ភ្នំពេញៈ ចំនួនយូនីតខុនដូដែលបានបញ្ចប់ការសាងសង់នៅរាជធានីភ្នំពេញនៅក្នុងឆ្នាំ ២០១៩ មានចំនួន ៣ ៨៣៨ យូនីត កើនឡើងជាង ២៧ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៨ ខណៈគម្រោងដែលប្រកាសសាងសង់ថ្មីមានចំនួន ២៧ គម្រោង។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ចេញផ្សាយនៅចុងសប្តាហ៍មុនបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ក្នុងក្រុងភ្នំពេញគម្រោងខុនដូសរុបចំនួន ១៤០ គម្រោង បានបញ្ចប់ការសាងសង់ ដោយក្នុងចំណោមគម្រោងទាំងនោះមាន ១១ គម្រោងស្មើនឹងចំនួន ៣ ៨៣៨ យូនីត បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៩ ដែលធ្វើឲ្យខុនដូសរុបមាន ១៨ ០០៨ យូនីតកើនឡើង ២៧,០៨ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៨ ជាពេលដែលយូនីតសរុបមាន ១៤ ១៧០ យូនីត។
របាយការណ៍ដដែលនេះបង្ហាញថា ក្នុងចំណោមខុនដូទាំង ១៨ ០០៨ យូនីត ២៣ ភាគរយ គឺជាខុនដូប្រភេទប្រណីតតម្លៃថ្លៃ ៥៣ ភាគរយ ជាប្រភេទតម្លៃមធ្យម និង ២៤ ភាគរយ ជាប្រភេទតម្លៃសមរម្យ។
របាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០១៩ ក៏មានគម្រោងថ្មីចំនួន ២៧ គម្រោងស្មើនឹង ១៦ ៥០០ យូនីតផងដែរ ដែលបានប្រកាសចាប់ផ្តើមសាងសង់។
ការកើនឡើងក្នុងអត្រាជាង ២៧ ភាគរយ កាលពីឆ្នាំ ២០១៩ មានកម្រិតទាបជាងខ្លាំងពីការព្យាកររបស់ក្រុមហ៊ុន CBRE កាលពីដើមឆ្នាំ ២០១៩ ដែលនៅពេលនោះក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមួយនេះបានព្យាករថា ចំនួនខុនដូនឹងអាចមានកំណើនរហូតដល់ ១២០ ភាគរយ។
អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បាននិយាយថា ទីផ្សារខុនដូក្នុងក្រុងភ្នំពេញនៅតែមានភាពល្អប្រសើរ ពិសេសខុនដូប្រភេទតម្លៃមធ្យម និងតម្លៃសមរម្យដែលកំពុងមានតម្រូវការច្រើនពីសំណាក់ប្រជាជនក្នុងស្រុក។ អ្នកស្រីបន្តថា ទន្ទឹមនឹងការផ្លាស់ប្តូរឥរិយាបថពីការរស់នៅតាមលំនៅឋានជាប់ដីមករស់នៅតាមខុនដូរបស់ប្រជាជនខ្មែរ នៅពេលនេះចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកដែលបញ្ចេញទុនលើការវិនិយោគសាងសង់ខុនដូក៏កំពុងមាននិន្នាការកើនឡើងផងដែរ។
អ្នកស្រីបានថ្លែងថា៖ «បើទោះបីជាចំនួនយូនីតដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៩ មានកំណើនតិចជាងការរំពឹងទុកក្តី ប៉ុន្តែជារួមខ្ញុំអាចនិយាយថា ទីផ្សារនេះគឺនៅតែល្អ ពិសេសសម្រាប់ប្រភេទតម្លៃមធ្យម និងតម្លៃសមរម្យ ខណៈ [ខុនដូ] ប្រភេទប្រណីតអាចស្ថិតនៅទ្រឹង»។
អ្នកស្រីបន្តថា មានកត្តាជាច្រើនដែលធ្វើឲ្យអត្រាកំណើននេះធ្លាក់ចុះជាងការរំពឹងទុកដែលមានដូចជា កត្តាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងមិនទាន់រៀបចំបានល្អ កង្វះកម្លាំងពលកម្ម និងកត្តាផ្គត់ផ្គង់សម្ភារពីបរទេសមិនទាន់ពេលវេលា។
របាយការណ៍របស់ក្រុមហ៊ុន CBRE ក៏បានព្យាករថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ នេះចំនួនយូនីតដែលនឹងបញ្ចប់ការសាងសង់នឹងកើនឡើងប្រមាណ ៥៥ ភាគរយស្មើនឹង ១០ ០០០ យូនីតបន្ថែមលើចំនួន ១៨ ០០៨ យូនីត ដែលមានស្រាប់គិតត្រឹមដំណាច់ឆ្នាំ ២០១៩។
ក្នុងឆ្នាំ ២០១៩ ខុនដូប្រភេទប្រណីតមានតម្លៃជាមធ្យម ៣ ១៨៤ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះ ២,៣៣ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ចំណែកខុនដូប្រភេទមធ្យមមានតម្លៃ ២ ៥៩៥ ដុល្លារ កើនឡើង ១,២៨ ភាគរយ ហើយខុនដូប្រភេទតម្លៃសមរម្យមានតម្លៃមធ្យម ១ ៥៤៤ ដុល្លារកើនឡើង ៥,៣២ ភាគរយ។
តម្លៃជួលមធ្យមក្នុងឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨ មានការប្រែប្រួលតិចបំផុត ដោយខុនដូប្រភេទប្រណីតមានតម្លៃជួល ១៤,២៧ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ និងខុនដូប្រភេទមធ្យមថ្លៃ ១១,៩ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ក្នុង ១ ខែ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤ ៤៤៦ គម្រោង៕