ក្រុងហាណូយៈ កំណើន​តម្លៃ​ដីធ្លី​ដ៏ខ្ពស់​បាន​ជះឥទ្ធិពល​ទៅ​ដល់​ប្រជុំ​កោះ Con Don ខណៈ​វិនិយោគិន​ពី​ទីក្រុង​ហូជីមិញ និង​ហាណូយ​កំពុង​ស្វែងរក​ទិញ​ដី​សម្រាប់​អភិវឌ្ឍ​ដើម្បី​ផ្តល់​សេវាកម្ម​ទេសចរណ៍​នៅ​លើ​កោះ​នេះ​។

តម្លៃ​ដី​ក៏​បាន​កើន​ឡើង​ខ្ពស់​ផង​ដែរ​នៅ​លើ​កោះ Con Dao ដែល​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏ពេញនិយម​នៅ Ba Ria ក្នុង​ខេត្ត Vung Tau​។ នេះ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​។

ប្រជាជន​ម្នាក់​បាន​ប្រាប់​ថា​តម្លៃ​ដី​បាន​កើនឡើង​តាំងពី​ចុង​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​កំពុង​ជះឥទ្ធិពល​ដល់​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​មាន​វិនិយោគិន​មកពី​ទីក្រុង​ហូជីមិញ និង​ហាណូយ​ជាច្រើន​កំពុង​បញ្ចេញ​លុយ​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ទេសចរណ៍​នៅ​លើ​កោះ​ជាហេតុ​ធ្វើឲ្យ​តម្លៃ​ដី​កើនឡើង​ជា​រៀងរាល់​ថ្ងៃ​»​។ លោក​បាន​បន្ត​ថា​៖ «​តម្លៃ​ដី​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លើ​ភ្នំ​ដែល​ភាគច្រើន​ជា​ដី​កសិកម្ម​បាន​ឡើង​ថ្លៃ​ពី​ ៦-៧ ​ដង​ដោយ​មាន​តម្លៃ​ពី​ ៤៤០០-៨៨០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​»​។

ឆ្នាំ​មុន​វិនិយោគិន​មកពី​ទីក្រុង​ហូជីមិញ​ម្នាក់​បាន​ទិញ​ដី​ ១ ​ឡូត៍​ក្នុង​តម្លៃ​ ៣ ​ពាន់​លាន​ដុង​ (១៣១៦៤២ ​ដុល្លារ​)​។

បុរស​ម្នាក់​បាន​និយាយ​ថា​៖ «​កាលពី​ពេល​ថ្មីៗ​នេះ​មាន​វិនិយោគិន​ម្នាក់​បាន​សុំ​ទិញ​ដី​នៅ​ទី​នោះ​ក្នុង​តម្លៃ​ ៨ ​ពាន់​លាន​ដុង ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​។ បើ​យោង​តាម​តម្លៃ​បច្ចុប្បន្ន​ដី​នេះ​លក់​បាន​យ៉ាង​តិច​ ១០ ​ពាន់​លាន​ដុង​»​។

តាម​បណ្តោយ​ផ្លូវធំៗ​ដូចជា Pham Van Dong, Tran Phu និង Nguyen Hue ដី​បាន​ឡើង​ថ្លៃ​កប់​ពពក​ចាប់ពី​ ៥០-៧០ ​លាន​ដុង​ (២១៩៤-៣០៧១​ ដុល្លារ​) ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

ប្រជាជន​ម្នាក់​កំពុង​រស់នៅ​លើ​កោះ​នោះ​បាន​និយាយ​ថា​គាត់​បាន​លក់​ដី​ទំហំ​ ១០០ ​ម៉ែត្រការ៉េ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ Pham Van Dong ក្នុង​តម្លៃ​ជាង​ ៣ ​ពាន់​លាន​ដុង​ (១៣១ ៦៤២ ​ដុល្លារ​) ​ទៅ​ឲ្យ​ប្តី​ប្រពន្ធ​ជនជាតិ​បារាំង និង​វៀតណាម ដែល​ចង់​វិនិយោគ​សេវា​ទេសចរណ៍​នៅ​លើ​កោះ​នេះ​។ រយៈពេល​ ៩ ​ខែ​ក្រោយ​មក មាន​វិនិយោគិន​ម្នាក់​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ ៦ ​ពាន់​លាន​ដុង ប៉ុន្តែ​ម្ចាស់​ដី​មិន​យល់​ព្រម​លក់​នៅ​ឡើយ​ទេ​។

យោង​តាម​ការិយាល័យ​ចុះ​បញ្ជី​ដីធ្លី​នៅ Con Dao បាន​ឲ្យ​ដឹង​ថា ការផ្ទេរ​កម្មសិទ្ធិ​ដី​ចំនួន​ជិត​ ១០០ ​កន្លែង​កំពុង​ធ្វើ​ឯកសារ​រក្សាទុក​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ដែល​នេះ​ជា​កំណើន​ដ៏ខ្ពស់​បើ​ធៀប​នឹង​ពេល​មុន​។

លោក Nguyen Anh Nhut អនុប្រធាន​គណៈកម្មការ Con Dao Island District People បាន​និយាយ​ថា​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទាំង​តាម​ផ្លូវ​អាកាស និង​ផ្លូវទឹក​រវាង​ដីគោក​បាន​ធ្វើឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​នៅ​លើ​កោះ​។

លោក​និយាយ​ថា​៖ «​ជា​មធ្យម​មាន​ភ្ញៀវទេសចរ​ប្រហែល​ ២០០០ ​នាក់​ធ្វើដំណើរ​មក​កាន់​កោះ​នេះ​ជា​រៀងរាល់​ថ្ងៃ​»​។

ដោយ​មើល​ឃើញ​ពី​សក្តានុពល​មាន​វិនិយោគិន​ជាច្រើន​បាន​ស្ទុះស្ទា​ទៅ​ទិញ​ដី​នៅលើ​កោះ​នេះ​ដើម្បី​បើក​ភោជនីយដ្ឋាន សណ្ឋាគារ និង​រីសត​។

លោក Nhut បញ្ជាក់​ថា​៖ «​តម្លៃ​ដី​ខ្ពស់​បំផុត​ដែល​បាន​កត់ត្រា​ទុក​គឺ​ ៤០ ​លាន​ដុង​ (១៧៥៥ ​ដុល្លារ​)​ ក្នុង​ ១ ​ម៉ែត្រការ៉េ ប៉ុន្តែ​ជាក់ស្តែង​តម្លៃ​គឺ​ខ្ពស់​ជាង​នេះ​ច្រើន​»​។

Con Dao Island District People បាន​ពន្យារ​ពេល​ចេញ​អាជ្ញាប័ណ្ណ​សាងសង់​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ថ្មីៗ​លើ​កោះ​នេះ​។ នេះ​បើ​យោង​តាម​លោក Nhut​។

លោក Nhut បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​៖ «​អាជ្ញាធរ​នឹង​គ្រប់គ្រង​ការរៀបចំ​គម្រោង និង​បទប្បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង​ដើម្បី​បង្ការ​នូវ​ការផ្ទេរសិទ្ធិ និង​សំណង់​ខុស​ច្បាប់​នានា​»​។

កង្វះខាត​ផែនការ​វិនិយោគ​វិស័យ​ទេសចរណ៍​រយៈពេល​វែង​គឺជា​មូលហេតុ​ចម្បង​ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ផងដែរ​។ នេះ​បើ​តាម​អ្វី​ដែល​អ្នក​ជំនាញ​លើក​ឡើង​ជា​ការ​ដាស់តឿន​។

អាជ្ញាធរ​លើ​កោះ Phu Quoc ក្នុង​ខេត្ត Kien Giang និង​កោះ Van don ក្នុង​ខេត្ត Quang Ninh ក៏ដូចជា​តំបន់​ឆ្នេរ Van Phong Bay ក្នុង​ខេត្ត Khanh Hoa កំពុង​ជួប​ការលំបាក​ក្នុង​ការ​គ្រប់គ្រង​ពី​ការឡើង​ថ្លៃ​ដី​លើ​កោះ​ទាំង​នេះ​។

តំបន់​ទាំង​នេះ​នឹងត្រូវ​ចាត់​ចូល​ក្នុង​តំបន់​រដ្ឋបាល​សេដ្ឋកិច្ច​ពិសេស បើ​សិន​ទទួល​ការអនុម័ត​ដោយ​សភា​ជាតិ​ក្នុង​ខែ​តុលា​ខាង​មុខ​។

ការធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ហូជីមិញ​ទៅ​កាន់​ប្រជុំ​កោះ​នេះ​មាន​រយៈពេល​ ៤៥ ​នាទី​ហើយ​ភ្ញៀវទេសចរ​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រជុំ​កោះ​នេះ​តាមរយៈ​ការ​ជិះទូក​ចេញ​ពី​ទីក្រុង Vung Tau ដែល​នឹង​ត្រូវ​ចំណាយពេល​ ១២ ​ម៉ោង​៕ Viet Nam News/ANN