គម្រោង Phnom Penh Harbour ត្រូវចែកចេញជា ៤ គម្រោង ដោយគម្រោងទី ៣ ដែលរួមមានផ្ទះអាជីវកម្ម និងខុនដូចំនួន ៩ នឹងត្រូវសាងសង់មុនគេ ដោយមានអគារខ្ពស់បំផុត ៥០ ជាន់។
គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ ២០២២។ បច្ចុប្បន្នការលក់ផ្ទះអាជីវកម្មក្នុងគម្រោងបានបញ្ចប់ ១០០ ភាគរយហើយ ខណៈការលក់អគារខុនដូ A1 ដែលមានចំនួន ៤០០ យូនីត សម្រេចបានជាង ១០ ភាគរយហើយ។
កញ្ញា ស្រី ពេជ្រ និយាយថា៖ «សក្តានុពលទីតាំងភូមិសាស្រ្តបានធ្វើឲ្យការលក់ប្រភេទផ្ទះអាជីវកម្ម ដែលមានចំនួន ១៦០ ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ»។
បើតាមកញ្ញា ស្រី ពេជ្រ អតិថិជនដែលទិញខុនដូ មាន ៥០ ភាគរយជាជនជាតិខ្មែរ។ បន្ទប់ខុនដូ ដែលមានទំហំចាប់ពី ៤៥ ទៅ ៨២ ម៉ែត្រការ៉េ មានតម្លៃចាប់ពីជាង ៨០,០០០ដុល្លារទៅដល់ ១២០,០០០ ដុល្លារ ខណៈប្រភេទផ្ទះអាជីវកម្មមានតម្លៃចាប់ពី ១៥០,០០០ រហូតដល់ជាង ១ លានដុល្លារ។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានឲ្យដឹងថា បើមើលតាមរូបភាពការរចនា Phnom Penh Harbour គឺពិតជាល្អណាស់ ស្របដែលទីតាំង និងតម្លៃរបស់វាក៏មានភាពទាក់ទាញផងដែរ។
ទាក់ទងនឹងការកំណត់តម្លៃ លោក ចណ្ណា បានបញ្ជាក់ថា៖ «សម្រាប់តម្លៃដែលក្រុមហ៊ុនប្រកាសលក់ គឺមានភាពសមរម្យអាចទទួលយកបាន។ តែបើនិយាយពីភាពជាម្ចាស់កម្មសិទ្ធិ ពិសេសសម្រាប់ប្រជាជននៅក្នុងស្រុក វាអាចមានបញ្ហាខ្លះ ព្រោះទីតាំងគម្រោងនេះជាដីដែលជួលពីរដ្ឋ និងមានរយៈពេលកំណត់»៕ LA