ភ្នំពេញៈ ក្រុមហ៊ុន ចៀន ឈឹងថៃ គ្រុប (Chean Chhoeng Thai Group Co.,Ltd) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន Yuetai Group បាន​បង្ហាញ​ពី​ទឹកប្រាក់​វិនិយោគ​ជាង ៥០០ ​លាន​ដុល្លារ​នៅ​លើ​ទីតាំង​ដី​តាម​មាត់ទន្លេ​ដែល​ជួល​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រយៈពេល​ ៥០ ​ឆ្នាំ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។

ក្រុមហ៊ុន ​ចៀន ឈឹង ថៃ គ្រុប ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ជួល​ដី​ទំហំ​ ៩,២៥ ​ហិកតា​តាម​បណ្តោយ​ទន្លេសាប​ពី​កំពង់ផែ​ភ្នំពេញ​ក្នុង​តម្លៃ ១៦,៥ ​លាន​ដុល្លារ​សម្រាប់​រយៈពេល​ ៥០ ​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន CDC បាន​យល់ព្រម​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ឲ្យ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ក្រោម​ទុនវិនិយោគ​ប្រមាណ​ ៥៣១ ​លាន​ដុល្លារ​ដោយ​អាច​បង្កើត​ការងារ​បាន​ ២១ ៦៨៤ ​នាក់​។

ការអនុម័ត​ពី CDC នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៩ ខែ​កក្កដា​បាន​ចុះហត្ថលេខា​ជួល​ដី​កំពង់ផែ​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​ផ្សារ​រាត្រី​ទៅ​ឲ្យ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ក្រោយពី​ដី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​អនុប្រយោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដីឯកជន​របស់​រដ្ឋ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ​៩ ខែ​មីនា ឆ្នាំ​ ២០១៨​។

លោក ឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី បាន​ឲ្យ​ដឹងថា ទំហំ​ទុនវិនិយោគ​របស់​គម្រោង​នីមួយៗ​អាស្រ័យ​លើ​លក្ខខណ្ឌ ទីតាំង ចំនួន​អគារ កម្ពស់ ការ​រចនា និង​រយៈពេល​ប្រើប្រាស់​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​ទុន​វិនិយោគ​ជាង​ ៥០០ ​លាន​ដុល្លារ​នេះ​ខ្ញុំ​គិតថា​នឹង​មិន​មាន​បញ្ហា​អ្វី​នោះទេ ព្រោះ​គម្រោង​នេះ​ធំ និង​នៅ​ទីតាំង​ល្អ​»​។

បើ​តាម​លោក ចណ្ណា ដី​នៅ​ទីតាំង​ល្អ​ជាប់​មាត់ទន្លេ​បែប​នេះ​ប្រសិន​ជា​ដី​កម្មសិទ្ធិ​ឯកជន និង​មាន​ប្លង់​កម្មសិទ្ធិ​នោះ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៥០០០ ​ទៅ​ ៦០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

Yuetai Group គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏ធំ​នៅ​ប្រទេស​ចិន​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៧៩ និង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១ ដោយ​បាន​អភិវឌ្ឍ​គម្រោង​ធំៗ​មួយ​ចំនួន​ដូចជា East One និង East View ជាដើម​។

កំពង់ផែ​ភ្នំពេញ​កាលពី​ពាក់កណ្តាល​ខែ​សីហា​ក៏​បាន​ជួល​ដី​ ១ ​កន្លែង​ផ្សេង​ទៀត​ទំហំ​ប្រហែល​ ១០ ​ហិកតា​ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន Yunnan Shengmao Investment (Cambodia) Co., Ltd ដើម្បី​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម TCC Triumph ដែល​មាន​តម្លៃ​វិនិយោគ​ ១ ​ពាន់​លាន​ដុល្លារ ហើយ​ដី​នេះ​មាន​រយៈពេល​ជួល​ ៤០ ​ឆ្នាំ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​តម្លៃ​ជួល​នោះ​ទេ​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ប្រាប់​ថា សម្រាប់​គម្រោង​ដែល​មាន​តម្លៃ​វិនិយោគ​រហូត​ដល់​ជាង​ ៥០០ ​លាន​ដុល្លារ​នេះ ប្រសិន​បើ​ចេញ​ជា​រូបរាង​មែន​នោះ​វា​នឹង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​កម្ពុជា ដូចជា​បង្កើត​ការងារ និង​ទទួល​បាន​កម្រៃ​ពី​ការជួល​ដី​ជាដើម​។

លោក​ថ្លែង​ថា​៖ «​ការវិនិយោគ និង​ភ្ញៀវ​ដែល​ចូល​មក​កម្ពុជា​នាពេល​នេះ​ភាគច្រើន​គឺជា​ជនជាតិ​ចិន ដូច្នេះ​ភាពជោគជ័យ​របស់​គម្រោង​ធំ​បែប​នេះ​ក៏​អាស្រ័យ​លើ​អតិថិជន​ចិន​ដែរ​។ និន្នាការ​ទីផ្សារ​នៅ​កម្ពុជា​នាពេល​នេះ​កំពុង​ឆ្ពោះ​ទៅ​កាន់​វិនិយោគិន​ចិន​កាន់តែ​ច្រើន​ជា​លំដាប់​»៕LA