ក្រុងប៉េកាំងៈ តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​សំខាន់ៗ​ទាំង​ ១០០ របស់​ប្រទេស ​ចិន បាន​បន្ត​កើនឡើង​កាលពី​ខែ​តុលា ប៉ុន្តែ​នៅក្នុង​ល្បឿន​យឺត​ជាង​មុន ដោយសារ​តម្រូវការ និង​ការផ្គត់ផ្គង់​បាន​ធ្លាក់ចុះ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។

តម្លៃ​លំនៅឋាន​ថ្មី​ជា​មធ្យម​នៅក្នុង​ទីក្រុង​ទាំងនេះ​បាន​កើនឡើង ៣,២៣ ភាគរយ​ កាលពី​ខែ​តុលា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន តែ​បាន​ធ្លាក់ចុះ​ ០,៣៣ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​កំណើន​នៅ​ខែកញ្ញា​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ដែល​បាន​ធ្វើឡើង​ដោយ China Index Academy ដែលជា​គ្រឹះស្ថាន​ស្រាវជ្រាវ​អចលនទ្រព្យ​។

បើ​គិត​ជា​មូលដ្ឋាន​ប្រចាំ​ខែ ទីក្រុង​ទាំងនោះ​បាន​មើលឃើញ​តម្លៃ​លំនៅឋាន​ថ្មី​ជា​មធ្យម​កើនឡើង ០,១៥ ភាគរយ​ ធ្លាក់ចុះ ០,១៦ ពិន្ទុ​ភាគរយ​ធៀប​នឹង​ខែកញ្ញា​។

ក្នុង​ចំណោម​ទីក្រុង​ទាំង ១០០ ដែល​បាន​ធ្វើការ​ស្ទង់មតិ ទីក្រុង​ចំនួន ៦២ បាន​មើលឃើញ​ការកើនឡើង​តម្លៃ​លំនៅឋាន​ថ្មី​នៅ​ខែតុលា ធៀប​នឹង​ខែ​កញ្ញា​ខណៈ​ដែល​ទីក្រុង​ចំនួន​ ៣២ បាន​រាយការណ៍​ការធ្លាក់​ចុះ​តម្លៃ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ដដែល​នេះ​។

តម្លៃ​លំនៅឋាន​ថ្មី​ជា​មធ្យម​នៅក្នុង​ទីក្រុង​ចិន​សំខាន់ៗ​ចំនួន ១០ ដែល​រួមមាន​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ស៊ាងហៃ​បាន​កើនឡើង ២,១៦ ​ភាគរយ​ នៅ​ខែតុលា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ធ្លាក់ចុះ​ ០,៤២ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​ខែកញ្ញា​។

កាលពី​ខែតុលា រដ្ឋាភិបាល​មូលដ្ឋាន​របស់​ប្រទេស​ ចិន ​បាន​បន្ត​អនុវត្ត​បទប្បញ្ញត្តិ​លើ​ទីផ្សារ​អចលនទ្រព្យ និង​ធ្វើឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​គាំទ្រ​លំនៅឋាន​។

ការស្ទង់មតិ​នេះ​បាន​បង្ហាញថា​ក្នុង​អំឡុង​ពេលនេះ​ទាំង​ការផ្គត់ផ្គង់ និង​តម្រូវការ​សម្រាប់​លំនៅឋាន​ថ្មី​នៅក្នុង​ទីក្រុង​សំខាន់ៗ​បាន​ធ្លាក់ចុះ​។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា​៖ «​លំនៅឋាន​គឺ​សម្រាប់​រស់នៅ មិនមែន​សម្រាប់​ការកេងចំណេញ​នោះទេ​» និង​បាន​ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការធានា​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​ល្អប្រសើរ​នៃ​ទីផ្សារ​អចលនទ្រព្យ​នេះ​៕ People''s Daily/LA