ក្រុងប៉េកាំងៈ ទ្រព្យសម្បត្តិឯកជនបានកើនឡើងយ៉ាងខ្លាំងក្នុងប្រទេស ចិន ក្នុងមួយទសវត្សរ៍មកនេះបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលដោយសារកម្មវិធីពង្រឹង និងជំរុញសេដ្ឋកិច្ចទទួលបានជោគជ័យ។
ពីឆ្នាំ ២០១៦ ដល់ ២០១៧ ចំនួនមហាសេដ្ឋីនៅចិនបានកើន ១០៦ នាក់ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រទេសនេះកើនឡើងរហូតដល់ ៣៧៣ នាក់ ពោលគឺមហាសេដ្ឋី ២ នាក់កើតមានរៀងរាល់មួយសប្តាហ៍។ ក្នុងឆ្នាំ ២០០៦ ប្រទេស ចិន មានមហាសេដ្ឋីតែចំនួន ១៦ នាក់ប៉ុណ្ណោះ។
ក្រៅពីចំណាយលើដំណើរកម្សាន្តច្រើន (ជិត ៨០ លាននាក់បានធ្វើដំណើរទៅបរទេសនៅឆមាសទី ១ ឆ្នាំនេះ កើនឡើង ១៦,៤ ភាគរយធៀបនឹងឆ្នាំមុន) និងបញ្ជូនកូនចៅរបស់ពួកគេទៅរៀននៅក្រៅប្រទេស អ្នកមានថ្មីថ្មោងទាំងនេះក៏ព្យាយាមសម្លឹងរកឱកាសវិនិយោគនៅក្រៅពីប្រទេស ចិន ផងដែរ។
តើជនជាតិចិនកំពុងវិនិយោគនៅកន្លែងណា?
យោងតាមគេហទំព័រព័ត៌មាន Asian Correspondent អាស៊ីជាតំបន់ដែលទទួលបានជាចំណាប់អារម្មណ៍កាន់តែខ្លាំងពីជនជាតិចិន ហើយត្រូវបានជំរុញដោយបរិយាកាសវិនិយោគក្នុងស្រុកដ៏តានតឹងទៀតផងនោះ ពលរដ្ឋចិនចាប់ផ្តើមងាកទៅរកកាលានុវត្តភាពនៃការវិនិយោគក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីវិញ។
ដកស្រង់របាយការណ៍ប្រចាំខែតុលា ឆ្នាំ ២០១៨ របស់គេហទំព័រទិន្នន័យអចលនទ្រព្យចិន Juwai.com គេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅអង់គ្លេសនេះ បានរាយការណ៍ថា កាលពីឆ្នាំមុន ការវិនិយោគរបស់ចិននៅតំបន់អាស៊ីបានកើនឡើង ៣៥២,៤ ភាគរយដល់តម្លៃសរុប ៣២,៩ ពាន់លានដុល្លារ ទាំងក្នុងអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន។
គេហទំព័រអចលនទ្រព្យនេះឲ្យដឹងទៀតថា តំបន់អឺរ៉ុបបានក្លាយជាតំបន់ដែលពេញនិយមបំផុតទី ២ សម្រាប់វិនិយោគិនចិន ដោយការវិនិយោគបានកើនឡើង ២២៧,៩ ភាគរយដល់ ២៥,៦ ពាន់លានដុល្លារ ខណៈដែលការវិនិយោគក្នុងប្រទេស អូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិកបានធ្លាក់ចុះ។
លោក Carrier Law ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Juwai ដែលដំណើរការ Juwai.com បានឲ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទទួលបានចំណែកទីផ្សារអតិថិជនចិន ក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក។
ឧទាហរណ៍នៅ ថៃ ចំនួននៃការសាកសួរពីអតិថិជនចិនដែលស្វែងរកទិញផ្ទះបានកើនឡើង ៩១ ភាគរយនៅចន្លោះពីខែមករា ឆ្នាំ ២០១៧ ដល់ខែមករា ឆ្នាំ ២០១៨។ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៦ អត្រាកំណើនបានកើនឡើងរហូតដល់ ៣១៣ ភាគរយឯណោះ។
អត្ថបទរបស់កាសែត Asia Times ដែលបានដកស្រង់ពីព័ត៌មានអចលនទ្រព្យចិន China Real Estate News បានបញ្ជាក់ថា អ្វីដេលអាចជាកត្តាជំរុញនោះ គឺថា ថ្វីបើជនបរទេសត្រឹមតែត្រូវបានអនុញ្ញាតឲ្យទិញអចលនទ្រព្យនៃអគារខ្ពស់ៗនៅក្នុងប្រទេស ថៃ ក្តី ក៏ពួកគេទទួលបានសិទ្ធិលើអចលនទ្រព្យនោះជាអចិ ន្ត្រៃយ៍ដោយមិនចាំបាច់បង់ពន្ធលើអចលនទ្រព្យ និងពន្ធមរតក។ នេះបើយោងតាម Asian Correspondent។
ទិន្នន័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ថៃ Risland បានបង្ហាញថា ចាប់ពីឆ្នាំ ២០១៥ មក អ្នកទិញជនជាតិចិនបានចំណាយទឹកប្រាក់អស់ប្រមាណ ១០ ពាន់លានដុល្លារទៅលើការទិញខុនដូក្នុងប្រទេសនេះ ដែលស្មើនឹងទំហំវិនិយោគរួមគ្នារបស់វិនិយោគិនជប៉ុន និងសិង្ហបុរី។
តាមពិតទៅ ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានប៉ាន់ប្រមាណថា ខុនដូ ១ ក្នុងចំណោម ៥ ដែលត្រូវបានសាងសង់នៅថៃគឺជាកម្មសិទ្ធិរបស់អ្នកទិញជនជាតិចិនដីគោក ឬអ្នកទិញមកពីទីក្រុងហុងកុង។
ប្រទេស អាស៊ីអាគ្នេយ៍ ផ្សេងទៀតដែលបានទាក់ទាញវិនិយោគិនចិនរួមមានប្រទេស ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីន។
ថ្លែងប្រាប់សារព័ត៌មាន NST Property លោក Law បានឲ្យដឹងថា៖ «សូម្បីតែប្រទេសតូចៗដូចជាកម្ពុជា ក៏កំពុងត្រូវបានគេមើលឃើញពីការកើនឡើងនៃការទិញរបស់ជនជាតិចិនយ៉ាងឆាប់រហ័សផងដែរ ទោះជាមានចំនួនតិចជាងនេះក្តី»។
លោក Law ថ្លែងថា ការវិនិយោគទាំងនេះភាគច្រើនដោយសារតម្លៃទាប និងទំនាក់ទំនងវប្បធម៌រវាងជនជាតិចិនដីគោក និងទីផ្សារអាស៊ីអាគ្នេយ៍ទាំងនេះ ប៉ុន្តែកត្តាសំខាន់មួយផ្សេងទៀតនោះគឺការចូលរួមរបស់ប្រទេសទាំងនោះ ក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់ចិន។
ជាសរុប ជនជាតិចិនដីគោកបានចំណាយប្រាក់ចំនួន ១១៩,៧ ពាន់លានដុល្លារដើម្បីទិញអចលនទ្រព្យនៅក្រៅប្រទេសក្នុងឆ្នាំ ២០១៧។
ចំនួននេះកើនឡើង ១៨,១ ភាគរយពី ១០១,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៦ ដែលជាតួលេខកំណើនដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយសារវាកើតមានឡើងក្នុងពេលមួយដែលមានការគ្រប់គ្រងមូលធន និងការ កើនឡើងការប្រឆាំងផ្នែកនយោបាយចំពោះការបញ្ចេញសាច់ប្រាក់ចិនទៅបរទេសនៅប្រទេស ចិន។
នៅឯប្រទេស ចិន វិញ ពលរដ្ឋចិនត្រូវបានដាក់កម្រិតកំណត់ការទិញប្រចាំឆ្នាំ ៥ ម៉ឺនដុល្លារក្នុង ១ នាក់ ខណៈដែលនៅបរទេស ពួកគេអាចដកប្រាក់បានតែ ១ សែនយន់ (១៤,៤០០ ដុល្លារ) ក្នុងមនុស្សម្នាក់ប៉ុណ្ណោះដោយប្រើកាតធនាគារចិន។
លើសពីនេះទៀត បើយោងតាមកាសែត South China Morning Post រដ្ឋបាលអត្រាប្តូរប្រាក់បរទេសរដ្ឋចិន (SAFE) ក៏បាន «បង្កើន ការតាមដានរបស់ខ្លួនខ្លាំង» ចំពោះការហូរចេញសាច់ប្រាក់ខុសច្បាប់ ហើយថែមទាំងបានកត់ និងបង្ហាញឈ្មោះអ្នកទាំងឡាយណាដែលហ៊ានប្រឆាំងនឹងរបបគ្រប់គ្រងមូលធនរបស់ទីក្រុងប៉េកាំងថែមទៀតផង។
សេចក្តីរាយការណ៍នេះបានឲ្យដឹងថា SAFE បានបង្ហាញករណីបែបនេះចំនួន ២៣ ករណីក្នុងខែសីហា ដែលក្នុងនោះមាន ៥ ករណីជាប់ពាក់ព័ន្ធទៅនឹងជនជាតិចិនដែលកំពុងព្យាយាមស្វែងរកទិញអចលនទ្រព្យនៅក្រៅប្រទេស។
ប៉ុន្តែកាន់តែគួរឲ្យចាប់អារម្មណ៍នោះ កាសែត South China Morning Post បានរាយការណ៍ថា ទោះបីមានកិច្ចប្រឹងប្រែងយ៉ាងខ្លាំងពីទីក្រុងប៉េកាំងដើម្បីរឹតបន្តឹងការត្រួតពិនិត្យលំហូរចេញមូលធនក្តី ក៏ការចង់បានអចលនទ្រព្យរបស់ពលរដ្ឋចិននៅក្រៅប្រទេសនៅតែបន្តកើនឡើងដដែល។
តាមរយៈការសិក្សារបស់ក្រុមហ៊ុន Juwai ផលប៉ះពាល់នៃការគ្រប់គ្រងមូលធនអាចនឹងត្រូវបានគេបំប៉ោង។ ២ ភាគ ៣ នៃវិនិយោគិនចិនបានប្រាប់ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ UBS Evidence Lab ថា ការគ្រប់គ្រងមូលធននេះ «មិនបានប៉ះពាល់ដល់ខ្ញុំទេ»។
ក្រុមហ៊ុន Juwai រំពឹងថា ការវិនិយោគលើអចលនទ្រព្យនៅក្រៅប្រទេសរបស់ជនជាតិចិន នឹងមិនថមថយទេ ដោយមានការព្យាករថា នឹងកើនឡើងពី ៣ ទៅ ៨ ភាគរយនៅក្នុងឆ្នាំនេះ។ ចំនួននេះនឹងនាំឲ្យតម្លៃវិនិយោគសរុបកើនដល់ចន្លោះពី១២៣,៣ ទៅដល់ ១២៩,៣ ពាន់លានដុល្លារអាមេរិក៕ NS