ភ្នំពេញៈ តម្លៃដីនៅខណ្ឌចំនួន ៣ នៅទីក្រុងភ្នំពេញបានហក់ឡើងខ្ពស់ក្នុងអំឡុងពេល ៦ ខែដំបូងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីសស្ដេត។
របាយការណ៍បង្ហាញថា តម្លៃដីនៅខណ្ឌព្រែកព្នៅកើនជាង ២៦ ភាគរយនៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះចាប់ពី ២៨០ ដុល្លារទៅ ១ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េនៅឆមាសទី ១ ឆ្នាំមុនដល់ ៣០០ ដុល្លារទៅ ១ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈក្នុងសង្កាត់មួយចំនួននៅខណ្ឌដង្កោមើលឃើញតម្លៃដីកើនឡើងដល់ ២ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោក សន សៀប ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ឃី រៀលអ៊ីសស្ដេត បានឲ្យដឹងថា ខណៈតម្លៃនៅខណ្ឌទាំង ៣ កំពុងកើនឡើងយ៉ាងរហ័ស តម្លៃដីនៅកណ្ដាលទីក្រុងភ្នំពេញរក្សាដដែលធៀបនឹងឆ្នាំមុន។
លោកឲ្យដឹងថាការកើនឡើងតម្លៃនៅខណ្ឌ ២ គឺខណ្ឌព្រែកព្នៅ និងខណ្ឌដង្កោ ដោយសារតែជាតំបន់ភ្ជាប់ទៅនឹងគម្រោងផ្លូវខ្សែក្រវាត់ក្រុងទី ៣។
លោកថ្លែងថា៖ «ព្រែកព្នៅកំពុងក្លាយជាចំណុចដ៏ពេញនិយមនៃការវិនិយោគ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះនៅជិតនឹងខ្សែក្រវាត់ក្រុង ផ្លូវជាតិលេខ ៥១ និងស្ថានីយផ្លូវដែកនៅផ្សារបាត់ដឹង»។
លោកបន្ថែមថា ខណ្ឌដង្កោថ្មីៗនេះកំពុងអភិវឌ្ឍផ្លូវខ្សែក្រវាត់ក្រុងទី ៣ មហាវិថី ហ៊ុន សែន នឹងជាអគារលំនៅឋានថ្មី ខណៈគម្រោងវិនិយោគផ្សារទំនើបអ៊ីអន ៣ ក៏ស្ថិតក្នុងខណ្ឌនេះដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថាការពង្រីកទីក្រុងជាមូលហេតុដែលធ្វើឲ្យតម្លៃអចលនទ្រព្យកំពុងកើនឡើងនៅក្រៅតំបន់ទីក្រុងនេះ»។
របាយការណ៍បង្ហាញថា ខណ្ឌច្បារអំពៅគឺខណ្ឌមានតម្លៃខ្ពស់បំផុតស្ថិតក្នុងចំណោមខណ្ឌទាំង ៣ ដែលមើលឃើញតម្លៃដីកើនឡើងជិត ១៥ ភាគរយក្នុងរយៈពេល ៦ ខែនៅឆ្នាំនេះ។
ដីនៅក្នុងខណ្ឌនេះគឺនៅសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកឯងតម្លៃដីចន្លោះពី ៣០០ ទៅ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈសង្កាត់ច្បារអំពៅ ១ និងច្បារអំពៅ ២ តម្លៃដីជាមធ្យមនៅចន្លោះពី ១៣០០ ដុល្លារទៅ ៣ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
របាយការណ៍ឲ្យដឹងថាការពង្រីកបុរីប៉េងហួតនៅលើផ្ទៃដី ២០០ ហិកតាបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនទៅតំបន់នេះដែលកំពុងជំរុញតម្លៃឲ្យកើនឡើង។
លោក ប៉ូ អ៊ីវគង់ អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Advance Real Estate Co., Ltd បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា តម្លៃដីកំពុងកើនឡើងនៅក្នុងខណ្ឌទាំង ១២ ជាពិសេសផ្លូវតំបន់ដែលជាប់នឹងគម្រោងខ្សែក្រវាត់ក្រុង។
លោកថ្លែងថា៖ «កំណើនសេដ្ឋកិច្ចប្រហែល ៧ ភាគរយ ការកើនឡើងនៃការវិនិយោគបរទេសលើអចលនទ្រព្យដូចជាមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងតម្រូវការពីប្រជាជនក្នុងស្រុកសម្រាប់ការសង់ផ្ទះ និងគម្រោងបុរីគឺជាមូលហេតុនៅពីក្រោយការកើនឡើងនេះ»។
ក្នុងអំឡុងពេលនេះតម្លៃដីនៅខណ្ឌផ្សេងទៀតនៅទីក្រុងភ្នំពេញដូចជាខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌទួលគោក មានតម្លៃជាមធ្យមពី ៥ ០០០ ដុល្លារទៅ ១២ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន ឃី រៀលអ៊ីសស្ដេត៕LA