ភ្នំពេញៈ ដំណើរការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ កំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញឱ្យតម្លៃដីនៅតាមបណ្តោយផ្លូវនេះកើនឡើងជាលំដាប់ បើទោះបីជំងឺកូវីដ ១៩ បានធ្វើឱ្យទីផ្សារដីធ្លីមួយចំនួនត្រូវជាប់គាំងក៏ដោយ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា។
ផ្លូវក្រវាត់ក្រុងទី ៣ (ភ្នំពេញ) ដែលមានប្រវែង ៥៣ គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ ៦ ឆ្ពោះទៅផ្លូវជាតិលេខ ៤, លេខ ៣, លេខ ២ ផ្លូវជាតិលេខ ២១ មុននឹងឆ្លងទន្លេបាសាក់ តភ្ជាប់ទៅផ្លូវជាតិលេខ ១ នេះត្រូវបានសាងសង់ឡើងជា ៤ គន្លងដែលមានទទឹងផ្លូវ ២៥ ម៉ែត្រ និងគ្រោងចំណាយថវិកា ២៧៣ លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុនបានប្រាប់សារព័ត៌មានក្នុងស្រុកថា ការសាងសង់ផ្លូវនេះសម្រេចបានជាង ៤០ ភាគរយហើយ។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃពុធថា ការរីករាលដាលជំងឺកូវីដ ១៩ មិនបានធ្វើឱ្យតម្លៃដីនៅតាមផ្លូវក្រវាត់ក្រុងទី ៣ ជាប់នៅទ្រឹងទេ ដោយតម្លៃដីជាប់ផ្លូវនាពេលនេះបានកើនក្នុងរង្វង់ ១៥-២០ ភាគរយ បើធៀបទៅនឹងចុងឆ្នាំ ២០១៩។ លោកបន្តថា បច្ចុប្បន្ននៅតាមផ្លូវនេះគេសង្កេតឃើញមានគម្រោងមួយចំនួនកំពុងចាប់ផ្តើមអភិវឌ្ឍ ដែលមានដូចជា លំនៅឋាន កន្លែងលក់ទំនិញ តំបន់ឧស្សាហកម្ម រោងចក្រ និងឃ្លាំងស្តុកទំនិញ ជាដើម។
លោកអះអាងថា៖ «ការកើនឡើងតម្លៃពេលនេះ គឺបន្ទាប់ពីសកម្មភាពនៃការសាងសង់ផ្លូវបានលេចចេញជារូបរាង និងគេអាចធ្វើចរាចរណ៍បានជាបណ្តើរៗហើយ»។
យោងតាមលោក ចណ្ណា ដីនៅតាមផ្លូវក្រវាត់ក្រុងទី ៣ ត្រូវបានចែកជា ៤ តំបន់ គឺតំបន់នៅចន្លោះពីស្ពានព្រែកព្នៅទៅដល់ផ្លូវជាតិលេខ ៤ មានតម្លៃជាមធ្យមចន្លោះពី ២០០-២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ តំបន់ចន្លោះផ្លូវជាតិលេខ ៣ និងលេខ ៤ ដីមានតម្លៃពី ១៥០-២០០ ដុល្លារ តំបន់ចាប់ពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ២១ មានតម្លៃពី ១០០-១៥០ ដុល្លារ និងចាប់ពីផ្លូវជាតិលេខ ២១ ទៅផ្លូវជាតិលេខ ១ មានតម្លៃចន្លោះពី ៥០-១០០ ដុល្លារ។
លោកបន្តទៀតថា ដោយសារក្រុងភ្នំពេញកាន់តែរីកធំនោះ ដូច្នេះតម្លៃដីនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី ៣ ក៏នឹងកើនឡើងទៅតាមនោះដែរ។
លោក សៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Cambodian Estate Alliance CEA Co., Ltd ក៏លើកឡើងផងដែរថា តម្លៃដីតាមផ្លូវក្រវាត់ក្រុងទី ៣ បានកើនឡើងច្រើនក្នុងឆ្នាំ ២០២០ នេះ ដោយកន្លែងខ្លះកើនឡើងទ្វេដងធៀបទៅនឹងចុងឆ្នាំមុន។ លោកបន្តថា ការកើនឡើងនេះ គឺកើតមាននៅគ្រប់ទីតាំងទាំងអស់ គ្រាន់តែដីនៅជាប់ផ្លូវ និងមានទំហំក្រោម ១ ហិកតាមានអត្រាកំណើនខ្ពស់ជាងគេ។
ទាក់ទងទៅនឹងអត្រាកំណើនលោក សាខុំ ពន្យល់ថា ដោយវាជាផ្លូវមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហេតុនេះការកសាងផ្លូវថ្មី គឺមានឥទ្ធិពលខ្លាំងទៅលើតម្លៃដី។ សម្រាប់តម្លៃអចលនទ្រព្យនៅតាមផ្លូវបែបនេះ គេអាចធ្វើការបែងចែកជាដំណាក់កាលសំខាន់ៗចំនួន ៣ រួមមាន ការប្រកាសពីគម្រោងសាងសង់ ការចាប់ផ្តើមសាងសង់ និងនៅពេលសាងសង់ចប់រួចរាល់។
លោកនិយាយថា៖ «តាមបទពិសោធខ្ញុំ នៅគ្រប់ដំណាក់កាលនីមួយៗសុទ្ធតែធ្វើឱ្យតម្លៃដីកើនឡើងទ្វេដង»។
ទោះយ៉ាងណា ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានអះអាងថា តម្លៃអចលនទ្រព្យនៅបណ្តោយផ្លូវក្រវាត់ក្រុងទី ៣ មិនបានឡើងខ្ពស់ទេក្នុងឆ្នាំនេះ ដោយកើនប្រហែល ៥ ភាគរយប៉ុណ្ណោះ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំតម្លៃដីធ្លីនៅតាមផ្លូវនោះកើនឡើងតិចតួចតែប៉ុណ្ណោះនៅក្នុងរយៈពេល ១ ឆ្នាំមកនេះ។ កំណើនតម្លៃតិចតួចនេះ គឺដោយសារតែតម្លៃដីបានកើនខ្ពស់រួចហើយមុនមានការផ្ទុះឡើងនៃជំងឺកូវីដ១៩»។
ផ្លូវនេះត្រូវរំពឹងថា នឹងចូលរួមចំណែកច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់៕ LA
វីដេអូ៖