ក្រុងប៉េកាំងៈ ប្រទេស​ចិន​បានសម្រេច​កំណត់​អត្រា​ការប្រាក់​របស់ខ្លួន​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ជា​បុគ្គល​លក្ខណៈ​ពាណិជ្ជកម្ម (commercial individual housing loans) ដោយ​ផ្អែក​ទៅលើ​ទីផ្សារ​កាន់តែ​ខ្លាំង​ក្នុង​ជា​វិធានការ​ចុងក្រោយ​បំផុត​មួយ​ដើម្បី​គ្រប់គ្រង​កំណើន​របស់​ទីផ្សារ​អចលនទ្រព្យ​។

ធនាគារ​កណ្ដាល​របស់​ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​ជំនួស​អត្រា​ការប្រាក់​កម្ចី​គោល (loan benchmark interest rate) ជាមួយ​នឹង​អត្រា​ការប្រាក់​កម្ចី​សំខាន់ (loan prime rate, LPR) ដើម្បី​ធ្វើ​ជា​អត្រា​គោល​សម្រាប់​ការកំណត់​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​បុគ្គល​លក្ខណៈ​ពាណិជ្ជកម្ម​ដែល​ទើប​នឹង​ចេញ​ថ្មីៗ​នេះ​។

សេចក្ដី​សម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ធនាគារ​ប្រជាជន​ចិន (PBOC) ដែលជា​ធនាគារ​កណ្ដាល​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​បង្ហាញ​ផែនការ​មួយ ដើម្បី​កែលម្អ និង​ធ្វើកំណែទម្រង់​យន្តការ​អត្រា​ការប្រាក់ LPR របស់​ប្រទេស​ចិន​។ ដោយ​ត្រូវ​ដាក់​បង្ហាញ​នៅ​ថ្ងៃទី​ ២០ រៀងរាល់​ខែ អត្រា​ការប្រាក់ LPR មាន​មុខងារ​ជា​អត្រា​ការប្រាក់​គោល​ដែល​មាន​មូលដ្ឋាន​លើ​ទីផ្សារ​សម្រាប់​ធនាគារ​កំណត់​អត្រា​ការប្រាក់​កម្ចី​របស់​ពួកគេ​។

ធនាគារ​កណ្តាល PBOC បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៨ ខែ​តុលា​អត្រា​ការប្រាក់​កម្ចី​លំនៅឋាន​បុគ្គល​លក្ខណៈ​ពាណិជ្ជកម្ម​ដែល​ចេញ​នៅពេល​ថ្មីៗ​នេះ​នឹង​មាន​មូលដ្ឋាន​លើ​អត្រា​ការប្រាក់ LPR ក្នុង​រយៈពេល​ដូចគ្នា ខណៈ​ដែល​ពិន្ទុ​មូលដ្ឋាន (basis points) មួយ​ចំនួន​នឹងត្រូវ​បន្ថែម​។

ការបន្ថែម​ពិន្ទុ​មូលដ្ឋាន​ត្រូវ​ធ្វើ​ឡើង​ស្របតាម​គោលនយោបាយ​ឥណទាន​លំនៅឋាន​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន និង​រក្សា​មិន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​នៃ​កិច្ចសន្យា​កម្ចី​ទិញ​ផ្ទះ​។

អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នកទិញ​ផ្ទះ​លើក​ដំបូង មិន​ទាប​ជាង​អត្រា​ការប្រាក់ LPR នៅក្នុង​រយៈពេល​ដូចគ្នា​ឡើយ ខណៈពេល​ដែល​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អ្នកទិញ​ផ្ទះ​លើក​ទី​ ២ មិន​ទាប​ជាង​កម្រិត​រួមគ្នា​នៃ​អត្រា​ការប្រាក់ LPR និង ៦០ ពិន្ទុ​គោល ឬ​ស្មើនឹង ០,៦ ភាគរយ​។

អត្រា​ការប្រាក់​កម្ចី​សម្រាប់​លំនៅឋាន​គោល​លក្ខណៈ​ពាណិជ្ជកម្ម (commercial-purpose housing) មិន​ទាប​ជាង​កម្រិត​រួមគ្នា​នៃ​អត្រា​ការប្រាក់ LPR ក្នុង​រយៈពេល​ដូចគ្នា និង ៦០ ពិន្ទុ​គោល ឬ​ស្មើ​នឹង ០,៦ ភាគរយ​នោះ​ទេ ខណៈ​ដែល​គោលនយោបាយ​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​លក្ខណៈ​បុគ្គល (individual housing loans) តាមរយៈ​មូលនិធិ​សោធន​លំនៅឋាន​របស់​គោលនយោបាយ​នឹង​មិន​ផ្លាស់ប្តូរ​។

កិច្ចសន្យា​កម្ចី​ទិញ​ផ្ទះ​បាន​ចុះហត្ថលេខា​រួច​ហើយ ឬ​កំពុង​អនុវត្ត​នឹង​មិន​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ច្បាប់​ថ្មី​នេះ​ទេ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា កម្រិត​អប្បបរមា​នៃ​ការបន្ថែម​ពិន្ទុ​មូលដ្ឋាន​នឹងត្រូវ​បានសម្រេច​ដោយ​ពឹង​ផ្អែកលើ​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ស្រុក​។

ធនាគារ​កណ្ដាល​ចិន​បាន​ឲ្យ​ដឹងថា គោលនយោបាយ​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​ថ្មី​នេះ​ត្រូវ​បាន​ដាក់ចេញ​ក្នុង​បំណង​ធានា​ថា «​លំនៅឋាន​គឺ​សម្រាប់​រស់នៅ មិនមែន​សម្រាប់​ការកេងចំណេញ​តម្លៃ​» ទេ និង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​យន្តការ​គ្រប់គ្រង​រយៈពេល​វែង​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​៕ People''s Daily/LA