ភ្នំពេញៈ លក្ខណៈ​អំណោយផល​ដោយសារ​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ថ្មីៗ​ជាច្រើន​លេច​ឡើង​ជា​បន្តបន្ទាប់ រួម​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ING និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​នោះ​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌ​ដង្កោ​ចាប់ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៧ កើនឡើង​ប្រហែល​ ៣៥ ​​ភាគរយ​។

របាយការណ៍​ស្រាវជ្រាវ​ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ របស់​ក្រុមហ៊ុន Vtrust Appraisal បាន​បង្ហាញ​ថា ដី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២១៧ ដែល​ជា​ផ្លូវ​សំខាន់​ជាង​គេ​ក្នុង​ខណ្ឌ​ដង្កោ​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០ ​ទៅ​ ៨០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​ដែល​នៅ​ឆ្ងាយៗ​អាច​មាន​តម្លៃ​ប្រហែល​ ១០ ​ដុល្លារ​។ កន្លែង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​គឺ​តំបន់​ស្ថិត​នៅ​ជាប់​ជាមួយ​សង្កាត់​ស្ទឹងមានជ័យ និង​បឹងទំពុន ខណ្ឌ​មានជ័យ​។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal បាន​និយាយ​ថា​ឥទ្ធិពល​នៃ​ការរីកចម្រើន​ដ៏ឆាប់រហ័ស​នៃ​តំបន់​កណ្តាល​ក្រុង​ភ្នំពេញ កំពុង​សាយភាយ​មក​ដល់​តំបន់​ជាច្រើន​នៅ​ក្នុង​ខណ្ឌដង្កោ​។ សង្កាត់​ដែល​មាន​ការអភិវឌ្ឍ​លឿន​ក្នុង​ខណ្ឌ​ដង្កោ​គឺ​សង្កាត់​ដង្កោ ព្រៃស និង​សង្កាត់​ជើងឯក​។

លោក​បន្ត​ថា​បច្ចុប្បន្ន​ខណ្ឌ​ដង្កោ​បាន​ក្លាយ​ជា​តំបន់​លំនៅ​ដ៏ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ជាច្រើន​នាំ​គ្នា​ទៅ​សាងសង់​នៅ​ទី​នោះ​។

លោក ឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី បាន​ប្រាប់​ថា ខណ្ឌ​ដង្កោ​គឺជា​កន្លែង​ប្រមូលផ្តុំ​ដោយ​លំនៅ និង​រោងចក្រ​ជាច្រើន​។ ទន្ទឹម​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​កំពុង​កើតឡើង​ច្រើន​នៅ​ទី​នោះ​កន្លែង​ពុះ​ដីឡូត៍​លក់​ក៏​មាន​ច្រើន​ផង​ដែរ​។

ការស្រាវជ្រាវ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ ដង្កោ គឺជា​ខណ្ឌ​ដែល​មាន​ចំនួន​លំនៅ​ច្រើន​ជាង​គេ​លំដាប់​ទី​ ៣ នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ខណ្ឌ​ពោធិ៍សែនជ័យ និង​សែនសុខ​ដោយ​ការផ្គត់ផ្គង់​លំនៅ​បាន​កើន​ដល់​ចំនួន ១៧ ៦៦៤ យូនីត​។ សម្រាប់​ឆ្នាំ​ ២០១៨ នេះ​តាម​ការ​ព្យាករ​នឹង​មាន​លំនៅ​ថ្មី​ ៣០០០ ​យូនីត​បន្ថែម​ទៀត​នឹង​លេច​ឡើង​ក្នុង​ខណ្ឌ​ដង្កោ​៕