ភ្នំពេញៈ បន្ទប់​ខុនដូ​ថ្មី​ចំនួន ៨២៨ ​យូនីត ​ត្រូវ​បាន​ដាក់ចូល​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុនដូ​សរុប​ក្នុង​រាជធានី​ភ្នំពេញ​កើនឡើង​ដល់​ជាង ២១ ០០០ ​យូនីត​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia នាពេល​ថ្មីៗ​នេះ​។

របាយការណ៍​បង្ហាញថា នៅក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ Urban Village Phase 1 មួយគត់​ស្មើនឹង ៨២៨ ​យូនីត​ ដែល​ជា​ប្រភេទ​ខុនដូ​មធ្យម (Mid-Range) ត្រូវ​បាន​ដាក់ចូល​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើឱ្យ​ចំនួន​បន្ទប់​ខុនដូ​សរុប​កើន​ដល់ ២១ ៦៧៩ ​យូនីត ឬ​ស្មើនឹង​កំណើន ៣,៩៧ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០​។

គិត​នៅត្រឹម​ចុង​ត្រីមាស​ទី​ ៣ ខុ​ដូ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រភេទ​ប្រណីត (High-End) ២៧ ​ភាគរយ ប្រភេទ​មធ្យម (Mid-Range) ២៨ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ (Affortable) ៤៥ ​ភាគរយ​។

ការស្រាវជ្រាវ​បាន​រកឃើញ​ទៀតថា ចំពោះ​តម្លៃ​លក់​ខុនដូ​ទាំង ៣ ​ប្រភេទ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ២ គឺមាន​ការធ្លាក់ចុះ​ជា​មធ្យម​ក្នុង​រង្វង់​ពី ១-១,៤ ​ភាគរយ ខណៈ​កាលពី​ត្រីមាស​ទី ២ តម្លៃ​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ០,៦៥-៤,៦១ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០​។

សម្រាប់​តម្លៃ​ជួល គឺ​ធ្លាក់ចុះ​ចន្លោះ​ពី ០-២,៨៨ ​ភាគរយ ខណៈ​កាលពី​ត្រីមាស​ទី​ ២ ការធ្លាក់​មាន​ចន្លោះ​ពី ០-៧,២៥ ​ភាគរយ​។

អ្នកស្រី អាន សុធីតា នាយិកា​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា ទោះបី​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូវីត ១៩ ប៉ុន្តែ​ស្ថានភាព​ទីផ្សារ​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ត្រីមាស​ទី​ ៣ ​បាន​ចាប់ផ្តើម​មាន​ដំណើរការ​ល្អ​ឡើងវិញ​ខ្លះៗ​ហើយ​។ ជាក់ស្តែង​មាន​គម្រោង​ថ្មី ១ ​បាន​បើក​ដំណើរការ និង ៣ ​ទៀត​ប្រកាស​សាងសង់​។

អ្នកស្រី​បន្តថា សម្រាប់​ដំណើរការ​លក់​ខុនដូ គឺ​មិនមាន​អ្វី​ជា​ក្តីបារម្ភ​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​ឡើយ ដោយ​ពួកគាត់​នៅតែមាន​ទំនុកចិត្ត​ក្នុង​ការបើក​ដំណើរការ​លក់​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​១៩ នេះ​ដដែល គ្រាន់តែ​ការលក់​នៅពេល​នេះ គឺមាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន ដែល​តម្រូវឱ្យ​អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​មួយចំនួន​ពិសេស​វិធីសាស្ត្រ​បង់ប្រាក់​។

អ្នកស្រី​ថ្លែងថា​៖ «​ទីផ្សារ​ដែល​ស្ងប់ស្ងាត់​មួយរយៈ​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ តែបើ​និយាយថា វា​នឹង​មាន​សម្ទុះ​ខ្លាំង​នៅពេលណា​នោះ​គឺ​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​មាន​ការបើក​ដំណើរការ​ផ្លូវ​ហោះហើរ​ច្រើន​ឡើងវិញ​ជាមុនសិន​»​។

សម្រាប់​ការធ្លាក់ចុះ​តម្លៃ​ជួល​ត្រូវបាន​អ្នកស្រី សុធីតា បាន​បញ្ជាក់ថា គឺ​ដោយសារ​តែ​អត្រា​ទំនេរ​ (​មិនមាន​អ្នកស្នាក់នៅ​) មាន​កម្រិត​ខ្ពស់ បើ​ធៀប​ទៅនឹង​មុនពេល​មាន​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ១៩​។

ទោះយ៉ាងណា​អ្នកស្រី​បាន​ចាប់អារម្មណ៍​ថា ក្នុង​ត្រីមាស​ទី​ ៣ ​កន្លង​មក​គឺ​មិនមាន​ការបើក​លក់​គម្រោង​ខុនដូ​ប្រភេទ​ប្រណីត​នោះទេ​។

ការស្រាវជ្រាវ​របស់ CBRE Cambodia ក៏បាន​រកឃើញ​ដែរ​ថា កាលពី​ត្រីមាស​ទី​ ៣ គឺ​មិនមាន​គម្រោង​អភិវឌ្ឍន៍​ថ្មី​ណាមួយ​បាន​ប្រកាស​ពី​ការចាប់ផ្តើម​របស់ខ្លួន​ឡើយ ដោយ​មាន​គម្រោង​ចំនួន ៣ ប៉ុណ្ណោះ​ ដែល​បាន​ប្រកាស​ពី​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​មាន​ដូចជា Urban Village Phase 2,Arakawa Residences (Phase 2) និង Yuetai Harbour Bay (4D Tower) ដែល​គម្រោង​ទាំង ៣ នេះ​មាន​បន្ទប់​ស្នាក់នៅ​សរុប​រួមគ្នា​ជាង ២ ០០០ ​យូនីត​៕ LA