ភ្នំពេញៈ បច្ចុប្បន្នក្រៅពីតំបន់មាត់សមុទ្ររបស់ប្រទេស កម្ពុជា អចលនទ្រព្យនៅតំបន់ច្រកព្រំដែនអន្តរជាតិជាមួយនឹងប្រទេសជិតខាង គឺក្រុងប៉ោយប៉ែត និងក្រុងបាវិត ត្រូវគេមើលឃើញថា កំពុងមានសម្ទុះយ៉ាងខ្លាំងដោយតម្លៃបានកើនឡើងជិតទ្វេដងនៅផ្នែកខ្លះ ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ។
កំណើនតម្លៃអចលនទ្រព្យនៅតំបន់ច្រកអន្តរជាតិផ្លូវគោកទាំង ២ នេះត្រូវបានជំរុញឲ្យការមកដល់នៃវិនិយោគិនបរទេស ដែលបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់សំខាន់ៗរបស់កម្ពុជាបានហក់ឡើងរួចទៅហើយ។ ក្រៅតែពីច្រកឆ្លងកាត់ និងចរាចរទំនិញ តំបន់ទាំង ២ នេះជាទីទាក់ទាញទេសចរល្បែងដ៏សំខាន់របស់កម្ពុជា។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី កាលពីចុងសប្តាហ៍មុនបានជួបសន្ទនាជាមួយអ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ ដើម្បីពិភាក្សាអំពីសក្តានុពល និងដំណើរវិវឌ្ឍន៍នៃទីផ្សារអចលនទ្រព្យក្នុងតំបន់ទាំង ២ នេះ ដែលជាកន្លែងមានអ្នកដំណើរ និងទំនិញឆ្លងកាត់តាមផ្លូវគោកច្រើនជាងគេនៅកម្ពុជា។
ហេតុអ្វីបានវិស័យអចលនទ្រព្យ កំពុងមានសម្ទុះលឿននៅតំបន់ទាំង ២ នេះ?
បន្ទាប់ពីរាជធានីភ្នំពេញ និង បណ្តាខេត្តនៅជាប់មាត់សមុទ្រដូចជា ព្រះសីហនុ កំពត និងខេត្តកែប ខ្ញុំគិតថា ក្រុងប៉ោយប៉ែត និងក្រុងបាវិត ជាទីតាំងដែលតម្លៃអចលនទ្រព្យកំពុងមានសម្ទុះទីផ្សារល្អជាងគេ។ តាមពិតទៅវិស័យអចលនទ្រព្យនៅតំបន់ច្រកទ្វារអន្តរជាតិទាំង ២ នេះមានទីផ្សារល្អជាយូរមកហើយ តែអ្វីដែលពិសេសនោះគឺកាលពីឆ្នាំមុនរហូតមកដល់ពេលនេះ គឺវាបានចាប់ផ្តើមស្ទុះឡើងខ្លាំងខណៈមានវិនិយោគិនក្នុងស្រុក និងបរទេស ពិសេសជនជាតិចិនបាននាំគ្នាទៅទិញដីនៅទីនោះដើម្បីវិនិយោគ។
សម្រាប់ខ្ញុំ កត្តាស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការបញ្ចេញទុនវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេសគឺជាហេតុផលចម្បងដែលធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្រុងប៉ោយប៉ែត និងក្រុងបាវិតកម្រើកឡើងខ្លាំងនារយៈពេលជាង ១ ឆ្នាំមកនេះ។ ជាតំបន់នៅជាប់ព្រំដែន បច្ចុប្បន្នក្នុងក្រុងប៉ោយប៉ែត និងបាវិត មានគម្រោងវិនិយោគធំៗជាច្រើនដូចជា តំបន់សេដ្ឋកិច្ចពិសេស ផែស្ងួត រោងចក្រ សិប្បកម្ម សណ្ឋាគារ កាស៊ីណូ ជាដើម។
គម្រោងទាំងនោះភាគច្រើនត្រូវបានវិនិយោគដោយជនជាតិខ្មែរ ចិន ជប៉ុន ថៃ និងវៀតណាម ជាដើម។ស្ថានភាពសំណង់ និងការអភិវឌ្ឍនៅក្រុងប៉ោយប៉ែត និងបាវិត នាពេលនេះបើធៀបទៅរយៈពេល ២-៣ ឆ្នាំមុន គឺមានការផ្លាស់ប្តូរយ៉ាងច្រើន ដោយពេលនេះគេឃើញមានសំណង់អគារធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចរីកព្រោងព្រាត។
តើតម្លៃអចលនទ្រព្យនៅក្នុងតំបន់ទាំង ២ នេះខុសគ្នាដូចម្តេច បើធៀបនឹងដើមឆ្នាំមុន?
សម្រាប់តម្លៃអចលនទ្រព្យក្នុងក្រុងប៉ោយប៉ែត និងក្រុងបាវិតបើធៀបនឹងដើម ឆ្នាំ២០១៨ ខ្ញុំអាចវាយតម្លៃថាកើនឡើងជាមធ្យមក្នុងរង្វង់ពី ២០ ទៅ ៣០ ភាគរយ តែក៏មានកន្លែងខ្លះបានកើនឡើងជិតទ្វេដងផងដែរ ពិសេសនៅតំបន់ពាណិជ្ជកម្មប្រមូលផ្តុំ។ បច្ចុប្បន្នក្នុងក្រុងប៉ោយប៉ែត ទីតាំងតំបន់ពាណិជ្ជកម្ម អាចមានតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ តំបន់លំនៅឋាន មានតម្លៃពី ២០០ ទៅ ៣០០ ដុល្លារ និងតំបន់ជាយក្រុងមានតម្លៃពី ៣០ ទៅ ១០០ ដុល្លារ។
សម្រាប់ក្រុងបាវិត អចលនទ្រព្យតំបន់ល្អបំផុតអាចមានតម្លៃចន្លោះពី ១ ០០០ ទៅ ១ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ តំបន់លំនៅឋានមានតម្លៃពី ១០០ ទៅ ២០០ ដុល្លារ និងតំបន់ជាយក្រុងមានតម្លៃពី ៣០ ទៅ ៥០ ដុល្លារ។ ជារួមយើងឃើញថា តម្លៃអចលនទ្រព្យនៅក្រុងបាវិតនៅទាបជាង ក្រុងប៉ោយប៉ែត។
តើអ្នកគិតថា តម្លៃអចលនទ្រព្យក្នុងក្រុងទាំង ២ នឹងមានការប្រែប្រួលកម្រិតណាដែរ?
ជាមួយនឹងបទពិសោធ រយៈពេលជាង ១០ ឆ្នាំ ខ្ញុំគិតថាដោយសារក្រុងទាំង ២ កំពុងស្រូបទាញនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកវិនិយោគនោះ ដូច្នេះតម្លៃអចលនទ្រព្យនៅដំណាច់ឆ្នាំ ២០១៩ នេះនឹងមានកំណើនដូចឆ្នាំមុន ឬច្រើនលើសឆ្នាំមុនផងនៅតំបន់ខ្លះ។ វិនិយោគិនចិនបានរួមចំណែកយ៉ាងច្រើនក្នុងការជួយលើកកម្ពស់វិស័យអចលនទ្រព្យនាពេលនេះ។ សម្រាប់រយៈពេល ៣-៤ ឆ្នាំខាងមុខ ប្រសិនបើកម្ពុជានៅតែអាចរក្សាបានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អប្រសើរនោះ ខ្ញុំគិតថា តម្លៃអចលនទ្រព្យនឹងបន្តកើនឡើងជាលំដាប់។
ហេតុអ្វីបានជាវិស័យអចលនទ្រព្យនៅក្រុងប៉ោយប៉ែត ល្អជាងបាវិត?
ជារួមស្ថានភាពអចលនទ្រព្យនៅក្រុងប៉ោយប៉ែត គឺល្អជាងក្រុងបាវិត។ បើទោះបីបច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពសេដ្ឋកិច្ចនៅក្រុងបាវិតហាក់នៅយឺតជាងក្រុងប៉ោយប៉ែតបន្តិចមែនក៏ដោយប៉ុន្តែខ្ញុំជឿថា នៅពេលឆាប់ៗនេះ ក្រុងទាំង ២ នឹងរីកចម្រើនខ្លាំងប្រហាក់ប្រហែលគ្នា ព្រោះនៅពេលមានវិនិយោគចូលមកកាន់តែច្រើន នឹងធ្វើឲ្យចំនួនមនុស្សចូលទៅរស់នៅកើនឡើង ពេលនោះសកម្មភាពសេដ្ឋកិច្ចក៏នឹងរីកទៅតាមនោះដែរ។
ត្រង់ចំណុចនេះខ្ញុំអាចនិយាយថា ដោយសារក្រុងបាវិតមិនទាន់រីកចម្រើនខ្លាំងដូចក្រុងប៉ោយប៉ែត ដូច្នេះតម្លៃដីក៏នៅធូរដែរ ដែលនេះអាចជាឱកាសល្អមួយសម្រាប់វិនិយោគិនក្នុងការទិញដីសម្រាប់វិនិយោគអ្វីមួយ។
ទោះយ៉ាងណា មុនសម្រេចចិត្តវិនិយោគលើអ្វីមួយ គេត្រូវតែសិក្សាពីតម្រូវការទីផ្សារឲ្យបានច្បាស់ជាមុនសិន។
ឧទាហរណ៍ក្រុងព្រះសីហនុ ដែលកាលពី ២-៣ ឆ្នាំមុនមានកង្វះខាតកន្លែងស្នាក់នៅ ការិយាល័យ និងសណ្ឋាគារ ជាច្រើននោះ ពេលនេះតម្រូវការ និងការផ្គត់ផ្គង់ស្ទើរតែសមាមាត្រនឹងគ្នាទៅហើយ។
ជាទស្សនៈរបស់លោក តើព្រំដែនកន្លែងណានឹងក្លាយជាតំបន់បន្ទាប់ទៀត?
ខ្ញុំគិតថា ច្រកព្រំដែនព្រំរបស់ខេត្តប៉ៃលិន និងច្រកជ្រៃធំ របស់ខេត្តកណ្តាល គឺជាកន្លែងមានសក្តានុពលបន្ទាប់ពីក្រុងប៉ោយប៉ែត និងក្រុងបាវិត ខណៈបច្ចុប្បន្ននេះចរាចរណ៍ទំនិញឆ្លងកាត់ទីនោះមានកំណើនជាលំដាប់៕LA